ព័ត៌មានសង្គម សុខាភិបាល

បិទ​បញ្ចប់​ការពិនិត្យ​សុខភាព​កម្មករ​រោងចក្រ​និង​ពុំបាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ទេ​

​ភ្នំពេញ​៖​ក្រោយ​ការត្រួតពិនិត្យ​តាមដាន​សុខភាព​របស់​កម្មករ​រោងចក្រ​ក្រសួង​ការងារ​នៅ​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២០​បាន​បិទ​បញ្ចប់​ការត្រួតពិនិត្យ​សុខភាព​ដល់​កម្មករ​ដែ​ល​ត្រឡប់​ចូលធ្វើការ​វិញ បន្ទាប់ពី​ឈប់សម្រាក​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ខ្មែរ​កន្លងមកនេះ​។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង​ការងារ​ដែល​រស្មី​កម្ពុជា​ទទួលបាន​ឱ្យដឹង​ថា​គិត​ចាប់ពី​យប់​ថ្ងៃទី​៩​ខែមេសា ដល់​ថ្ងៃទី​២៤ ខែមេសា​នេះ គឺមាន​រយៈពេល​លើស ១៤​ថ្ងៃ ហើយ​ក្នុងអំឡុង​ពេលនេះ ក្រសួងសុខាភិបាល​ក៏​ពុំបាន​រកឃើញ​ករណី​វិជ្ជមាន​កូ​វីដ​-១៩​ថ្មី​។​យោង​លទ្ធផល​អវិជ្ជមាន​នៃ​ការធ្វើ​តេស្ត​សំណាក​ទាំង​១២៥​ករណី​ក្រសួង​សម្រេច​បញ្ចប់​ការត្រួតពិនិត្យ​សុខភាព​ចាប់ពី​ម៉ោង​៦:០០​នាទី​ល្ងាច​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០២០​នេះ​ទៅ​។

​ទោះបីយ៉ាងណា​ក្រសួង​នៅតែ​រក្សា​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​ក្នុង​វិទ្យាល័យ​ជម្ពូ​វ័ន​ដើម្បី​បន្ត​តាមដាន​ស្ថានភាព​សុខភាព​កម្មករ​ចំនួន​២០​នាក់​ត​ទៀត​រហូតដល់​ស្ថានភាព​សុខភាព​អ្នក​ទាំងនេះ​អាច​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ​បាន​។​ក្នុង​សេចក្តីប្រកាស​ដដែល​បានបញ្ជាក់​បន្ថែមថា​ចាប់ពី​ថ្ងៃទី​២០​ដល់​ថ្ងៃទី​២៤​ខែមេសា​ឆ្នាំ​២០០២​នេះ​ក្រសួង​បាន​សហការ​ជាមួយ​ក្រសួងសុខាភិបាល​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​បានរៀបចំ​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​ចំនួន​១០​កន្លែង​និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ចំនួន​៣​កន្លែង​ដើម្បី​ត្រួតពិនិត្យ​សុខភាព​កម្មករ​រោងចក្រ​ដែល​បាន​ឈប់សម្រាក​អំឡុងពេល​បុណ្យចូលឆ្នាំ​និង​ទើប​វិលត្រឡប់​ចូល​បម្រើ​ការងារ​វិញ​ដោយបាន​ពិនិត្យ​សុខភាព​ចំនួន​៥០៤៥​នាក់​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​១៤​ថ្ងៃ​ចំនួន​៤៨២៣​នាក់​។​

​ដាក់ឱ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​ចំនួន​៩៧​នាក់​ដាក់ឱ្យ​ស្នាក់នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​២​ចំនួន​១២៥​នាក់​និង​យក​សំណាក​ទៅ​ពិសោធ​បន្ត​ចំនួន​១២៥​នាក់​ដោយមាន​លទ្ធផល​អវិជ្ជមាន​ជំងឺ​កូ​វីដ​-១៩​ចំនួន​១២៥​នាក់​,​និង​អនុញ្ញាតឱ្យ​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក​កម្រិត​១​និង​កម្រិត​២ សរុប​ចំនួន ២០២​នាក់ ទៅធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​នៅតាម​ផ្ទះ​។​

សេចក្តីប្រកាស​ដដែល​នេះ​បាន​បញ្ជាក់ដែរថា​បន្ទាប់​ពី​ការ​ការបិទ​បញ្ចប់​មណ្ឌល​ត្រួតពិនិត្យ​សុខភាព​កម្មករ​រោងចក្រ​ទាំង​១០​កន្លែង​នេះ​ទៅ​ប្រសិនជា​បងប្អូន​កម្ម​ករមា​ន​អា​ការៈសង្ស័យ​ណាមួយ​អាំ​ច​ទាក់ទង​ទៅ​ក្រសួងសុខាភិបាល​តាមរ​យៈ​លេខ ១១៥ ឬ​ទូរស័ព្ទ​លេខ ០១២ ៨២៥ ៤២៤៕ប៉ូ

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *