ព័ត៌មានសង្គម សេដ្ឋកិច្ច

​ក្រុមហ៊ុន​កូរ៉េ​មួយ​ចង់​នាំចូល​និង​ដាក់ឱ្យ​ដំណើរការ​ម៉ូតូ​សាក​ថ្ម​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​

​ភ្នំពេញ​៖​ក្រុមហ៊ុន​មួយ​របស់​សាធារណរដ្ឋ​កូរ៉េ​បានបង្ហាញ​ចេតនា​ចង់​នាំចូល​ម៉ូតូ​សាក​ថ្ម​មក​កម្ពុជា​ដែល​ម៉ូតូ​អេឡិចត្រូនិក​នេះ​មានតម្លៃ​ចន្លោះ​ពី​១.០០០​ទៅ​១.៥០០​ដុល្លារ​និង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន​។​នាពេល​ថ្មីៗ​នេះ​លោក​LeeJaeHoo​ប្រធាន​ក្រុមហ៊ុន​DaehanGroup​ប្រចាំ​កម្ពុជា បាន​ជម្រាបជូន​លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន អំពី​គម្រោង​នាំចូល និង​ដាក់ឱ្យ​ដំណើរការ ម៉ូតូ​សាក​ថ្ម (Electric Vehicle) នេះ​។​

​លោក​LeeJaeHoo​បានឱ្យដឹងថា​៖​ម៉ូតូ​សាក​ថ្ម​នេះ​អាច​ប្តូរ​ថ្ម​មាន​សាក​នៅតាម​ស្ថានីយ៍​ហើយ​អាច​ប្រើប្រាស់​សម្រាប់ធ្វើ​ដំណើរ​បា​ន​ចម្ងាយ​ប្រមាណ​១០០​គីឡូម៉ែត្រ​អាច​កាត់បន្ថយ​ផលប៉ះពាល់​ផ្នែក​បរិស្ថាន និង​មានតម្លៃ​ចន្លោះ​ពី​១.០០០ ទៅ​១.៥០០ ដុល្លារ​សហរដ្ឋអាមេរិក​។ ក្នុងជំនួប​នេះ លោក បាន​ស្នើសុំ​អនុសាសន៍​និង​ការគាំទ្រ​ពី​លោក​ទេសរដ្ឋមន្ត្រី​មុននឹង​នាំចូល​និង​ដាក់ឱ្យ​ដំណើរការ​គម្រោង​នេះ​ជា​ផ្លូវការ​។​

លោក​ទេសរដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការស្វាគមន៍​និង​ផ្ដល់​ការគាំទ្រ​ចំពោះ​គម្រោង​នេះ​និង​បាន​ស្នើឱ្យ​ក្រុមហ៊ុន​ផ្ដោតជាសំខាន់​លើ​ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​នេះ​នៅ​ខេត្តសៀមរាប​។​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​អ្នក​ទេសចរណ៍​នៅក្នុង​តំបន់​ប្រាសាទអង្គរវត្ត​និង​ជួយ​កាត់បន្ថយ​ការបំពុល បរិស្ថាន​ផងដែរ​។​

​ជាមួយគ្នា​នោះ​ផងដែរ​លោក​ទេសរដ្ឋមន្ត្រី​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​លើ​គម្រោង នេះ​ឱ្យបាន​ច្បាស់លាស់​មុននឹង​នាំចូល​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ ដោយ​សហការ​ជាមួយ​ក្រសួង សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដើម្បី​ធានាបាន​នូវ​ការប្រកួតប្រជែង​៕សុផល

rsc

Leave a Reply

Your email address will not be published. Required fields are marked *