ព័ត៌មានអន្តរជាតិ

​កុមារ​អាមេរិក​ម្នាក់​ក្នុងចំណោម​៥​នាក់​ហូប​មិន​គ្រប់គ្រាន់​ចាប់តាំងពី​មាន​វិបត្តិ​ជំងឺ​កូ​វីដ​១៩

អន្តរជាតិ​៖​យោងតាម​ការស្រាវជ្រាវ​ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ​ទី​៦​ខែឧសភា​ឆ្នាំ​២០២០​បានឱ្យដឹងថា​កុមារ​តូចៗ​ម្នាក់​ក្នុងចំណោម​៥​នាក់​នៅ​សហរដ្ឋអាមេរិក​មិនបាន​ទទួលទាន​គ្រប់គ្រាន់​ទេ​ចាប់តាំងពី​មាន​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នោះមក ។​

​របាយការណ៍​វិទ្យាស្ថាន​Brookings​បាន​និយាយថា​ការស្ទង់មតិ​មួយ​បាន​រកឃើញថា​១៧,៤​ភាគរយ​នៃ​ម្តាយ ដែលមាន​កូន​អាយុ​ក្រោម​១២​ឆ្នាំ​បាន​រាយការណ៍​ថា​កូនៗ​របស់​ពួកគេ​មិនបាន​បរិភោគ​គ្រប់គ្រាន់​ទេ ដោយសារតែ​ខ្វះ​លុយ ។​អ្នកស្រាវជ្រាវ​លោកស្រី Lauren Bauer បាន​និយាយថា “​វា​ច្បាស់​ណាស់​ថា ក្មេងៗ​កំពុង​ជួបប្រទះ​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​ក្នុង​កម្រិត​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​នៅក្នុង​សម័យ​ទំនើប​នេះ​” ។​

​លោកស្រី​បាន​បន្ថែមថា​“​អសន្តិសុខ​ស្បៀង​ក្នុង​គ្រួសារ​ដែលមាន​កុមារ​អាយុ​ក្រោម​១៨​ឆ្នាំ​បាន​កើនឡើង​ប្រមាណ​១៣០​ភាគរយ​ចាប់ពី​ឆ្នាំ​២០១៨​រហូតមកដល់​ថ្ងៃនេះ​”​។​ការស្ទង់មតិ​ដើម្បី​វាស់វែង​ពី​ផលវិបាក​នៃ​ជំងឺ​រាតត្បាត កូ​វីដ​-១៩ បានបង្ហាញ​តួលេខ​អាក្រក់​ជាង ពេល​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៨​ទៅទៀត ។​
​លោកស្រី​Bauer​បាន​ពណ៌នា​លទ្ធផល​នេះ​ថា​ជា​រឿង​គួរឱ្យ​ព្រួយបារម្ភ​ដែល​គ្រួសារ​ជាច្រើន​បាន​កាត់បន្ថយ​ចំណែក​អាហារ​របស់​កុមារ ។

​លោកស្រី​បាន​និយាយថា​កម្មវិធី​អាហារ​នៅក្នុង​សាលា​ក៏​អាចជា​កត្តា​មួយ​ដែរ​ដោយ​ក្រុមគ្រួសារ​មិន​ប្រមូល​អាហារ​ពី​កន្លែង​ចែកចាយ​។​មនុស្ស​វ័យ​ចំណាស់​ប្រជែង​គ្នា​ដើម្បី​អាហារ​ដែល​ផ្គត់ផ្គង់​មានកំណត់​នៅតាម​ផ្ទះ ។​យ៉ាងហោចណាស់ មាន​ពលករ​អាមេរិក​ចំនួន​៣០​លាន​នាក់ បាន​បាត់បង់​ការងារ​របស់​ពួកគេ ដោយសារ​ការបិទទ្វារ​សេដ្ឋកិច្ច​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស ។​

​មេរោគ​ឆ្លង​ថ្មី​នេះ​បាន​ឆ្លង​ដល់​មនុស្ស​ជាង​១,២​លាន​នាក់​នៅក្នុង​សហរដ្ឋអាមេរិក​និង​បានសម្លាប់​មនុស្ស​ចំនួន​៧៤.៧៩៩​នាក់​ហើយ​អ្នកវិភាគ​បារម្ភ​ថា​ការខូចខាត​ខាង​សេដ្ឋកិច្ច​មួយចំនួន​អាច​នឹងមាន​រយៈពេល​វែង​៕Skai news​

rsc

Leave a Reply

Your email address will not be published. Required fields are marked *