Featured ព័ត៌មានសង្គម

ភ្នំពេញនិង​ខេត្ត​កណ្ដាលអគ្គិសនី​មានការរអាក់រអួលខ្លះពីថ្ងៃទី១​ដល់​​ទី​៤​មិថុនា​

ភ្នំពេញ​៖​អគ្គិសនីកម្ពុជា​បានចេញសេចក្តីជូនដំណឹងស្តីពីការជួសជុល ផ្លាស់ប្តូរ ដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីនៃអគ្គិសនីកម្ពុជា។ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ ខែមិថុនាឆ្នាំ២០២៣ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាលទៅតាមពេលវេលានិងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ទោះជាមានការខិតខំថែរក្សាមិនឱ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំក្តី។ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗចៀសមិនផុតដែលខាងអគ្គិសនីកម្ពុជាសុំអភ័យទោសទុកជាមុន។បច្ចុប្បន្ន​ ក្រុមការងារបច្ចេកទេស​បានភ្ជាប់ចរន្តជូនអតិថិជនឱ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅតាមពេលវេលាកំណត់។​ អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកលោកស្រី មេត្តាជ្រាបជាព័ត៌មាន៕

Featured ព័ត៌មានសង្គម សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យ៨នាក់ទៅតុលាការករណីប្លន់នៅផ្សារស្ទឹងមានជ័យកាលពីជាង១០ថ្ងៃមុន

ភ្នំពេញ៖សមត្ថកិច្ចបានស្រាវជ្រាវចាប់ជនសង្ស័យចំនួន៨នាក់ពាក់ព័ន្ធករណីប្លន់អ្នកលក់មាសនៅផ្សារស្ទឹងមានជ័យកាលពីជាង១០ថ្ងៃមុនត្រៀមបញ្ជូនទៅតុលាការ។សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ មានករណីប្លន់យកកាបូប មានមាសចំនួន១២ដំឡឹង-ផ្លាកទីនទឹក៣និងទឹក៧ចំនួនជា១០០ដំឡឹងនិងប្រាក់ជាងមួយលានរៀលនៅម្តុំក្រោយផ្សារស្ទឹងមានជ័យចាស់ ក្នុងភូមិថ្មី ខណ្ឌមានជ័យ។ (រូបភាពរបស់នគរបាល) ករណីនេះបង្កឡើងដោយជនសង្ស័យចំនួន៥នាក់ជិះម៉ូតូ២គ្រឿងនិងរ៉ឺម៉កម៉ូតូ១គ្រឿង ប្រដាប់ដោយអាវុធខ្លី៤ដើម។ជនល្មើសបានធ្វើសកម្មភាពប្លន់ពេលជនរងគ្រោះកំពុងដើរស្ពាយកាបូប បានសម្រេចរួច ជិះម៉ូតូគេចខ្លួនបាត់អស់។កម្លាំងនគរបាលភ្នំពេញបន្តស្រាវជ្រាវដល់ថ្ងៃទី៣០ ខែឧសភា បានចាប់ជនសង្ស័យចំនួន៨នាក់ជាបន្តបន្ទាប់នៅរាជធានីភ្នំពេញ-ខេត្តកណ្តាល-ខេត្តកំពង់ស្ពឺនិងខេត្តកំពង់ចាម។ជនសង្ស័យ៨នាក់មានអាយុពី៣១ដល់៥៥ឆ្នាំនៅខណ្ឌបឹងកេងកងភ្នំពេញ-ខណ្ឌកំបូលភ្នំពេញ-ក្រុងតាខ្មៅខេត្តកណ្តាល-ស្រុកថ្ពងខេត្តកំពង់ស្ពឺ-ខណ្ឌមានជ័យភ្នំពេញនិងស្រុកព្រៃឈរខេត្តកំពង់ចាម។ពេលចាប់ខ្លួនសត្ថកិច្ចដកហូតអាវុធខ្លីម៉ាកK៥៩លេខ០៩១៥ចំនួន១ដើមនិងបង់១ -អាវុធខ្លីម៉ាកK៥៩លេខ ១២៨៧ចំនួន១ដើមនិងបង់ចំនួន១ -អាវុធខ្លីម៉ាកK៥៩លេខ៥៣២២ចំនួន១ ដើមនិងបង់១-អាវុធខ្លីម៉ាកCF៩៨លេខ ០០៥៧២៩០៧២៣៦ ចំនួន១ដើមនិងបង់២ -គ្រាប់អាវុធខ្លីម៉ាកK៥៩ចំនួន១០គ្រាប់-គ្រាប់អាវុធខ្លីម៉ាកCF៩៨ចំនួន១៨គ្រាប់-ទូរសព្ទ៤គ្រឿង-ម៉ូតូម៉ាកហុងដាហ្ស៊ូមមើផ្លាកលេខ១V-៩៦៣១-ម៉ូតូម៉ាកហុងដាឃ្លីកផ្លាកលេខភ្នំពេញ១០-២១៦២-ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាសផ្លាកលេខភ្នំពេញ១GK-៧២៧៧ និងរ៉ឺម៉កម៉ូតូគ្មានផ្លាកលេខ១ គ្រឿង។វត្ថុតាងចាប់បាន-គ្រឿងអលង្ការពណ៌លឿងស្លេកមួយចំនួនដូចជា-ខ្សែក,ចិញ្ចៀន,ខ្សែដៃ,បន្តោងខ្សែក។បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងត្រៀមបញ្ជួនទៅតុលាការដើម្បីចាត់ការបន្ត៕

Featured ព័ត៌មានសង្គម សន្តិសុខ

រថយន្តធំឆ្លងផ្លូវត្រូវរថយន្តដឹកកម្មកររោងចក្របុករងរបួស១៤នាក់

តាកែវ៖រថយន្តធំសណ្តោងរ៉ឺម៉កកំពុងបើកឆ្លងផ្លូវ ស្រាប់តែរថយន្តដឹកកម្មការិនីរោងចក្របុកពីចំហៀងពេញទំហឹង បណ្តាលឱ្យមានអ្នករងរបួស១៤នាក់។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ កាលពីម៉ោង៧ព្រឹកថ្ងៃទី៣០ ខែឧសភានេះ។មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា អ្នករងរបួសចំនួន១៤នាក់ជាកម្មការិនីរោងចក្រមានអាយុពី២៨ដល់៥៦ឆ្នាំនៅឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។មន្ត្រីដដែលបានបន្តថា មុនកើតហេតុរថយន្តម៉ាកស្ដេលីងសណ្តោងរ៉ឺម៉ក ផ្លាកលេខភ្នំពេញ 3C-3319 បើកពីកើតទៅលិចឆ្លងផ្លូវជាតិលេខ៣។ ពេលនោះ រថយន្តដឹកកម្មកររោងចក្រ ម៉ាកហ៊ីយ៉ាន់ដាយផ្លាកលេខ កំពត 2A-2524 បើកពីត្បូងទៅជើង ដោយឈ្មោះ ម៉ាង រ៉ាម៉ន អាយុ៣១ឆ្នាំនៅភូមិ ឃុំខាងលើ។ពេលមានឧបស័គ្គខាងមុខចាប់ហ្វ្រាំងមិនទាន់ ក៏បុកផ្ទប់នឹងរថយន្តធំកំពុងឆ្លងនោះពេញទំហឹង បណ្តាលឱ្យកម្មការិនីទាំង១៤នាក់រងរបួសត្រូវបានសមត្ថកិច្ចបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ចំណែកអ្នកបើកបររថយន្តបង្កបានចុះគេចខ្លួនបាត់។ពេលនេះ រថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅទុកនៅអធិការដ្ឋាននគរបាលស្រុកបាទីដើម្បី បំពេញសំណុំរឿងបញ្ជូនបន្ត៕

Featured ព័ត៌មានសង្គម សន្តិសុខ

កំពុងស៊ើបអង្កេតករណីស្ត្រី​ម្នាក់ប្រើកាំភ្លើងខ្លី​បាញ់សម្លាប់ខ្លួនឯង

​ភ្នំពេញ៖បន្ទាប់មានករណីស្ត្រីម្នាក់ធ្វើអត្តឃាតដោយប្រើកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនឯង ដែលគេសង្ស័យកាំភ្លើងរបស់ប្តីជាមន្ត្រីនគរបាលនោះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត។ហេតុការណ៍បង្ករភ្ញាក់ផ្អើលបានកើតឡើងនៅភូមិក្រាំងដូនទៃ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាទៀបភ្លឺថ្ងៃទី២៩ ខែឧសភា។ សមត្ថកិច្ចបានឱ្យដឹងថា ស្ត្រីធ្វើអត្តឃាត ឈ្មោះ ឡុង ចាន់នី អាយុ៤០ឆ្នាំ។ប្តីឈ្មោះ យ៉ែម ប៊ុនធឿន អាយុ៤៦ឆ្នាំជាមន្ត្រីនគរបាលមានកូនប្រុសម្នាក់និង ស្រី២នាក់ក្នុងបន្ទុក។​ប្រភពបានបន្តថា អត្តឃាតជន​​​គេប្រទះឃើញស្លាប់ក្នុងបន្ទប់ ដោយមានស្នាមគ្រាប់កាំភ្លើង ដែល​គេ​សង្ស័យ​ ​យក​កាំភ្លើងខ្លី​របស់​ប្ដី​ជា​មន្ត្រី​នគរបាល ​មក​បាញ់​សម្លាប់​ខ្លួនឯង ព្រោះតែ​មាន​វិ​បត្តិ​ផ្លូវចិត្ត​អាច​ផ្ដើម​ចេញពី​រឿង​ប្រចណ្ឌ។កន្លង​មក​ស្ត្រី​ខាងលើ​តែងតែ​ប្រចណ្ឌ​និង​ចោទប្រកាន់​ប្ដី​​ថា ​មាន​ស្រី​ថ្មី​ក្បត់ចិត្ត​ធ្វើ​ឱ្យការ​រស់នៅ​មិនសូវ​ចុះសម្រុង​គ្នា​។​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែឧសភា​ពេល​​ប្តី​ក្រោក​ពី​ដេក​ហើយ​ចេញ​ក្រៅ​សង្ស័យ​​ប្រពន្ធ​ទៅ​យក​កាំភ្លើង​ប្តី​ទុក​ក្នុង​រថយន្ត​មកបាញ់​​ខ្លួនឯង បណ្តាល​ឱ្យ​ស្លាប់​ក្នុង​បន្ទប់ដេក​តែ​ម្ដង​។ ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាលមូលដ្ឋាននិងសមត្ថកិច្ចស្ថាបនជំនាញពាក់ព័ន្ធបានចុះពិ​និត្យ​កន្លែង​កើតហេតុ​។ជុំវិញករណី​​​ស្ត្រីធ្វើអត្តឃាតដោយប្រើកាំភ្លើងបាញ់ប្រហារខ្លួនឯងនេះសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត៕

Featured ព័ត៌មានសង្គម សន្តិសុខ

អាវុធហត្ថនាំចិន៤នាក់យកទៅសាកសួរក្រោយចាប់មនុស្សបញ្ចូលរថយន្ត

ព្រះ​សីហ​នុ៖កម្លាំង​កងរាជអាវុធហត្ថ​ បាន​នាំ​បុរសជនជាតិចិន​៤​នាក់​យក​ទៅ​សាកសួរ​ ក្រោយមានរូបភាពបង្ហាញពីការ ចាប់បង្ខំមនុស្សរុញបញ្ចូលទៅក្នុងរថយន្តទំនើបមួយគ្រឿង។ករណី​នេះបានកើតឡើងនៅមុខសណ្ឋាគារមួយក្នុងភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីថ្ងៃទី២៧ ឧសភាឆ្នាំ២០២៣។មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ក្រោយមានរូបភាពបង្ហាញពីការ ចាប់បង្ខំមនុស្សរុញបញ្ចូលទៅក្នុងរថយន្ត កម្លាំងជំនាញបាន​ឃាត់ខ្លួន​ជនជាតិ​ចិន​​ចំនួន​៤​នាក់​យកទៅ​សាកសួរ។ក្រុមនេះបាន​បាន​ឆ្លើយ​ថា បុរសដែលចាប់បញ្ចូលឡានជា​ដៃគូ​​ផឹកស៊ីជាមួយគ្នា។ពេលស្រវឹង​ពួកគេហៅ​​ទៅ​ផ្ទះ​វិញ តែ​បុរស​រូប​នោះ​មិន​ព្រមទៅក៏​បង្ខំចិត្ត​ចាប់​រុញ​ចូល​ក្នុង​រថយន្ត​តែ​ម្ដង។ការឆ្លើយរបស់ក្រុមចិននេះជា​ជំហាន​ដំបូង​​ប៉ុណ្ណោះ។មន្ត្រីអាវុធហត្ថខេត្តបាន​បញ្ជាក់​​ថា បើ​ទោះជា​យ៉ាងណា​កម្លាំង​ជំនាញ​​នៅ​តែ​បន្ត​ការ​ស្រាវជ្រាវ​សាកសួរបន្ថែម​ទៀត។​ប្រភពដដែលបានបន្តថា បន្ទាប់ពី​​ឃាត់ខ្លួន​មនុស្ស​៤​នាក់​នោះ កម្លាំងជំនាញបាន​រក​ឃើញ​កាំភ្លើងខ្លី​មួយ​ដើម​រួម​និង​វត្ថុ​តាង​ជា​ច្រើន​ទៀត។ប៉ុន្តែ​​មិន​​អាច​បញ្ជាក់​បាន​ថា ​កាំភ្លើង​ដែល​​រក​ឃើញ​នេះ​វា​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណីបទល្មើសឬយ៉ាងណាទេ៕

Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនឧក្រិដ្ឋជន៣នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀនជាង២៤៦គីឡូទៅតុលាការ 

ភ្នំពេញ៖កម្លាំងជំនាញបានចាប់ឧក្រិដ្ឋជន៣នាក់ សង្ស័យពាក់ព័ន្ធជួញដូរគ្រឿងញៀនឆ្លងដែន និងរឹបអូសវត្ថុតាងជាង២៤៦គីឡូក្រាម ត្រូវបញ្ជូនទៅតុលាការអនុវត្តតាមច្បាប់។ សមត្ថកិច្ចបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២២និង២៥ ខែឧសភាឆ្នាំ២០២៣ កម្លាំងជំនាញបានបង្ក្រាបក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែនពីឡាវចូលមកកម្ពុជា ជាបន្តបន្ទាប់នៅ៤គោលដៅផ្សេងគ្នា។ទី១-ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យចាប់ជនសង្ស័យម្នាក់។ទី២-នៅស្ថានីយ៍ប្រេងឥន្ទនៈ PTT ផ្លូវសហព័ន្ធរុស្សី ខណ្ឌពោធិ៍សែនជ័យ ចាប់ជនសង្ស័យម្នាក់។ទី៣-នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។គោលដៅទី៤-នៅបុរីពិភពថ្មី ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូលចាប់ជនសង្ស័យម្នាក់។លទ្ធផលសមត្ថកិច្ចចាប់បានវត្ថុតាងគ្រឿងញៀនច្រើនប្រភេទសរុបទម្ងន់២៤៦គីឡូ៥១០ក្រាម។ក្នុងនោះជនសង្ស័យ៣នាក់ឈ្មោះ សុខ ណារ៉ុង អាយុ ២៩ឆ្នាំ-ឈ្មោះ ឆៃយិត សេយ៉ាង ហៅ ប៉ន អាយុ២៧ឆ្នាំជនជាតិថៃនិងឈ្មោះ យ័ន គុយហេងអាយុ ៣៣ឆ្នាំជាមេខ្លោង។រថយន្ត២គ្រឿង-ម៉ូតូ៣គ្រឿង-ទូរសព្ទ២គ្រឿង-គណនីធនាគារចំនួន៨។បច្ចុប្បន្នជនសង្ស័យជាមួយវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ៕

Featured ព័ត៌មានសង្គម

ផ្ទុះការចាប់អារម្មណ៍ខ្លាំងបន្ទាប់ពីលែងក្រពើត្រី២៥ក្បាលនៅស្ទឹងត្រែង

ដោយ៖សុខុម ប៉ុន្មានថ្ងៃនេះ មានផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីលែងសត្វក្រពើត្រី២៥ក្បាលក្នុងបឹងមួយនៃដែនជម្រកសត្វព្រៃ សៀមប៉ាង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។មនុស្សជាច្រើនបានបញ្ចេញយោបល់ផ្សេងៗគ្នានៅលើបណ្តាញសង្គម។ អ្នកខ្លះបានបង្ហាញពីការព្រួយបារម្ភពីគ្រោះថ្នាក់ដោយការលែងក្រពើទាំងនោះ។ រីឯអ្នកខ្លះគាំទ្រព្រោះការលែងនេះគឺជាការអភិរក្ស គោលបំណងសំខាន់គឺធ្វើឲ្យវាសំបូរឡើងវិញ។អ្នកខ្លះទៀតថា ការចាប់អារម្មណ៏ខ្លាំងរឿងលែងក្រពើនោះ គឺអាចមកពីថ្មីៗនេះមានម្ចាស់កន្លែងចិញ្ចឹមក្រពើនៅក្រុងសៀមរាបត្រូវហ្វូងក្រពើដែលគាត់ចិញ្ចឹមបានខាំហែកស៊ីរូបគាត់បង្កឲ្យល្បីនិងភ័យខ្លាចពេញបណ្តាញសង្គម។លោក ស្រេង ជាហេង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឺងត្រែងបាននិយាយ នៅរសៀល ថ្ងៃទី២៦ឧសភា២០២៣ថា សត្វក្រពើដែលលែងនោះ គឺជាសត្វដ៏កម្រពីធម្មជាតិជិតផុតពូជទៅហើយ។ វាចូលចិត្តស៊ីចំណីដូចជាត្រី ក្តាម ខ្យង…ជាអាហារហើយពុំមានចរិតកាចសាហាវស៊ីមនុស្សដូចប្រភេទក្រពើ ផ្សេងឡើយ ប៉ុន្តែយើងក៏ត្រូវមានការប្រុងប្រយ័ត្នដូចគ្នា។សត្វក្រពើត្រីដែលខាងអភិរក្សដឹកយកទៅលែង ឱ្យវារស់នៅក្នុងដែនជម្រកសត្វព្រសៀមប៉ាងខេត្តស្ទឹងត្រែង គឺដើម្បីបន្សាំ ឱ្យរស់នៅក្នុងបឹង មួយរយ:សិន មានព័ទ្ធរបងជុំវិញទៀតផង។ ក្នុងចំណោមក្រពើ២៥ក្បាលនោះក្រោយពីលែងរួចមាន៣ក្បាល បានងាប់ទៅវិញ។សូមបញ្ជាក់ដែរថា នៅពេលលែងក្រពីទាំង២៥ក្បាលនោះ  មានតំណាងនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម, តំណាងក្រុមហ៊ុនរ៉ាយហ្សីងហ្វីនិក,លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងមាននិមន្តព្រះសង្ឃចូលរួមសូត្រធម៌ប្រោះព្រំសុំសុខសប្បាយដល់ជីវិតសត្វក្រពើទាំងនោះផងដែរ៕

Featured ព័ត៌មានសង្គម សន្តិសុខ

ម្ចាស់កសិដ្ឋានដើរហាត់ប្រាណធ្លាក់ចូលអាងក្រពើចិញ្ចឹមត្រូវក្រពើព្រួតគ្នាត្របាក់ខាំហែកសាច់រហូតស្លាប់

សៀមរាប៖បុរសជាម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើដ៏ធំមួយនៅខេត្តសៀមរាប ពេលដើរហាត់ប្រាណបានរអិលជើងធ្លាក់ចូលក្នុងអាង បណ្តាលឱ្យក្រពើខាំត្របាក់ខ្ទេចខ្លួនរហូតស្លាប់។សត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា បុរសរងគ្រោះដែលស្លាប់ឈ្មោះ លួន ណាំ អាយុ៧ឆ្នាំនៅភូមិពោធិ៍បន្ទាយជ័យ ក្រុង/ខេត្តសៀមរាប។មុនកើតហេតុកាលពីម៉ោងជិត៥ទៀបភ្លឺថ្ងៃទី២៦ ខែឧសភាបុរសរងគ្រោះបានដើរហាត់ប្រាណ ក៏បានរអិលជើងធ្លាក់ចូលក្នុងអាងក្រពើរបស់ខ្លួនចិញ្ចឹម បណ្តាលឱ្យក្រពើព្រួតគ្នាខាំប្រហារ ខ្ទេចខ្លួនដាច់ជើងនិងដៃទាំង២រហូតស្លាប់តែម្តង។មន្ត្រីដដែលបានបន្តថា លោកលួន ណាំជាប្រធានសមាគមចិញ្ចឹមក្រពើហើយក៏ជាមនុស្សម្នាក់ មានកិត្តិយសខ្ពង់ខ្ពស់គួរសម្យនៅក្រុងសៀមរាប។ក្នុងនោះលោកបានជួយកសាងវិស័យពុទ្ធចក្រ និងអាណាចក្រ យ៉ាងច្រើនសម្រាប់សង្គមជាតិនាពេលកន្លងមក៕

Featured ព័ត៌មានសង្គម សន្តិសុខ

កំពុងសាកសួរថៅកែដីឡូត៍ម្នាក់មុនបញ្ជូនទៅតុលាការពីបទគំរាមកំហែងហែកកេរ្តិ៍

ភ្នំពេញ​៖សមត្ថកិច្ចខណ្ឌសែនសុខកំពុងសាកសួរជនសង្ស័យម្នាក់ មុនបញ្ជូនទៅតុលាការភ្នំពេញក្រោយឃាត់ខ្លួនតាមដីកា ពីបទកំហែងយកនិងគំរាមកំហែងហែកកេរ្តិ៍។មន្ត្រីនគរបាលបានឱ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែឧសភានេះថា ខាងជំនាញបានកសាងសំណុំរឿងបញ្ជូនថៅកែ​ដី​ឡូត៍ម្នាក់ទៅតុលាការនៅរសៀលថ្ងៃនេះ។ជនចាប់ចោទឈ្មោះ គឹម ចាន់រតនា អាយុ៣១ឆ្នាំជាអាជីវករនៅភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ ។ បុរសនេះត្រូវចោទប្រកាន់ពីបទកំហែងយក និងគំរាមកំហែងហែកកេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែកុម្ភៈឆ្នាំ២០២៣ ។បទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣-៣៦៤-៣៧២និងមាត្រា៣៧៣ នៃក្រមព្រហ្មទណ្ឌ។ បច្ចុប្បន្នថៅកែដីឡូត៍ឈ្មោះលោក គឹម ចាន់រតនា សមត្ថកិច្ចខណ្ឌសែនសុខកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

Featured ព័ត៌មានសង្គម សន្តិសុខ

អគ្គិភ័យឆេះភូមិគ្រឹះតម្លៃប្រមាណ៣លានដុល្លារសង្ស័យមកពីក្រុមជាងផ្សាដែក

ភ្នំពេញ៖ឆេះភូមិគ្រឹះដ៏ធំមួយមានតម្លៃប្រមាណ៣លានដុល្លារ យ៉ាងសន្ធោសន្ធៅ ត្រូវកម្លាំងពន្លត់អគ្គិភ័យ ចេញរថយន្តជាច្រើនគ្រឿងជួយអន្តរាគមន៍ មូលហេតុគេសង្ស័យមកពីក្រុមជាងផ្សាដែក។ហេតុការណ៍នេះបានកើតឡើង ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោង១០ព្រឹកថ្ងៃទី២៤ ខែឧសភា។ ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា សំណង់ភូមិគ្រឹះដ៏ស្កឹមស្កៃនេះ កំពុងតែសាងសង់ជារបស់ថៅកែក្រុមហ៊ុន Jasmine លក់ផ្គត់ផ្គង់គ្រឿងសំណង់។ភូមិគ្រឹះនេះត្រូវបានប្រភពបានប្រាប់ថា ម្ចាស់បានចំនាយថវិកាសាងសង់អស់ប្រមាណ៣លានដុលា្លរ។ប្រភពដដែលបានបន្តថា មុនកើតហេតុនៅជាន់ខាងលើដំបូលមានក្រុមជាងកំពុងផ្សាដែក ខណៈភូមិគ្រឹះកំពុងដំណើរការបន្តនៅផ្នែកខាងលើ។ពេលជាងកំពុងធ្វើការស្រាប់តែឆ្លងចរន្តភ្លើងបង្កជាអគ្គិភ័យ ឆេះសម្ភារត្រូវកម្មករបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ដែរ     តែមិនអាចពន្លត់ភ្លើងនោះបានក៏ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ពេលភ្លើងកំពុងឆេះត្រូវបានកម្លាំងរថយន្តពន្លត់អគ្គិភ័យចេញប្រមាណ១០គ្រឿង មកពីបណ្តាអង្គភាពនានាជួយបាញ់ទឹកភ្លើងក៏រលត់ទៅវិញ។គ្រោះអគ្គិភ័យនេះបណ្តាលឱ្យខូចខាត គ្រឿងបំពាក់ សម្ភារក្នុងភូមិភូមិគ្រឹះនេះអស់មួយចំនួនធំ តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ៕