ព័ត៌មានសង្គម សុខាភិបាល

ស្ត្រី​ម្នាក់បញ្ជាក់​ជំហរ​មិន​ចេញពី​ភូមិឋាន​ទៀត​ក្រោយ​ជួប​ការលំបាក​

កំ​ពត៖ពលករ​ចំណាកស្រុក​បាន​បញ្ចេញ​ឱ្យដឹង​អំពី​ភាពលំបាក​ក្នុង​ការចំណាយ​កម្លាំងរ​ក​ប្រាក់ចំណូល​ពេល​ស្នាក់នៅ​ស្រុក​គេ​។​ជម្រើស​ល្អ​បំផុត​គឺ​ធ្វើ​ការងារ​ក្បែរ​ផ្ទះ​ជួបជុំ​គ្រួសារ​ទោះ​សល់​ប្រាក់​តិចតួច​ក៏មាន​ភាពកក់ក្តៅ​ដែរ​។​

​ស្ត្រី​ម្នាក់​កំពុង​ស្ថិតនៅ​ដាច់ដោយឡែក​ពី​សមាជិកគ្រួសារ​សម្រាប់​រយៈពេល​១៤​ថ្ងៃក្រោយ​វិលត្រឡប់​ពី​ប្រទេស​ថៃ​មកដល់​ភូមិ​តា​ដឹប​សង្កាត់​អណ្តូង​ខ្មែរ​ក្រុង​កំពត​ខេត្តកំពត​ដែលជា​ស្រុកកំណើត​របស់ខ្លួន​។​ស្ត្រី​រូបនេះ​បាន​រៀបរាប់ថា​សមាជិកគ្រួសា​រ​របស់គាត់​មាន​គ្នា​ប្រាំ​នាក់​គឺ​ប្តី​កូន​ពីរ​នាក់​និង​ម្តាយ​ចាស់ជរា​ម្នាក់​។

​ព្រោះតែ​ជឿ​តាម​គេ​ប្រាប់ថា​នៅ​ប្រទេស​ថៃ​សម្បូរ​ការងារ​ធ្វើ​និង​ទទួលបាន​ប្រាក់កម្រៃ​ខ្ពស់​ទើប​គាត់​បបួល​ប្តី​និង​ក្មួយប្រុស​ម្នាក់ទៀត​ទៅ​ទីនោះ​កាលពី​បួន​ឆ្នាំមុន​ដោយ​ធ្វើ​ជាជាង​ផ្សា​ដែក​។

​ពលករ​ចំណាកស្រុក​ដដែល​បាន​បន្តថា​ប្រាក់ចំណូល​ដែល​ទទួលបាន​គឺ​ផ្ញើមក​ផ្ទះ​ប្រមាណ​២.០០០​បាត​ប្រហាក់ប្រហែល​៣០០.០០០​រៀល​ជា​រៀងរាល់ខែ​។​ស្ត្រី​ដដែល​បាន​បញ្ជាក់ថា​ការវិលត្រឡប់​មកនេះ​ពួកគាត់​មិន​ចាកចេញ​ទៅណា​ទៀត​ទេ​គឺ​បន្ទាប់ពី​ការ​ស្នាក់នៅ​ដាច់ដោយឡែក​១៤​ថ្ងៃ​ហើយនឹង​រក​ការងារ​ធ្វើ​ក្បែរ​ផ្ទះ​ដើម្បី​ជួបជុំ​គ្រួសារ​ឡើងវិញ​។​

នៅ​ស្រុក​គេ​មិន​ដូច​ផ្ទះ​ខ្លួនឯង​ទេ​ពិបាក​ទ្រាំ​ណាស់​។​ប៉ុន្តែ​ក្នុងដំណាក់កាល​នេះ​សូម​អំពាវ​ដល់​ថ្នាក់ដឹកនាំ​ក៏ដូចជា​សម្បុរ​សជន​នានា​ជួយឧបត្ថម្ភ​ជា​សម្ភារ​ឬ​គ្រឿងឧបភោគ​បរិភោគ​ដើម្បី​ជួយ​ដល់​គ្រួសារ​ពេល​ពួកគាត់​កំពុង​ខ្វះខាត​ផង​។​

​លោក​យ៉យ​ស៊ី​ថង​ចៅសង្កាត់​អណ្តូង​ខ្មែរ​បាន​បញ្ជាក់ថា​អាជ្ញាធរ​សង្កាត់​មានការ​យកចិត្តទុកដាក់​ណាស់​ចំពោះ​គ្រួសារ​ពលករ​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ជា​អាទិភាព​។​ក្រុមការងារ​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពន្យល់​ណែនាំ​ឱ្យ​ពួកគាត់​ស្នាក់នៅ​ដាច់ដោយឡែក​សម្រាប់​រយៈ​១៤​ថ្ងៃជា​កំហិត​។​ក្នុងនោះ​ក៏បានផ្តល់​ជា​អំណោយ​មួយចំនួន​ដើម្បី​សម្រាល​ការលំបាក​។​

​តាម​របាយការណ៍​រប​ស់​គណៈកម្មការ​ខេត្ត​ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​បានឱ្យដឹងថា​គិត​ត្រឹម​រសៀល​ថ្ងៃទី​៣១​ខែមីនា​ឆ្នាំ​២០២០​ពលករ​ត្រឡប់​មកពី​ធ្វើ​ការងារ​នៅក្រៅ​ប្រទេស​ចូលមក​ស្រុកកំណើត​ក្នុង​ខេត្តកំពត​មាន​ចំនួន​៧០៦​នាក់​៕សុខឌីណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *