ភ្នំពេញ៖ប្រជាពលរដ្ឋបានចូលរួមកម្សាន្តក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ថ្ងៃទី១មានចំនួនប្រមាណ១លាន២សែននាក់។ តាមការឱ្យដឹងពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ថ្ងៃទី១នៃពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក មានសន្តិសុខ សណ្តាប់ធ្នាប់ល្អប្រសើរ ដោយប្រជាពលរដ្ឋបានមកចូលរួមកម្សាន្ត យ៉ាងសម្បាយរីករាយប្រមាណ១លាន២សែននាក់ ។ប្រភពដដែលបានឱ្យដឹងទៀតថា ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកថ្ងៃទី១ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៣នេះមានទូក ង ចូលរួមប្រកួតចំនួន ៣៣៨ទូក និងទូកអន្តរជាតិចំនួន១៣៧ទូក។ ក្នុងនោះរួមមាន-ទូកអុំបុរសចំនួន១៥៨ទូក-ទូកចែវបុរស៤២ទូក-ទូកចែវនារី៣ទូក។
ព័ត៌មានទេសចរណ៍
“ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍”
ភ្នំពេញ៖ រសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣លោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ថា “ផ្លូវជាតិលេខ៥ នឹងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការធ្វើដំណើរបានកាន់តែប្រសើរដល់ពលរដ្ឋកម្ពុជា តាមរយៈការតភ្ជាប់ជាមួយផ្លូវជាតិសំខាន់ៗក្នុងប្រទេស ក៏ដូចជាតភ្ជាប់ទៅកាន់ព្រំដែនកម្ពុជា-ថៃ”។ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ ជាផ្លូវអាស៊ានហាយវ៉េលេខ១ មានប្រវែងសរុប ៣៣០,៨៩គីឡូម៉ែត្រឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវមួយនេះមានចំណុចចាប់ផ្ដើមពីស្ពានព្រែកក្តាម ខេត្តកណ្ដាល រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវបានបែងចែកចេញជា៣កំណាត់គឺ។-កំណាត់ផ្លូវភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម ប្រវែង១៣៥,២៥គីឡូម៉ែត្រ ចាប់ផ្ដើមពីស្ពានព្រែកក្តាម ឆ្លងកាត់ខេត្តកណ្ដាល ខេត្តកំពង់ឆ្នាំងនិងខេត្តពោធិ៍សាត់។កំណាត់ផ្លូវភាគកណ្តាល ធ្លាម្អម-បាត់ដំបង ប្រវែង១១០,៩០គីឡូម៉ែត្រចាប់ផ្ដើមពីធ្លាម្អម ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។កំណាត់ផ្លូវភាគខាងជើង បាត់ដំបង-សិរីសោភ័ណប្រវែង៨៤,៧៤គីឡូម៉ែត្រ ចាប់ផ្ដើមពីខេត្តបាត់ដំបង រហូតដល់ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥ លើកំណាត់ផ្លូវភាគកណ្តាល និងភាគខាងត្បូង តភ្ជាប់នឹងកំណាត់ផ្លូវភាគខាងជើង។ការសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការរួចរាល់កាលពីថ្ងៃទី១០ ខែមករាឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចតេជោហ៊ុន សែន។ក្នុងពិធីនេះដែរ សម្ដេចមហាបវរធិបតី ក៏បានប្រកាសបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ […]
ពិធីក្រុងពាលីទូក ងឈ្មោះ“តំបន់សឹកសែនជ័យ បារមីលោកតាឌី”មុនចេញប្រកួត
ព្រះវិហារ៖ទូក ងឈ្មោះ“តំបន់សឹកសែនជ័យ បារមីលោកតាឌី” ត្រូវបានរៀបចំពិធីក្រុងពាលី មុនចេញប្រកួតថា្នក់តំបន់នាថ្ងៃទី១៨-១៩ ខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខនេះ។ ព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានរៀបចំពិធីក្រុងពាលី សុំសេចក្តីសុខសប្បាយ និងជ័យជម្នះដល់ទូក ង “ឈ្មោះតំបន់សឹកសែនជ័យ បារមីលោកតាឌី”។ ជាមួយនោះសុំម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាទឹកដីជួយ ប្រោសព្រហ្មដល់ក្រុមកីឡាករទូក ងទាំងអស់ដែលបានចូលរួមប្រកួត នៅបឹងទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។ពិធីក្រុងពាលីនេះធ្វើឡើង ក្រោមវត្តមានលោកឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងចូលរួមដោយមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ។ក្នុងឱកាសនេះដែរលោកឧត្ដមសេនីយ៏ទោ មេបញ្ជាការបានផ្ដល់កម្លាំងចិត្ត និងណែនាំដល់ចំណុះទូកទាំងអស់ ពេលប្រកួតសូមសហការគ្នាឱ្យបានល្អ រក្សាសាមគ្គីភាព ផ្ដល់សេចក្ដីស្រឡាញ់ ស្នាមញញឹមដើម្បីឱ្យក្រុមកីឡាករ របស់យើងដែលកើតពីកងយោធពលខេមរភូមិន្ទ គឺកម្លាំងតំបន់ប្រតិបត្តិការរងខេត្តព្រះវិហារតែម្ដង៕សៅវ៉ាន់ឌី
អាកាសយានដ្ឋានអន្តរជាតិសៀមរាប នឹងមានសក្តានុពលខ្លាំង សម្រាប់វិស័យទេសចរណ៍
ភ្នំពេញ៖សម្តេចធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងលើបណ្តាញសង្គមនានាថ្ងៃទី៣១ ខែតុលានេះ ថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការកាលពីថ្ងៃទី១៦ ខែតុលាឆ្នាំ២០២៣ ដែលមានទីតាំងស្ថិតនៅឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប” ។អាកាសយានដ្ឋាននេះគ្របដណ្តប់លើផ្ទៃដីប្រមាណ៧០០ហិកតា មានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ“វប្បធម៌ធម្មជាតិ និងភាពឆ្លាតវៃ”។សម្តេចនាយករដ្ឋមន្ត្រីបានបន្តថា “អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មានលំដាប់ថ្នាក់នៃការហោះហើរប្រភេទ4E ដែលអាចផ្តល់លទ្ធភាពឱ្យយន្តហោះធុនធំ Boeing747 និង Airbus A340 ចុះចតបាននិងអាចមានលទ្ធភាព ទទួលអ្នកដំណើរចំនួន៧លាននាក់ ក្នុងមួយឆ្នាំ។សម្រាប់ផែនការរយៈពេលខ្លីនិង២០លាននាក់ក្នុងមួយឆ្នាំសម្រាប់ផែនការរយៈពេលវែង”។ក្នុងនោះសម្តេចធិបតី បានបញ្ជាក់ថា “កាលានុវត្តភាពថ្មីនេះនឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។និយាយដោយឡែក ព្រមទាំងវិស័យទេសចរណ៍ទូទាំងប្រទេសនិយាយជារួម។ការនេះនឹងអាចទាក់ទាញដល់វិនិយោគិន ក៏ដូចជាផ្តល់ប្រយោជន៍សេដ្ឋកិច្ចមូលដ្ឋានដល់ប្រជាពលរដ្ឋ” ។សម្តេចធិបតីហ៊ុន ម៉ាណែត បញ្ជាក់ថា“ផ្លូវអាកាសគឺអាទិភាពគន្លឹះទី២ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ហើយក៏ស្ថិតនៅក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២។ ដោយផ្តោតលើការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទិកដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ”៕ដោយ៖សហការី
បញ្ចូលប្រាសាទកោះកេរចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
ព្រះវិហារ៖ក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៣បានផ្សាយព័ត៌មាន ប្រាសាទកោះកេរត្រូវដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកដោយជោគជ័យ។ មន្ត្រីជំនាញបានឱ្យដឹងថា ប្រាសាទកោះកេរត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោកក្នុងបញ្ជីរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីកម្ពុជាបានចូលរួមកិច្ចប្រជុំគណៈកម្មការបេតិកភណ្ឌពិភពលោកលើកទី៤៥ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០២៣។សូមបញ្ជាក់ថា ប្រាសាទកោះកេរ ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជូនឯកសារស្នើសុំចុះបញ្ជីនៅតំបន់ប្រាសាទកោះកេរ ទៅអង្គការយូណេស្កូ តាំងពីខែមករា ឆ្នាំ២០២១។ប្រាសាទកោះកេរមានទំហីផ្ទៃដីជាង៨.៧០០ហិកតា ស្ថិតក្នុងស្រុកគូលែន ឃុំស្រយង់ ខេត្តព្រះវិហារ។ប្រាសាទនេះមានលក្ខណៈ ជាប្រាសាទភ្នំ កម្ពស់ប្រមាណ៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ ដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។តាមថ្នាក់ពីមួយទៅមួយ មានកម្ពស់៥ម៉ែត្រ មានផ្ទៃរាបប្រមាណ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចម្លាក់គ្រុឌធំៗជាច្រើន កំពុងសំដែងរិទ្ធ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ ។នៅក្បែរគ្នានេះដែរមានមាត់រន្ធអណ្តូងមួយទំហំ៤មគុណ៤ម។ប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ ក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទកោះកេរ មានរូបរាងជាពីរ៉ាមីតដោយមាន៧ជាន់និងមានកម្ពស់៣៥ម៉ែត្រ។ សព្វថ្ងៃនៅរមណីយដ្ឋានប្រាសាទកោះកេរ មានសំណង់ប្រាសាទ សំណង់សាសនា ប្រព័ន្ធធារាសាស្រ្តចំនួន១២៧ ក្នុងនោះមានប្រាសាទដែលនៅមានរូបរាងចំនួន៥៦៕សៅ វ៉ាន់ឌី
កំណើតកូនផ្សោតមួយក្បាលទៀតត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី
ក្រចេះ៖ផេកក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបង្ហោះកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ឱ្យដឹងថា កូនផ្សោតទើបកើតមួយក្បាលទៀត ត្រូវបានប្រទះឃើញនៅអន្លង់ផ្សោតកាំពី កាលពីថ្ងៃទី២១ ខែសីហា។មន្ត្រីរដ្ឋបាលជលផល បានប្រកាសពីការប្រទះឃើញកូនផ្សោតកើតថ្មីមួយក្បាល ដែលមានអាយុកាលប្រមាណជា២សប្តាហ៍ប៉ុណ្ណោះ នៅម៉ោងប្រមាណ១០និង៣០នាទីព្រឹក នាថ្ងៃទី២១ ខែសីហាឆ្នាំ២០២៣ ត្រង់ម្តុំដើមក្តុល ក្នុងភូមិភូមិព្រែកគ្រៀង ឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ។ការប្រទះឃើញនេះ ត្រូវបានរាយការណ៍ដោយអ្នកបើកទូកនៅអន្លង់ផ្សោតកាំពី ខណៈកំពុងជូនភ្ញៀវទេសចរមើលសត្វផ្សោត។បន្ទាប់ពីបានទទួលសេចក្ដីរាយការណ៍ មន្ត្រីប៉ូលីសទេសចរណ៍ប្រចាំរម្មណីយដ្ឋានអន្លង់ផ្សោតកាំពី។ក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ បានចុះទៅពិនិត្យ ។ ពេលនោះក៏បានប្រទះឃើញកូនផ្សោតទើបតែកើត កំពុងហែលលេងក្នុងហ្វូងផ្សោតធំប្រមាណ៧ក្បាលផ្សេងទៀត។ សូមបញ្ជាក់ថា កូនផ្សោតដែលប្រទះឃើញនេះ គឺជាកូនផ្សោតទី៦ហើយ ដែលត្រូវបានកត់ត្រានៅក្នុងឆ្នាំ២០២៣ ចាប់ពីខែមករាដល់ខែសីហានេះ៕
កម្ពុជាកំពុងសិក្សាផ្លូវដែកថ្មី១ខ្សែ ឆ្លងកាត់ខេត្តក្រុងចំនួន៦ ដើម្បីតភ្ជាប់ប្រទេសវៀតណាម
ភ្នំពេញ៖ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាផ្លូវរថភ្លើងថ្មី១ខ្សែ ឆ្លងកាត់ខេត្តក្រុងចំនួន៦ ដើម្បីតភ្ជាប់ជាមួយប្រទេសវៀតណាម ក្នុងការបម្រើឱ្យវិស័យដឹកជញ្ជូនកាន់តែសម្បូរបែប និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនមានប្រសាសន៍ថា បច្ចុប្បន្នក្រសួងកំពុងសិក្សាគម្រោងផ្លូវរថភ្លើងថ្មីមួយខ្សែ ដែលតភ្ជាប់ពីក្រុងប៉ោយបែតទៅដល់ក្រុងបាវិត។ផ្លូវនេះតភ្ជាប់ជាមួយគម្រោងផ្លូវដែករបស់វៀតណាម ខណៈគម្រោងឆ្លងកាត់ខេត្ដ-ក្រុងសំខាន់ៗចំនួន៦រួមមាន ក្រុងប៉ោយប៉ែត-ខេត្ដសៀមរាប-កំពង់ធំ-កំពង់ឆ្នាំង-រាជធានីភ្នំពេញ និងក្រុងបាវិត។
សមាជិកថ្មីមួយទៀតនៃហ្វូងផ្សោតបានបង្ហាញវត្តមាននៅអន្លង់កាំពីស្រុកសំបូរ
ក្រចេះ៖កូនផ្សោតជាសមាជិកថ្មីមួយទៀតក្នុងហ្ចូងត្រូវបានបង្ហាញវត្តមាននៅអន្លង់កាំពី។ ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ-រដ្ឋបាលជលផលស្ទឹងត្រែង និងអង្គការ WWF បានកត់ត្រាកូនផ្សោតថ្មីមួយទៀតនៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។មន្ត្រីជំនាញបានឱ្យដឹងថា កាលពីថ្ងៃទី៧ ខែកក្កដាឆ្នាំ២០២៣ ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរ និងក្រុមឆ្មាំទន្លេប្រចាំអន្លង់កាំពីដែលថតបានរូបកូនផ្សោត នៅម្តុំអន្ទង់វៀននៃអន្លង់កាំពី។ តាមការអង្កេតកូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន៩ក្បាលទៀត។ចំពោះការកត់ត្រាកូនផ្សោតថ្មីនេះជាកូនផ្សោតទី៥ហើយ ដែលកត់ត្រាចាប់តាំងពីខែមករាដល់ខែកក្កដាឆ្នាំ២០២៣មក។ សូមរំលឹកថានៅឆ្នាំ២០២២ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាល និងនៅឆ្នាំ២០២១ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន៦ក្បាលផងដែរ៕
ព្រះអគ្គិជ័យកីឡា បានហែចូលដល់ខេត្តកំពង់ចាមក្រោមសម្រែកទទួលអបអរសាទរយ៉ាងកងរំពង
កំពង់ចាម៖ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា បានហែឆ្លងកាត់ខេត្តចំនួន៣កាលពីរសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៣ ហើយបានចូលដល់ខេត្តកំពង់ចាម ក្រោមសម្រែកទទួលអបអរសាទរយ៉ាងកងរំពងរយៈពេលប្រមាណជាង៣០នាទី មុននឹងបន្តដំណើរឆ្ពោះទៅខេត្តកណ្តាល។ក្នុងពិធីដ៏ប្រវត្តិសាស្រ្ត៦៤ ឆ្នាំមកនេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំទទួលគណៈប្រតិភូព្រះអគ្គិជ័យកីឡា នៅវិមានឯករាជ្យខេត្តកំពង់ចាម ដោយមានការដឹកនាំទទួលស្វាគមន៍ពីឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងមន្រ្តីរាជការ លោកគ្រូអ្នកសិស្សានុសិស្ស ប្រជាពលរដ្ឋអញ្ជើញមកពីសង្កាត់ទាំងបួន របស់ក្រុងកំពង់ចាម មានភាពគគ្រឹកគគ្រេង សប្បាយរីករាយ។បន្ទាប់ពី ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តបានចាប់កាន់ភ្លើងគប់ព្រះអគ្គិជ័យកីឡា លើកឡើងលើសម្រែកអបអរសាទរក៏លន់យ៉ាងកងរំពងមានដូចជាៈ អរគុណសន្តិភាព ជយោ ព្រះរាជាណាចក្រកម្ពុជា, ជយោ ព្រះរាជាអច្ឆរិយកជាដើម។ក្រោយពីពិធីទទួលស្វាគមន៍ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡានៅម៉ាងប្រមាណជាង ២ រសៀលក្បួននេះបានបន្តដំណើរ នាំមុខដោយក្បួនម៉ូតូធំ ក្រុមកីឡាជិះកង់ និងរថយន្តក្រុមឆៃយ៉ាំ នៅលើផ្លូវជាតិលេខ៧ ស្រុកកំពង់សៀម ស្រុកព្រៃឈរ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ ស្រុកជើងព្រៃនិងស្រុកបាធាយ ដើម្បីបន្តដំណើរទៅខេត្តកណ្តាល និងរាជធានីភ្នំពេញ៕ញ៉ែមសុផល