Featured ព័ត៌មានអន្តរជាតិ

បទឈប់បាញ់ក្នុងសង្រ្គាម រវាងអ៊ីស្រាអែលនិងហាម៉ាស់ នឹងអូសបន្លាយ

អន្តរជាតិ៖សារព័ត៌មាន AFP កាលពីថ្ងៃចន្ទទី២៧ ខែវិច្ឆិកាឆ្នាំ២០២៣បានផ្សាយថា រដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna បាននិយាយថា ប្រទេសរបស់លោកស្រីសង្ឃឹមថា បទឈប់បាញ់បណ្ដោះអាសន្នក្នុងសង្រ្គាម រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ នឹងត្រូវអូសបន្លាយរហូតដល់ ក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំងទាំងអស់។ ក្រុមហាម៉ាស់ កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ បានដោះលែងចំណាប់ខ្មាំងក្រុមទី៣ជាថ្នូរនឹងការដោះលែង អ្នកទោសប៉ាឡេស្ទីនចេញពីពន្ធនាគារអ៊ីស្រាអែល អំឡុងបទឈប់បាញ់ដែលបានចូលជាធរមាន កាលពីថ្ងៃសុក្រសប្ដាហ៍មុនមក។ ប៉ុន្តែអ៊ីស្រាអែលបានប្ដេជ្ញាថា ខ្លួននឹងបន្តធ្វើសង្រ្គាមនៅក្រោយបទឈប់បាញ់ រយៈពេល៤ថ្ងៃអស់សុពលភាព ដើម្បីបន្តបេសកកម្មកម្ទេចក្រុមហាម៉ាស់។

ព័ត៌មានសង្គម សន្តិសុខ

អ្នកដំណើរប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងទឹកស្រែជាមួយមូតូមួយគ្រឿង

ស្វាយរៀង៖ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងទឹកស្រែជាមួយមូតូមួយគ្រឿង។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះ មឿង សុវណ្ណដារ៉ា អាយុ២១ឆ្នាំនៅភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ម៉ូតូម៉ាកហុងដា​ផ្លាកលេខភ្នំពេញ1GJ-7807។ បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចស្រុកជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំនិងគ្រូពេទ្យ បានចុះពិនិត្យដោយបញ្ជាក់ថា សពស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ជនរងគ្រោះទំនងបើកម៉ូតូក្នុងល្បឿនលឿន ក៏រេចង្កូតដួលបោកក្បាលចូលទឹកស្រែតែម្ដង។ព្រោះលើដងខ្លួនមិនមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ជារឿងឃាតកម្មទេ។ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕  

ព័ត៌មានសង្គម សន្តិសុខ

រថយន្តដឹកក្រុមឆៃយ៉ាំ ធ្លាក់ពីលើភ្នំគូលែនធ្វើឱ្យស្លាប់៦នាក់ និងរបួសជាង១០នាក់ ​

សៀមរាប​៖តាមសេចក្តីរាយការណ៍​បឋមបានឱ្យដឹងថា ករណីរថយន្តដឹកក្រុមឆៃយ៉ាំបានបើកចុះចំណោទដ៏ខ្ពស់ក៏ធ្លាក់ពីលើភ្នំគូលែន បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និងរងរបួសជាង១០នាក់។ហេតុការណ៍នេះបានកើតឡើង នៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា។មន្ត្រីនគរបាលស្រុកស្វាយលើបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្លួនឯង ដោយមានរថយន្តដឹកក្រុមឆៃយ៉ាំ មកពីបុណ្យកឋិននៅវត្តលើភ្នំគូលែន។ពេលកំពុងបើកចុះចំណោតខ្លាំងក៏ធ្លាក់ចេញពីផ្លូវមកក្រោម បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់។ ក្នុងនោះ​ជនរងគ្រោះដែលស្លាប់ប្រុស៤នាក់ និងស្រី២នាក់។ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជាង១០នាក់។ភ្លាមៗនោះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនៃការធ្លាក់រថយន្តនៅឡើយទេ ព្រោះកម្លាំងកំពុងរវល់ជួយអន្តរាគមន៍ដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕    

ព័ត៌មានសង្គម សន្តិសុខ

នាំខ្លួនមន្ត្រីយោធាម្នាក់ទៅតុលាការ ករណីវាយសន្តិសុខឱ្យរយះក្បាលហូរឈាម

ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ករណីប្រើពិលវាយសន្តិសុខ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន និងបានកសាងសំណុំរឿងនាំខ្លួនទៅតុលាការ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។រូបភាព៖របស់នគរបាល មន្ត្រីនគរបាលខណ្ឌបានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ពាក់ព័ន្ឋករណីយកពិលវាយបុរសសន្តិសុខម្នាក់ បណ្តាលឱ្យរយះក្បាលហូរឈាមពេញខ្លួន។ជាមួយនោះជនបង្កបានទាមទារឱ្យ ជនរងគ្រោះសងថ្លៃពិលរបស់គេថែមទៀត។ប្រភពដដែលបានបន្តថា មន្ត្រីយោធារូបនោះឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំជាសន្តិសុខ យាមប្រចាំការនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ជាប់ធានាគារ ABA ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១។ មុនកើតហេតុមានរថយន្តម៉ាកតូយូតាធុនរ៉ា ផ្លាកលេខភ្នំពេញ2BF-1127 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ក៏បុករបងហើយឈប់រថយន្តប្រុងដើរចេញ។ភា្លមនោះបុរសសន្តិសុខបានសួរនាំត្រូវមន្ត្រីយោធាស្លៀកពាក់ស៊ីវិល វាយក្បាលសន្តិសុខមួយពិលឱ្យរយះហូរឈាមតែម្តង។ បន្ទាប់មកសមត្ថកិច្ចបានចុះអន្តរាគមន៍ ត្រូវមន្ត្រីយោធារូបនោះស្រែកជេរប្រមាទ និងគំរាមបាញ់ទៀតផង។ប៉ុន្តែទោះយ៉ាងណាជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជួនបន្តតាមនីតិវិធី៕      

ព័ត៌មានសង្គម សន្តិសុខ

តារាភាពយន្តពេជ្រ ភារុណ អតីតស្វាមីនាងអម្ពរទេវី បានមរណភាព

ភ្នំពេញ៖តាមការបង្ហោះសារលើបណ្តាញសង្គម ហ្វេសប៊ុករបស់អ្នកនាង អម្ពរទេវី ត្រូវជាអតីតភរិយា អតីតតារាសម្តែងក្នុងខ្សែភាពយន្ត អំឡុងទសវត្សទី៨០-៩០ លោកពេជ្រ ភារុណ ថាបានទទួលមរណភាព។ ក្រោយមានដំណឹងថា​ លោកពេជ្រ ភារុណ អតីតតារាសម្តែងបានទទួលមរណភាព ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រ កាលពីលោកនៅសម្តែងខ្សែភាពយន្ត អំឡុងទសវត្សទី៨០-៩០នោះ បានរន្ធត់និងស្លុតចិត្តខ្លាំងណាស់ ព្រោះសោកស្តាយនិងអាណិតស្រណោះបំផុត។តាមការបង្ហោះសាររបស់អ្នកនាង អម្ពរទេវី បានបង្ហោះសារមុននេះ ខណៈដែលអ្នកសិល្បៈជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយ និងមិនគួរជឿដែលអតីតតារាសម្តែងរូបនេះបានបាត់មុខពីសិល្បៈជាយូរមកនេះ។ប៉ុន្តែក្នុងសាររបស់អ្នកនាង អម្ពរទេវីមិនបានបញ្ជាក់ថា លោកពេជ្រ ភារុណស្លាប់ដោយអ្វីទេ។ពិធីបុណ្យសពនៃអតីតតារាសម្តែង និងជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ ដ៏ល្បីឈ្មោះកាលពីរាប់ទសវត្សរ៍មុនរូបនេះ ត្រូវបានធ្វើឡើងនៅវត្តទួលអស់លោក ក្នុងខណ្ឌឬស្សីកែវដោយបូជាភ្លាមៗព្រោះមានត្រឹមតែសាច់ញាតិ៣ទៅ៤នាក់ចូលរួមប៉ុណ្ណោះ។ ដោយកូនប្រុសស្រីរបស់លោកកំពុងរស់នៅសហរដ្ឋអាមេរិក។គួរបញ្ជាក់ដែរថា លោកពេជ្រ ភារុណ ត្រូវបានគេចាត់ទុកថាជាតារាសម្តែង ដែលស្ថិតក្នុងជួរតារាល្បីៗឯទៀតដូចជា លោកទេពរិនដារ៉ូ-លោកខៃ ប្រសិទ្ធ-យុត្ថារ៉ាឆានី-ហមឈរ៉ា និងយសបូវណ្ណៈជាដើម កាលអំឡុងដែលខ្សែភាពយន្តខ្មែរ កំពុងទទួលបានការគាំទ្រពីទស្សនិកជនក្នុងទសវត្សទី៨០-៩០។ ពេលនេះលោកពេជ្រ ភារុណ អាចស្ថិតក្នុងវ័យប្រប្រមាណជាជិត៧០ឆ្នាំ។ លោកពេជ្រ ភារុណ គេសង្កេតគ្មានវត្តមានក្នុងខ្សែភាពយន្តខ្មែរនាសម័យនេះជាយូរមកហើយ។ ខណៈតារាជើងចាស់មួយចំនួននៅតែបន្តបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍នៅឡើយ។ តែទោះជាយ៉ាងណាលោកធ្លាប់បន្សល់ទុកស្នាដៃសម្តែងជាច្រើន ដក់ជាប់ក្នុងដួងចិត្តទស្សនិកជនខ្មែរស្ទើរគ្រប់រូប៕

ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​​វាយឆ្មក់​យ៉ាង​សាហាវ​នៅ​តំបន់ West Bank ចំ​ពេល​មាន​បទ​ឈប់​បាញ់​នៅ​ហ្គាហ្សា

អន្តរជាតិ៖តាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឱ្យដឹងកាលពីថ្ងៃអាទិត្យទី២៦ ខែវិច្ឆិកាថា  កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៨នាក់ រួមទាំងកុមារម្នាក់ផងដែរនៅតំបន់ West Bank ដែលត្រូវបានកាន់កាប់។ មន្ត្រីក្រសួងដដែលបាននិយាយទៀតថា អ៊ីស្រាអែលបានបាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន៥នាក់នៅក្នុងទីក្រុង Jenin កាលពីល្ងាចថ្ងៃសៅរ៍ និងដើមថ្ងៃអាទិត្យ។ជាមួយនោះបានសម្លាប់មនុស្ស៣នាក់ទៀតនៅកន្លែងផ្សេងនៅ West Bank ។ ក្នុងនោះជនជាតិប៉ាឡេស្ទីនចំនួន៦នាក់ផ្សេងទៀតបានរងរបួស ក្នុងការវាយឆ្មក់របស់អ៊ីស្រាអែលនៅទីក្រុង Jenin។ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានវាយលុក Jenin ពីទិសដៅជាច្រើនដោយបានបាញ់គ្រាប់កាំភ្លើង និងជុំវិញមន្ទីរពេទ្យរដ្ឋាភិបាល និងទីស្នាក់ការកណ្តាលនៃសង្គមអឌ្ឍចន្ទក្រហម។ ការវាយឆ្មក់នេះបានកើតឡើង បើទោះបីជាមានបទឈប់បាញ់រយៈពេល៤ថ្ងៃ រវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ប៉ាឡេស្ទីន ក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដែលហែកហួរដោយសង្រ្គាម ធ្វើឱ្យប្រជាជនប៉ាឡេស្ទីនជិត១៥.០០០នាក់ រួមទាំងកុមារជាង៦.០០០នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល៕សហការី

កម្សាន្ត ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

ពលរដ្ឋចូលរួមកម្សាន្តក្នុងឱកាសបុណ្យអុំទូក ថ្ងៃទី១ប្រមាណជាង១លាននាក់

ភ្នំពេញ​៖ប្រជាពលរដ្ឋបានចូលរួមកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១មានចំនួនប្រមាណ១លាន២សែននាក់។ តាម​ការឱ្យដឹងពីអគ្គស្នងការដ្ឋាន​នគរបាលជាតិ​បានឱ្យដឹងថា​ ថ្ងៃទី១នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដោយប្រជាពលរដ្ឋបានមកចូលរួមកម្សាន្ត យ៉ាងសម្បាយរីករាយប្រមាណ១លាន២សែននាក់ ។ប្រភពដដែលបានឱ្យដឹងទៀត​ថា​ ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្ងៃទី១ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៣នេះមានទូក ង ចូលរួមប្រកួតចំនួន ៣៣៨ទូក និងទូកអន្តរជាតិចំនួន១៣៧ទូក។ ក្នុងនោះរួមមាន​-ទូកអុំបុរសចំនួន១៥៨ទូក-ទូកចែវបុរស៤២ទូក-ទូកចែវនារី៣ទូក។

Featured ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល​​ទម្លាក់​គ្រាប់បែកប្រមាណ៤០.០០០​តោន ​នៅ​ហ្គាហ្សាស្ទ្រីប​ចាប់​​ពី​ថ្ងៃ​ទី​៧​តុលា​មក

អន្តរជាតិ៖ប្រព័ន្ធផ្សព្វផ្សាយនៃរដ្ឋាភិបាលតំបន់ហ្គាហ្សាបានឱ្យដឹងកាលពីថ្ងៃទី២៦ ខែវិច្ឆិកាថា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកប្រមាណ៤០.០០០តោនលើតំបន់ហ្គាហ្សាស្ទ្រីបចាប់តាំងពីថ្ងៃទី៧ ខែតុលាឆ្នាំ២០២៣ ជាមួយនឹងគោលដៅជាក់ស្តែងក្នុងការធ្វើឱ្យតំបន់នេះមិនមានមនុស្សរស់នៅ។លោក Salama Maarouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយបានចេញសេចក្តីថ្លែងការណ៍មួយនៅលើ Telegram នៅថ្ងៃទី៣ នៃការផ្អាកមនុស្សធម៌បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ដែលបានចូលជាធរមាននៅព្រឹកថ្ងៃសុក្រ។ លោក Marouf បាននិយាយថា “កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលបានទម្លាក់គ្រឿងផ្ទុះចំនួន ៤០.០០០តោននៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ខែតុលា ហើយភាពឃោរឃៅនៃការកាន់កាប់ដោយកងកម្លាំង។មួយភាគ៣នៃចំនួនប្រជាជននៅតំបន់ហ្គាហ្សាស្ទ្រីប មិនទាន់ទទួលបានការផ្គត់ផ្គង់សំខាន់ៗនៅឡើយ ហើយអវត្តមាននៃស្ថាប័នអន្តរជាតិទាំងអស់ គឺបង្ហាញឱ្យឃើញយ៉ាងច្បាស់ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិធ្វើសកម្មភាព៕ដោយ៖សហការី

ព័ត៌មានសង្គម សន្តិសុខ

បញ្ជូនជនសង្ស័យ១៧នាក់ទៅតុលាការ ករណីប្រើអាវុធខុសច្បាប់ និងគ្រឿងញៀន

ព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាបានស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យចំនួន១៧នាក់។ក្រុមនេះពាក់ព័ន្ធករណីប្រើអាវុធខុសច្បាប់និងគ្រឿងញៀន នៅស្រុកកំពង់សីលា និងក្រុងព្រះសីហនុ ហើយត្រូវបានបញ្ជូនទៅតុលាការ។សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវ ឈានដល់ការបង្ក្រាបបទល្មើស ដោយចាប់ក្រុមជនសង្ស័យប្រុសស្រីចំនូន១៧នាក់ និងវត្ថុតាងជាច្រើន។ក្នុងនោះមានម្សៅសថ្លាចំនួន២៨កញ្ចប់-ទូរសព្ទ១២គ្រឿង-ដបជក់៦-បារីអេឡិចត្រូនិច៤កញ្ចប់-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៣-ដាវ១-ម៉ូតូ៣គ្រឿង-អាវុធខ្លីកែច្នៃ១ដើម-បង់១មានគ្រាប់ចំនួន១០គ្រាប់ និងថង់វេចខ្ចប់គ្រឿងញៀន។បន្ទាប់ពីឃាត់ខ្លួននិងសាកសួររួចរាល់ កម្លាំងអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង១៧នាក់ ជាមួយវត្ថុតាងទៅតុលាការខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕      

ព័ត៌មានសង្គម សន្តិសុខ

ភ្លើងឆេះបំផ្លាញផ្ទះចំនួន៣ខ្នង និងទ្រព្យសម្បតិ្តអស់គ្មានសល់

បាត់ដំបង​៖​ភ្លើងបានឆេះផ្ទះចំនួន៣ខ្នង ជាមួយទ្រព្យសម្បតិ្តអស់គ្មានសល់។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅក្រុមទី១០ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា។មន្ត្រីនគរបាល​​បានឱ្យដឹងថា​ ផ្ទះដែលរងការខូចខាតចំនួន៣ខ្នងនោះ ម្ចាស់ឈ្មោះ រីចន្ធី ភេទស្រី អាយុ៥៥ឆ្នាំ។ផ្ទះទំហំ៥មគុណ៧ម សង់ពី​ឈើ​លើ​ថ្មក្រោម ដំបូងស័ង្កសី សម្ភារប្រើប្រាស់ និងម៉ូតូ១គ្រឿង ត្រូវភ្លើងឆេះគ្មានសល់។ ឈ្មោះ សម សុស្ថាបនា ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះទំហំ៥មគុណ៧ម សង់ពីឈើលើ ថ្មក្រោម ដំបូងស័ង្កសី និងសម្ភារប្រើប្រាស់ឆេះអស់គ្មានសល់។ឈ្មោះ ម៉ី ម៉ៃ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះទំហំ៥មគុណ៧ម សង់ពីឈើ ដំបូលស័ង្កសី ផ្ទះនេះឆេះមួយផ្នែក។       ពេល​កើត​ហេតុ​សមត្ថកិច្ច​បានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៥-៦គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងមិនឱ្យភ្លើងឆេះរាលដាបន្តទៀត។ ក្រោយមកសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា មូលហេតុបង្កឱ្យឆេះផ្ទះនេះអាចមកពីឆ្លងចរន្តអគ្គិសនី៕