ភ្នំពេញ៖អគ្គិសនីកម្ពុជាបានចេញសេចក្តីជូនដំណឹងស្តីពីការជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីនៃអគ្គិសនីកម្ពុជា។ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលទៅតាមពេលវេលានិងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក្តី។ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗចៀសមិនផុតដែលខាងអគ្គិសនីកម្ពុជាសុំអភ័យទោសទុកជាមុន។បច្ចុប្បន្ន ក្រុមការងារបច្ចេកទេសបានភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅតាមពេលវេលាកំណត់។ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕
ព័ត៌មានសង្គម
បើកយុទ្ធនាការកាត់ឈ្វៀលដីជូនប្រជាពលរដ្ឋនៅភូមិអភិវឌ្ឍន៍
ព្រះវិហារ៖អភិបាលខេត្តព្រះវិហារលោក គីម រិទ្ធី ព្រឹកថ្ងៃទី១ ខែមិថុនាឆ្នាំ២០២៣នេះ បានចុះជួបសំណេះសំណាលនិងបើកយុទ្ធនាការកាត់ឈ្វៀលដីជូនប្រជាពលរដ្ឋនៅភូមិអភិវឌ្ឍន៍ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុង/ខេត្តព្រះវិហារដោយមានការចូលរួមពីអាជ្ញាធរនិងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីដែលត្រូវកាត់ឈ្វៀលជាច្រើនរូប។លោក គីម រិទ្ធី អភិបាលខេត្តបានឱ្យដឹងថា នៅភូមិអភិវឌ្ឍន៍នេះកាលពីដើមគឺស្ថិតនៅក្នុងគម្រោងព្រៃអភិវឌ្ឍន៍របស់បរិស្ថាន។តែលោកបានស្នើសុំរាជរដ្ឋាភិបាល និងបានទទួលការអនុញាតដើម្បីកាត់ឈ្វៀលដីចេញពី គម្រោងដីព្រៃរបស់បរិស្ថាន និងវាស់វែងចេញបណ្ឌកម្មសិទ្ធជូនប្រជាពលរដ្ឋ ដែលស្ថិតក្នុងតំបន់ភូមិអភិវឌ្ឍន៍នេះ។អភិបាលខេត្តក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់មេត្តាចុះកំណត់ និងដាក់ព្រំឱ្យបាន ច្បាស់លាស់ និងសហការជាមួយក្រុមការងារដើម្បីងាយស្រួលក្នុងការចុះវាស់វែង។ បន្ថែមពីនេះ សូមបងប្អូនត្រូវចេះយោគយល់អធ្យាស្រ័យគ្នា ដែលមានព្រំដី ជាប់គ្នាដើម្បីកុំឱ្យមានបញ្ហាក្នុងការវាស់វែង បើព្រំដីមានបញ្ហាគឺក្រុមការងារមិនអាចវាស់វែងជូនបាននោះទេ៕ញ៉ែមសុផល
ត្រៀមបញ្ជូនជនសង្ស័យ៨នាក់ទៅតុលាការករណីប្លន់នៅផ្សារស្ទឹងមានជ័យកាលពីជាង១០ថ្ងៃមុន
ភ្នំពេញ៖សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យចំនួន៨នាក់ពាក់ព័ន្ធករណីប្លន់អ្នកលក់មាសនៅផ្សារស្ទឹងមានជ័យកាលពីជាង១០ថ្ងៃមុនត្រៀមបញ្ជូនទៅតុលាការ។សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណីប្លន់យកកាបូប មានមាសចំនួន១២ដំឡឹង-ផ្លាកទីនទឹក៣និងទឹក៧ចំនួនជា១០០ដំឡឹងនិងប្រាក់ជាងមួយលានរៀលនៅម្តុំក្រោយផ្សារស្ទឹងមានជ័យចាស់ ក្នុងភូមិថ្មី ខណ្ឌមានជ័យ។ (រូបភាពរបស់នគរបាល) ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងនិងរ៉ឺម៉កម៉ូតូ១គ្រឿង ប្រដាប់ដោយអាវុធខ្លី៤ដើម។ជនល្មើសបានធ្វើសកម្មភាពប្លន់ពេលជនរងគ្រោះកំពុងដើរស្ពាយកាបូប បានសម្រេចរួច ជិះម៉ូតូគេចខ្លួនបាត់អស់។កម្លាំងនគរបាលភ្នំពេញបន្តស្រាវជ្រាវដល់ថ្ងៃទី៣០ ខែឧសភា បានចាប់ជនសង្ស័យចំនួន៨នាក់ជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ-ខេត្តកណ្តាល-ខេត្តកំពង់ស្ពឺនិងខេត្តកំពង់ចាម។ជនសង្ស័យ៨នាក់មានអាយុពី៣១ដល់៥៥ឆ្នាំនៅខណ្ឌបឹងកេងកងភ្នំពេញ-ខណ្ឌកំបូលភ្នំពេញ-ក្រុងតាខ្មៅខេត្តកណ្តាល-ស្រុកថ្ពងខេត្តកំពង់ស្ពឺ-ខណ្ឌមានជ័យភ្នំពេញនិងស្រុកព្រៃឈរខេត្តកំពង់ចាម។ពេលចាប់ខ្លួនសត្ថកិច្ចដកហូតអាវុធខ្លីម៉ាកK៥៩លេខ០៩១៥ចំនួន១ដើមនិងបង់១ -អាវុធខ្លីម៉ាកK៥៩លេខ ១២៨៧ចំនួន១ដើមនិងបង់ចំនួន១ -អាវុធខ្លីម៉ាកK៥៩លេខ៥៣២២ចំនួន១ ដើមនិងបង់១-អាវុធខ្លីម៉ាកCF៩៨លេខ ០០៥៧២៩០៧២៣៦ ចំនួន១ដើមនិងបង់២ -គ្រាប់អាវុធខ្លីម៉ាកK៥៩ចំនួន១០គ្រាប់-គ្រាប់អាវុធខ្លីម៉ាកCF៩៨ចំនួន១៨គ្រាប់-ទូរសព្ទ៤គ្រឿង-ម៉ូតូម៉ាកហុងដាហ្ស៊ូមមើផ្លាកលេខ១V-៩៦៣១-ម៉ូតូម៉ាកហុងដាឃ្លីកផ្លាកលេខភ្នំពេញ១០-២១៦២-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាសផ្លាកលេខភ្នំពេញ១GK-៧២៧៧ និងរ៉ឺម៉កម៉ូតូគ្មានផ្លាកលេខ១ គ្រឿង។វត្ថុតាងចាប់បាន-គ្រឿងអលង្ការពណ៌លឿងស្លេកមួយចំនួនដូចជា-ខ្សែក,ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក។បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងត្រៀមបញ្ជួនទៅតុលាការដើម្បីចាត់ការបន្ត៕
រថយន្តធំឆ្លងផ្លូវត្រូវរថយន្តដឹកកម្មកររោងចក្របុករងរបួស១៤នាក់
តាកែវ៖រថយន្តធំសណ្តោងរ៉ឺម៉កកំពុងបើកឆ្លងផ្លូវ ស្រាប់តែរថយន្តដឹកកម្មការិនីរោងចក្របុកពីចំហៀងពេញទំហឹង បណ្តាលឱ្យមានអ្នករងរបួស១៤នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីម៉ោង៧ព្រឹកថ្ងៃទី៣០ ខែឧសភានេះ។មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា អ្នករងរបួសចំនួន១៤នាក់ជាកម្មការិនីរោងចក្រមានអាយុពី២៨ដល់៥៦ឆ្នាំនៅឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។មន្ត្រីដដែលបានបន្តថា មុនកើតហេតុរថយន្តម៉ាកស្ដេលីងសណ្តោងរ៉ឺម៉ក ផ្លាកលេខភ្នំពេញ 3C-3319 បើកពីកើតទៅលិចឆ្លងផ្លូវជាតិលេខ៣។ ពេលនោះ រថយន្តដឹកកម្មកររោងចក្រ ម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខ កំពត 2A-2524 បើកពីត្បូងទៅជើង ដោយឈ្មោះ ម៉ាង រ៉ាម៉ន អាយុ៣១ឆ្នាំនៅភូមិ ឃុំខាងលើ។ពេលមានឧបស័គ្គខាងមុខចាប់ហ្វ្រាំងមិនទាន់ ក៏បុកផ្ទប់នឹងរថយន្តធំកំពុងឆ្លងនោះពេញទំហឹង បណ្តាលឱ្យកម្មការិនីទាំង១៤នាក់រងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកអ្នកបើកបររថយន្តបង្កបានចុះគេចខ្លួនបាត់។ពេលនេះ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បី បំពេញសំណុំរឿងបញ្ជូនបន្ត៕
អ្នកគ្រូបង្រៀនវិទ្យាល័យម្នាក់មានវិបត្តិផ្ទាល់ខ្លួនសម្រេចចិត្តចងកបញ្ចប់ជីវិត
ភ្នំពេញ៖អ្នកគ្រូបង្រៀននៅវិទ្យាល័យម្នាក់ត្រូវក្រុមគ្រួសារបានអះអាងថា បានខ្ចីលុយតាមអនឡាញចំនួន១.៥០០ដុល្លារ ហើយបំណុលនោះដោះស្រាយមិនចេញសម្រេចចិត្តចងកសម្លាប់ខ្លួន។ហេតុការណ៍នេះបានកើតឡើងនៅផ្សារគីឡូម៉ែត្រលេខ៤ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី២៩ ខែឧសភា។ស្ត្រីដែលធ្វើអត្តឃាតអាយុ៤៤ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យមួយ រស់នៅផ្ទះកន្លែងខាងលើ។អត្តឃាតជនបានយកក្រមាចងកភ្ជាប់ទៅនឹងបង្កាន់ដៃឡៅតឿបន្ទាប់ពីត្រឡប់មកពីសាលាសង្កាត់ដោះស្រាយរឿងបំណុល។ក្រុមគ្រួសារបានឱ្យដឹងថា កន្លងមកអ្នកគ្រូបានជំពាក់លុយគេតាមអនឡាញចំនួន១.៥០០ដុល្លារបងប្អូនបានជួយជាច្រើនដង។តែនៅជាប់បំណុលគេទៀតហើយម្ចាស់បំណុលតែងមកទារលុយជាញឹកញាប់ថែមទាំងគំរាមកំហែងទៀតផង។ប្រភពបានបន្តថា ដោយសារតែបំណុលកាលពីថ្ងៃទី២ ខែឧសភាអ្នកគ្រូបានព្យាយាមយកកាំបិតអារដៃ និងចាក់ពោះប៉ងសម្លាប់ខ្លួនតែត្រូវបានជួយទាន់។នៅថ្ងៃទី២៨ ខែឧសភាអ្នកគ្រូព្យាយាមទិញថ្នាំកណ្តុរមកផឹកសម្លាប់ខ្លួនតែមិនបានសម្រេច។លុះថ្ងៃទី២៩ ខែឧសភាអ្នកគ្រូបានចងកសម្លាប់ខ្លួនស្លាប់តែម្តង៕
បិទវគ្គហ្វឹកហ្វឺនបំប៉នការងារនាយ នាយរងអាវុធហត្ថខេត្តឆមាសទី១
ព្រះវិហារ៖បិទវគ្គហ្វឹកហ្វឺនបំប៉នការងារ ការរក្សាសណ្តាប់ធ្នាប់ ដល់នាយ នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហាឆមាសទី១ឆ្នាំ២០២៣។ ពិធីនេះក្រោមអធិបតីភាពឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារនៅរសៀថ្ងៃទី៣០ ខែឧសភានេះដោយមានការចូលរួមពីលោកកង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមន្ត្រីចំណុះខេត្តខេត្តព្រះវិហារ ។លោកកង សៅគុណបានថ្លែងថា ដើម្បីលើកកម្ពស់សមត្ថភាពយល់ដឹងបន្ថែមអំពីតួនាទី ភារកិច្ច លើការបំពេញបេសកកម្មទាំងចំណេះដឹង ចំណេះធ្វើលើមុខវិជ្ជាយោធា មុខវិជ្ជាជំនាញអាវុធហត្ថ ។ធ្វើឱ្យនាយទាហាននាយទាហានរងកងរាជអាវុធហត្ថខេត្តព្រះវិហារ មានស្មារតីទទួលខុសត្រូវ គោរពច្បាប់ ក្រមសីលធម៌ គុណធម៌មានមនសិការការងារនឹងអត្តចរឹតស្លូតត្រង់ ដើម្បីពង្រឹងសមត្ថភាពដឹកនាំបញ្ជា អនុវត្តន៍ច្បាប់ប្រកបទៅដោយប្រសិទ្ឋភាពនឹងសម្រេចបានជោគជយ័គ្រប់ភារកិច្ចជូនជាតិមាតុភូមិ។លោកគីម រិទ្ឋ បានថ្លែងការកោតសរសើរចំពោះកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានបំពេញតួនាទីភារកិច្ចបានល្អប្រសើរជូនជាតិមាតុភូមិ។ អភិបាលខេត្តបានបន្តថា ដាច់ខាតការពារឱ្យបាននូវសុខសន្តិភាព កងកម្លាំងប្រដាប់អាវុធ បង្កើតលើងក្នុងគោលបំណង ការពាររក្សាសណ្តាប់ធ្នាប់សង្គម ការពារជាតិ សាសនាព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ការពារដ្ឋធម្មនុញ ការពារភាពសុខសាន្តជូនប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ។ ក្រៅពីភារកិច្ចស្នូល នៅមានភារកិច្ចសំខាន់ជាច្រើនទៀត ដូចជាជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិ កន្លងមកកម្លាំងរបស់យើងបានជួយបង្កបង្កើនផលប្រជាពលរដ្ឋដែលខ្វះកម្លាំងពលកម្មជាដើម ៕សៅវ៉ាន់ឌី
បញ្ជូនក្រុមប្លន់ម៉ូតូនិងអ្នកទិញផលចោរកម្ម៩នាក់ទៅតុលាការ
ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ក្រាបក្រុមប្លន់ម៉ូតូនិងអ្នកទទួលផលចោរកម្មសរុបចំនួន៩នាក់ បញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យ៩នាក់ត្រូវកម្លាំងជំនាញស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីពួកគេប្លន់យកម៉ូតូពីជនរងគ្រោះបានសម្រេចនៅផ្លូវ38K ភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៦ ខែឧសភា។ជនរងគ្រោះឈ្មោះស័យ្យ ពន្លឺ អាយុ២៦ឆ្នាំមុខរបរដឹកអីវ៉ាន់អនឡាញ នៅភូមិសាមគ្គី៣ ខណ្ឌពោធិ៍សែនជ័យ។ក្រោយពីមានករណីកាប់វាយប្លន់យកម៉ូតូរួចមកកម្លាំងខណ្ឌជាមួយនគរបាលប៉ុស្តិ៍ បានស្រាវជ្រាវចាប់មុខសញ្ញានិងបក្ខពួកបានចំនួន៥នាក់ ស្ថិតនៅភូមិចម្ការឪឡឹក២សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ។បន្ទាប់មកតាមចាប់បក្ខពួក៣នាក់ទៀត នៅសង្កាត់ក្រាំងធ្នង់ខណ្ឌសែនសុខ។ រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែឧសភានេះបន្តចាប់អ្នកទទួលទិញផលចោរកម្មម្នាក់ទៀតនិងដកហូតម៉ូតូមួយគ្រឿង។បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕
ស្ត្រីម្នាក់ចេញពីហូបអាហារដើរសំដៅរថយន្តត្រូវចោរឆក់យកកាបូបទៅបាត់
ភ្នំពេញ៖ស្ត្រីម្នាក់ចេញពីកន្លែងហូបអាហាររួចក៏ដើរសំដៅរថយន្តវិញ ត្រូវចោរបានជិះម៉ូតូមកឆក់កាបូបលុយនិងសម្ភារមានតម្លៃយកទៅបាត់។ ករណីនេះកើតនៅផ្លូវព្រះមុន្នីវង្ស កែងផ្លូវ ២៤០ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញកាលពី ម៉ោង៣ទៀបភ្លឺថ្ងៃទី៣០ ខែឧសភា ។ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុនាងបានចេញពីកន្លែងហូបអាហាររួចក៏ដើរសំដៅរថយន្ត។ពេលនោះស្រាប់តែមានចោរម្នាក់មាឌធំ ជិះម៉ូតូម៉ាកHonda click160 ពណ៌ខ្មៅ មកឆក់យកកាបូបពីដៃនាងបានសម្រេច រួចបើករត់គេចខ្លួនបាត់តាមផ្លូវលេខ៤២។ភ្លាមនោះស្ត្រីរងគ្រោះ បានឱ្យអ្នកជិតខាងជួយរាយការណ៍ប្រាប់សមត្ថកិច្ចផង។ក្រោយមកបន្តិចសមត្ថកិច្ចបានមកដល់ ក៏បាននាំទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍បឹងរាំង ដើម្បីកំណត់មុខសញ្ញាជនសង្ស័យខាងលើ យកមកចាត់ការតាមច្បាប់៕
ដាក់គុកជនសង្ស័យចាក់សម្លាប់មន្ត្រីនគរបាលម្នាក់នៅបុរីកីឡាជិត១ឆ្នាំមុន
ភ្នំពេញ៖តុលាការភ្នំពេញកាលពីល្ងាចថ្ងៃទី២៨ ខែឧសភាបានឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារប ពីបទប្រើកាំបិតចុងស្រួចចាក់សម្លាប់មន្ត្រីនគរបាលម្នាក់នៅបុរីកីឡាជិត១ឆ្នាំមុន។ ករណីជនសង្ស័យបានប្រព្រឹត្ត នៅភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២កន្លងទៅ។លុះដល់រសៀលថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៣ត្រូវកម្លាំងនគរបាលក្រសួងមហាផ្ទៃស្រាវជ្រាវទើបចាប់ជនសង្ស័យបាន។នៅថ្ងៃទី២៥ ខែឧសភាឆ្នាំ២០២៣ កម្លាំងបានបញ្ជូនជនដៃដល់ទៅតុលាការដើម្បីចាត់ការតាមច្បាប់។ សមត្ថកិច្ចបានឱ្យដឹងដោយរំលឹកថា កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២២ ជនល្មើសឈ្មោះ សាន ចាន់គឹមហុង អាយុ២២ឆ្នាំបានប្រើកាំបិតចុងស្រួចចាក់សម្លាប់មន្ត្រីនគរបាលម្នាក់ឈ្មោះ យឺន សំណាង ហៅសំណាង អាយុ ៥៦ឆ្នាំ។ ក្រោយប្រព្រឹត្តអំពើឃាតកម្មរួច ជនដៃដល់បានរត់គេចខ្លួនបាត់។ក្រោយមកកម្លាំងក្រសួងមហាផ្ទៃបានស្រាវជ្រាវចាប់ជនសង្ស័យឈ្មោះ សាន ចាន់គឹមហុង ពីបទឃាតកម្មតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៤៨៧“ក១”.ដ.ច.ន ចុះថ្ងៃទី១៥ ខែធ្នូឆ្នាំ២០២២របស់ចៅក្រុមស៊ើបសួរតុលាការភ្នំពេញ។បច្ចុប្បនតុលាការបានឃុំខ្លួនជនសង្ស័យរូបនេះដាក់ពន្ធនាគារបណ្តោះអាសន្នរង់ចាំបើកសវនាការពេលក្រោយ៕
កំពុងស៊ើបអង្កេតករណីស្ត្រីម្នាក់ប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង
ភ្នំពេញ៖បន្ទាប់មានករណីស្ត្រីម្នាក់ធ្វើអត្តឃាតដោយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង ដែលគេសង្ស័យកាំភ្លើងរបស់ប្តីជាមន្ត្រីនគរបាលនោះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត។ហេតុការណ៍បង្ករភ្ញាក់ផ្អើលបានកើតឡើងនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែឧសភា។ សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីធ្វើអត្តឃាត ឈ្មោះ ឡុង ចាន់នី អាយុ៤០ឆ្នាំ។ប្តីឈ្មោះ យ៉ែម ប៊ុនធឿន អាយុ៤៦ឆ្នាំជាមន្ត្រីនគរបាលមានកូនប្រុសម្នាក់និង ស្រី២នាក់ក្នុងបន្ទុក។ប្រភពបានបន្តថា អត្តឃាតជនគេប្រទះឃើញស្លាប់ក្នុងបន្ទប់ ដោយមានស្នាមគ្រាប់កាំភ្លើង ដែលគេសង្ស័យ យកកាំភ្លើងខ្លីរបស់ប្ដីជាមន្ត្រីនគរបាល មកបាញ់សម្លាប់ខ្លួនឯង ព្រោះតែមានវិបត្តិផ្លូវចិត្តអាចផ្ដើមចេញពីរឿងប្រចណ្ឌ។កន្លងមកស្ត្រីខាងលើតែងតែប្រចណ្ឌនិងចោទប្រកាន់ប្ដីថា មានស្រីថ្មីក្បត់ចិត្តធ្វើឱ្យការរស់នៅមិនសូវចុះសម្រុងគ្នា។រហូតដល់ព្រឹកថ្ងៃទី២៩ ខែឧសភាពេលប្តីក្រោកពីដេកហើយចេញក្រៅសង្ស័យប្រពន្ធទៅយកកាំភ្លើងប្តីទុកក្នុងរថយន្តមកបាញ់ខ្លួនឯង បណ្តាលឱ្យស្លាប់ក្នុងបន្ទប់ដេកតែម្ដង។ ក្រោយពេលកើតហេតុ កម្លាំងនគរបាលមូលដ្ឋាននិងសមត្ថកិច្ចស្ថាបនជំនាញពាក់ព័ន្ធបានចុះពិនិត្យកន្លែងកើតហេតុ។ជុំវិញករណីស្ត្រីធ្វើអត្តឃាតដោយប្រើកាំភ្លើងបាញ់ប្រហារខ្លួនឯងនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត៕