ស្វាយរៀង៖ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ ស្លាប់ក្នុងទឹកស្រែជាមួយមូតូមួយគ្រឿង។ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះបានកើតឡើងលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។សមត្ថកិច្ចបានឱ្យដឹងថា បុរសដែលបាត់បង់ជីវិតឈ្មោះ មឿង សុវណ្ណដារ៉ា អាយុ២១ឆ្នាំនៅភូមិកណ្ដាល ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ម៉ូតូម៉ាកហុងដាផ្លាកលេខភ្នំពេញ1GJ-7807។ បន្ទាប់ពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចស្រុកជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំនិងគ្រូពេទ្យ បានចុះពិនិត្យដោយបញ្ជាក់ថា សពស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។ជនរងគ្រោះទំនងបើកម៉ូតូក្នុងល្បឿនលឿន ក៏រេចង្កូតដួលបោកក្បាលចូលទឹកស្រែតែម្ដង។ព្រោះលើដងខ្លួនមិនមានស្នាកស្នាមអ្វីគួរឱ្យកត់សម្គាល់ជារឿងឃាតកម្មទេ។ក្រោយធ្វើកោសល្យវិច័យរួច សមត្ថកិច្ចបានប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
សន្តិសុខ
រថយន្តដឹកក្រុមឆៃយ៉ាំ ធ្លាក់ពីលើភ្នំគូលែនធ្វើឱ្យស្លាប់៦នាក់ និងរបួសជាង១០នាក់
សៀមរាប៖តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ករណីរថយន្តដឹកក្រុមឆៃយ៉ាំបានបើកចុះចំណោទដ៏ខ្ពស់ក៏ធ្លាក់ពីលើភ្នំគូលែន បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ និងរងរបួសជាង១០នាក់។ហេតុការណ៍នេះបានកើតឡើង នៅស្រុកស្វាយលើ ខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា។មន្ត្រីនគរបាលស្រុកស្វាយលើបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងខ្លួនឯង ដោយមានរថយន្តដឹកក្រុមឆៃយ៉ាំ មកពីបុណ្យកឋិននៅវត្តលើភ្នំគូលែន។ពេលកំពុងបើកចុះចំណោតខ្លាំងក៏ធ្លាក់ចេញពីផ្លូវមកក្រោម បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់។ ក្នុងនោះជនរងគ្រោះដែលស្លាប់ប្រុស៤នាក់ និងស្រី២នាក់។ ចំណែកអ្នករងរបួសធ្ងន់មានប្រមាណជាង១០នាក់។ភ្លាមៗនោះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណជនរងគ្រោះ និងមូលហេតុនៃការធ្លាក់រថយន្តនៅឡើយទេ ព្រោះកម្លាំងកំពុងរវល់ជួយអន្តរាគមន៍ដឹកជញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់៕
នាំខ្លួនមន្ត្រីយោធាម្នាក់ទៅតុលាការ ករណីវាយសន្តិសុខឱ្យរយះក្បាលហូរឈាម
ភ្នំពេញ៖កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ ករណីប្រើពិលវាយសន្តិសុខ បណ្តាលឱ្យរយះក្បាលហូរឈាមស្រោចខ្លួន និងបានកសាងសំណុំរឿងនាំខ្លួនទៅតុលាការ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។រូបភាព៖របស់នគរបាល មន្ត្រីនគរបាលខណ្ឌបានឱ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនមន្ត្រីយោធាម្នាក់ពាក់ព័ន្ឋករណីយកពិលវាយបុរសសន្តិសុខម្នាក់ បណ្តាលឱ្យរយះក្បាលហូរឈាមពេញខ្លួន។ជាមួយនោះជនបង្កបានទាមទារឱ្យ ជនរងគ្រោះសងថ្លៃពិលរបស់គេថែមទៀត។ប្រភពដដែលបានបន្តថា មន្ត្រីយោធារូបនោះឈ្មោះ ហ៊ូ សុធា អាយុ៥២ឆ្នាំស្នាក់នៅភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ចំណែកជនរងគ្រោះឈ្មោះ អ៊ុម កួក អាយុ៤៧ឆ្នាំជាសន្តិសុខ យាមប្រចាំការនៅច្រកចូលបុរីពិភពថ្មី ត្រពាំងថ្លឹង ជាប់ធានាគារ ABA ស្ថិតក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១។ មុនកើតហេតុមានរថយន្តម៉ាកតូយូតាធុនរ៉ា ផ្លាកលេខភ្នំពេញ2BF-1127 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹង ក៏បុករបងហើយឈប់រថយន្តប្រុងដើរចេញ។ភា្លមនោះបុរសសន្តិសុខបានសួរនាំត្រូវមន្ត្រីយោធាស្លៀកពាក់ស៊ីវិល វាយក្បាលសន្តិសុខមួយពិលឱ្យរយះហូរឈាមតែម្តង។ បន្ទាប់មកសមត្ថកិច្ចបានចុះអន្តរាគមន៍ ត្រូវមន្ត្រីយោធារូបនោះស្រែកជេរប្រមាទ និងគំរាមបាញ់ទៀតផង។ប៉ុន្តែទោះយ៉ាងណាជនបង្ក ត្រូវសមត្ថកិច្ចឃាត់ខ្លួន ហើយកសាងសំណុំរឿងបញ្ជួនបន្តតាមនីតិវិធី៕
តារាភាពយន្តពេជ្រ ភារុណ អតីតស្វាមីនាងអម្ពរទេវី បានមរណភាព
ភ្នំពេញ៖តាមការបង្ហោះសារលើបណ្តាញសង្គម ហ្វេសប៊ុករបស់អ្នកនាង អម្ពរទេវី ត្រូវជាអតីតភរិយា អតីតតារាសម្តែងក្នុងខ្សែភាពយន្ត អំឡុងទសវត្សទី៨០-៩០ លោកពេជ្រ ភារុណ ថាបានទទួលមរណភាព។ ក្រោយមានដំណឹងថា លោកពេជ្រ ភារុណ អតីតតារាសម្តែងបានទទួលមរណភាព ក្រុមគ្រួសារ មិត្តភក្តិ និងអ្នកគាំទ្រ កាលពីលោកនៅសម្តែងខ្សែភាពយន្ត អំឡុងទសវត្សទី៨០-៩០នោះ បានរន្ធត់និងស្លុតចិត្តខ្លាំងណាស់ ព្រោះសោកស្តាយនិងអាណិតស្រណោះបំផុត។តាមការបង្ហោះសាររបស់អ្នកនាង អម្ពរទេវី បានបង្ហោះសារមុននេះ ខណៈដែលអ្នកសិល្បៈជាច្រើនបានបង្ហាញអារម្មណ៍សោកស្តាយ និងមិនគួរជឿដែលអតីតតារាសម្តែងរូបនេះបានបាត់មុខពីសិល្បៈជាយូរមកនេះ។ប៉ុន្តែក្នុងសាររបស់អ្នកនាង អម្ពរទេវីមិនបានបញ្ជាក់ថា លោកពេជ្រ ភារុណស្លាប់ដោយអ្វីទេ។ពិធីបុណ្យសពនៃអតីតតារាសម្តែង និងជាម្ចាស់ហាងកាត់ដេរសម្លៀកបំពាក់ ដ៏ល្បីឈ្មោះកាលពីរាប់ទសវត្សរ៍មុនរូបនេះ ត្រូវបានធ្វើឡើងនៅវត្តទួលអស់លោក ក្នុងខណ្ឌឬស្សីកែវដោយបូជាភ្លាមៗព្រោះមានត្រឹមតែសាច់ញាតិ៣ទៅ៤នាក់ចូលរួមប៉ុណ្ណោះ។ ដោយកូនប្រុសស្រីរបស់លោកកំពុងរស់នៅសហរដ្ឋអាមេរិក។គួរបញ្ជាក់ដែរថា លោកពេជ្រ ភារុណ ត្រូវបានគេចាត់ទុកថាជាតារាសម្តែង ដែលស្ថិតក្នុងជួរតារាល្បីៗឯទៀតដូចជា លោកទេពរិនដារ៉ូ-លោកខៃ ប្រសិទ្ធ-យុត្ថារ៉ាឆានី-ហមឈរ៉ា និងយសបូវណ្ណៈជាដើម កាលអំឡុងដែលខ្សែភាពយន្តខ្មែរ កំពុងទទួលបានការគាំទ្រពីទស្សនិកជនក្នុងទសវត្សទី៨០-៩០។ ពេលនេះលោកពេជ្រ ភារុណ អាចស្ថិតក្នុងវ័យប្រប្រមាណជាជិត៧០ឆ្នាំ។ លោកពេជ្រ ភារុណ គេសង្កេតគ្មានវត្តមានក្នុងខ្សែភាពយន្តខ្មែរនាសម័យនេះជាយូរមកហើយ។ ខណៈតារាជើងចាស់មួយចំនួននៅតែបន្តបង្ហាញមុខ តាមកញ្ចក់ទូរទស្សន៍នៅឡើយ។ តែទោះជាយ៉ាងណាលោកធ្លាប់បន្សល់ទុកស្នាដៃសម្តែងជាច្រើន ដក់ជាប់ក្នុងដួងចិត្តទស្សនិកជនខ្មែរស្ទើរគ្រប់រូប៕
បញ្ជូនជនសង្ស័យ១៧នាក់ទៅតុលាការ ករណីប្រើអាវុធខុសច្បាប់ និងគ្រឿងញៀន
ព្រះសីហនុ៖កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកាបានស្រាវជ្រាវឈានដល់ចាប់ជនសង្ស័យចំនួន១៧នាក់។ក្រុមនេះពាក់ព័ន្ធករណីប្រើអាវុធខុសច្បាប់និងគ្រឿងញៀន នៅស្រុកកំពង់សីលា និងក្រុងព្រះសីហនុ ហើយត្រូវបានបញ្ជូនទៅតុលាការ។សមត្ថកិច្ចបានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តផ្នែកជំនាញប្រឆាំងគ្រឿងញៀន បានស្រាវជ្រាវ ឈានដល់ការបង្ក្រាបបទល្មើស ដោយចាប់ក្រុមជនសង្ស័យប្រុសស្រីចំនូន១៧នាក់ និងវត្ថុតាងជាច្រើន។ក្នុងនោះមានម្សៅសថ្លាចំនួន២៨កញ្ចប់-ទូរសព្ទ១២គ្រឿង-ដបជក់៦-បារីអេឡិចត្រូនិច៤កញ្ចប់-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន៣-ដាវ១-ម៉ូតូ៣គ្រឿង-អាវុធខ្លីកែច្នៃ១ដើម-បង់១មានគ្រាប់ចំនួន១០គ្រាប់ និងថង់វេចខ្ចប់គ្រឿងញៀន។បន្ទាប់ពីឃាត់ខ្លួននិងសាកសួររួចរាល់ កម្លាំងអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង១៧នាក់ ជាមួយវត្ថុតាងទៅតុលាការខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕
ភ្លើងឆេះបំផ្លាញផ្ទះចំនួន៣ខ្នង និងទ្រព្យសម្បតិ្តអស់គ្មានសល់
បាត់ដំបង៖ភ្លើងបានឆេះផ្ទះចំនួន៣ខ្នង ជាមួយទ្រព្យសម្បតិ្តអស់គ្មានសល់។គ្រោះអគ្គិភ័យនេះបានកើតឡើងនៅក្រុមទី១០ ភូមិស្លាកែត សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា។មន្ត្រីនគរបាលបានឱ្យដឹងថា ផ្ទះដែលរងការខូចខាតចំនួន៣ខ្នងនោះ ម្ចាស់ឈ្មោះ រីចន្ធី ភេទស្រី អាយុ៥៥ឆ្នាំ។ផ្ទះទំហំ៥មគុណ៧ម សង់ពីឈើលើថ្មក្រោម ដំបូងស័ង្កសី សម្ភារប្រើប្រាស់ និងម៉ូតូ១គ្រឿង ត្រូវភ្លើងឆេះគ្មានសល់។ ឈ្មោះ សម សុស្ថាបនា ភេទប្រុស អាយុ៤២ឆ្នាំ ផ្ទះទំហំ៥មគុណ៧ម សង់ពីឈើលើ ថ្មក្រោម ដំបូងស័ង្កសី និងសម្ភារប្រើប្រាស់ឆេះអស់គ្មានសល់។ឈ្មោះ ម៉ី ម៉ៃ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះទំហំ៥មគុណ៧ម សង់ពីឈើ ដំបូលស័ង្កសី ផ្ទះនេះឆេះមួយផ្នែក។ ពេលកើតហេតុសមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន៥-៦គ្រឿងដើម្បីជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងមិនឱ្យភ្លើងឆេះរាលដាបន្តទៀត។ ក្រោយមកសមត្ថកិច្ចជំនាញបានសន្និដ្ឋានថា មូលហេតុបង្កឱ្យឆេះផ្ទះនេះអាចមកពីឆ្លងចរន្តអគ្គិសនី៕
ជិះម៉ូតូលឿនជ្រុលបុករថយន្តចតចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់
ភ្នំពេញ៖បុរសម្នាក់បានជិះម៉ូតូយ៉ាងលឿន ជ្រុលបុករថយន្តដឹកស៊ីម៉ងត៍ចតចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅផ្លូវក្រវាត់ក្រុងទី៣ ក្នុងភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ លី ម៉េងហួត អាយុ៤៧ឆ្នាំរងរបួសធ្ងន់ មានទីកំណើតនៅឃុំទ្រៀល ស្រុកបារាយណ៍ខេត្តកំពង់ធំ។ មុនកើតហេតុគេបានឃើញរថយន្តហ៊ីយ៉ាន់ដាយដឹកស៊ីម៉ងត៍កំពុងចតចិញ្ចើមផ្លូវ។ពេលនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្គូបពីផ្លាកលេខភ្នំពេញ1JT-7012 យ៉ាងលឿនក៏ជ្រុលបុករថយន្តនោះពីក្រោយ ពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់តែម្តង។បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានរថយន្តក្រុមសង្គ្រោះ៧១១ នៃកងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកម៉ូតូនិងរថយន្តត្រូវសមត្ថកិច្ចពិនិត្យ វាស់វែងនិងយកទៅទុកដើម្បីបន្តនីតិវិធី៕
ទណ្ឌិត៥៣៨នាក់ បានលើកលែងទោស ឱកាសបុណ្យឯករាជ្យជាតិ និងបុណ្យអុំទូក
ភ្នំពេញ៖ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកានេះ លោកបណ្ឌិតគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងតាមប្រព័ន្ធបណ្ដាញតេឡេក្រាមថា “ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៣”។“យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត សម្រាប់ពិធីបុណ្យទាំង២នេះ សរុបចំនួន៥៣៨នាក់ក្នុងនោះស្រី៤៣នាក់”។ លោកបណ្ឌិត គឹមសន្តិភាព បានបញ្ជាក់ថា “ការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតសម្រាប់ពិធីបុណ្យទាំង២នេះរួមមាន-ការបន្ថយទោស៣ខែចំនួន៣៩១នាក់ស្រី៣១នាក់។ បន្ថយទោស៦ខែ១៣២នាក់ស្រី១០នាក់។ បន្ថយទោស៩ខែ១២នាក់ស្រីម្នាក់។បន្ថយទោស១២ខែម្នាក់។បន្ថយទោសមួយជីវិតមកនៅត្រឹម៣០ឆ្នាំម្នាក់។លើកលែងទោសស្ត្រីម្នាក់ជាករណីមនុស្សធម៌ ដោយទណ្ឌិតមានជំងឺមហារីកដំណាក់កាលចុងក្រោយ។ជាមួយគ្នានេះ “ខ្ញុំសូមបញ្ជាក់ជូនជាថ្មីថា គណៈកម្មការជាតិមិនលើកយកមកពិនិត្យពិចារណានោះឡើយ ចំពោះសំណើរទាំងឡាយណាទាក់ទងនឹងទណ្ឌិតដែលបានប្រព្រឹត្តអំពើដូចជា ១៖ ចំពោះបទល្មើសទូទៅ-ឧក្រិដ្ឋជនគ្រឿងញៀន-អំពើសាហាវយង់ឃ្នង-ករណីមិនរាងចាល-ប្រព្រឹត្តលើជនរងគ្រោះដែលជាសាច់ញាតិឬសហព័ទ្ធ-ប្រព្រឹត្តលើជនរងគ្រោះជាមន្ត្រីរាជការឬមន្ត្រីសាធារណៈ-ទណ្ឌិតធ្លាប់ទទួលបានការបន្ធូរបន្ថយទោសម្តងរួចមកហើយ។ ២៖ចំពោះបទល្មើសរំលោភផ្លូវភេទ-ជនរងគ្រោះជាអនីតិជនអាយុក្រោម១៤ឆ្នាំ-ជនរងគ្រោះជាជនមានវិបល្លាសស្មារតីឬពិការ-ជនរងគ្រោះជាសាច់សាលោហិត-ករណីរំលោភបូក-ករណីប៉ុនប៉ងឬបៀតបៀនកេរ្តិ៍ខ្មាស លើជនរងគ្រោះជាសាច់សាលោហិត”៕ដោយ៖សហការី
តខ្សែភ្លើងរួចរាយទៅវាលស្រែឆក់ត្រី ប៉ះចំដំណរឆ្លងចរន្តឆក់ស្លាប់ភ្លាម
ភ្នំពេញ៖បុរសម្នាក់បានត ខ្សែភ្លើងហើយរាយទៅវាលស្រែដើម្បីឆក់ត្រី តែអកុសក៏បះចំដំណរ បណ្តាលឱ្យឆ្លងចរន្តឆក់ស្លាប់មួយរំពេច អ្នកភូមិមិនអាចជួយសង្គ្រោះទាន់។ហេតុការណ៍នេះបានកើតឡើងនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា បុរសដែលស្លាប់ឈ្មោះ សួន វិច្ឆិកា អាយុ៣១ឆ្នាំស្នាក់នៅភូមិឃុំខាងលើ។មុនកើតហេតុជនរងគ្រោះបានតខ្សែភ្លើងរួចរាយទៅវាលស្រែក្បែរផ្ទះដើម្បីឆក់ត្រី។ពេលកំពុងរាយខ្សែភ្លើងស្រាប់តែប៉ះចំខ្សែមានតំណរបណ្តាលឱ្យឆ្លងចរន្តភ្លើងក៏ឆក់ស្លាប់តែម្តង។ភ្លាមនោះអ្នកភូមិឃើញក៏នាំគ្នារត់ទៅជួយ ដោយដកខ្សែភ្លើងដើម្បីសង្គ្រោះ តែអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។បន្ទាប់មកសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់សពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕
បើកសវនាការ ករណីបាញ់សម្លាប់ប្រពន្ធកាលពីជិត២ឆ្នាំមុន
ភ្នំពេញ៖តុលាការរាជធានីភ្នំពេញ ថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ២០២៣ បានបើកសវនាការសាកសួរជនជាប់ចោទ ដែលបានបាញ់សម្លាប់ប្រពន្ធ កាលពីជិត២ឆ្នាំមុន។ ក្រោយពីបញ្ចប់សវនាការសាកសួរជនជាប់ចោទរួចមក ចៅក្រមក្រុមប្រឹក្សាជំនុំជម្រះ បានកំណត់យកថ្ងៃទី១៣ខែធ្នូខាងមុខដើម្បីប្រកាសសាលក្រម។ជនត្រូវចោទឈ្មោះ ជា អូន អាយុ២៥ឆ្នាំនៅភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ចំណែកប្រពន្ធដែលប្តីសម្លាប់ឈ្មោះ នូ សុខនីតា ហៅ ស៊ីវអេង អាយុ២២ឆ្នាំនៅផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។គួររំលឹកថា កាលពីថ្ងៃទី១៣ ខែមិថុនាឆ្នាំ២០២២ តុលាការរាជធានីភ្នំពេញ បានឃុំខ្លួនជនសង្ស័យករណីប្រើកាំភ្លើងខ្លីបាញ់សម្លាប់ប្រពន្ធនៅខណ្ឌមានជ័យដាក់គុកបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ “ឃាតកម្មគិតទុកជាមុនតាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ”។ពេលចាប់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាង អាវុធខ្លី១ដើមម៉ាកK59 រលប់លេខ-បង់១-គ្រាប់១គ្រាប់-កាំបិតហូត១-ម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមផ្លាកលេខកណ្តាល1D-5011។ករណីបាញ់សម្លាប់ប្រពន្ធនេះបានកើតឡើងនៅផ្ទះលេខ១៤០៣A ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២២ ៕