ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

​រមណីយដ្ឋាន​“​ទឹកធ្លាក់​ថ្មដា​តូច​”​កំពុង​ទទួល​ការចាប់អារម្មណ៍​ពី​ភ្ញៀវទេសចរ​

ពោធិ៍សាត់​៖​រមណីយដ្ឋាន​“​ទឹកធ្លាក់​ថ្មដា​តូច​”​ឬ​ហៅថា​“​ទឹកធ្លាក់​ភ្នំ​១៥០០”​កំពុង​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​សំណាក់​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​។​ដោយសារ​ទេសភាព​នៅ​ទីនោះ​មាន​ជ្រលង​ដងអូរ​ជ្រោះ​ជ្រៅ​ព្រៃព្រឹក្សា​ផ្ទាំង​ថ្ម​នៅក្រោម​ម្លប់ឈើ​ត្រជាក់​ល្ហឹម​ដែល​បង្កប់​ទៅដោយ​សំឡេង​សត្វ​យំ​និង​សំឡេង​ទឹក​ហូរ​ធ្លាក់​ពីលើ​ភ្នំ​១៥០០​យ៉ាង​រណ្តំ​។​បានធ្វើឱ្យ​ភ្ញៀវទេសចរ​មានការ​ចាប់អារម្មណ៍​ពី​សម្រស់​ធម្មជាតិ​នេះ​មកលេង​ម្តង​ហើយ​ចង់​មក​ម្តងទៀត​។​ដើម្បីឱ្យ​កាន់តែច្បាស់​។​

​លោក​សំ​ឃីម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តពោធិ៍សាត់​បានឱ្យដឹង​ថា​រមណីយដ្ឋាន​ថ្មដា​តូច​នេះ​ជា​កន្លែង​កម្សាន្ត​បែប​ព្រៃភ្នំ​ធម្មជាតិ​ស្អាត​ប្លែក​ភ្នែក​ពី​រមណីយដ្ឋាន​ដទៃទៀត​ដែលមាន​ទឹកជ្រោះ​ហូរ​ធ្លាក់​ចំនួន​២​ថ្នាក់​។​គឺ​ថ្នាក់​ខាងលើ​ភ្ញៀវទេសចរ​អាច​ដើរមក​កម្សាន្ត​មាន​ទឹកធ្លាក់​ជម្រាល​ជា​ថ្នាក់ៗ​ដូច​កាំជណ្តើរ​ងាយស្រួល​សម្រាប់​ការ​ងូតទឹក​លេង​កម្សាន្ត​និង​ថ្នាក់​ខាងក្រោម​ជា​ល្បាក់​ទឹកធ្លាក់​ដែលមាន​កម្ពស់​ជិត​១០​ម៉ែត្រ ជា​កន្លែង​អង្គុយ​លំហែរ​កាយ និង​ងូតទឹក​លេង​យ៉ាង​ត្រជាក់​ល្ហឹម ។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា រមណីយដ្ឋាន​ទឹកធ្លាក់​ថ្មដា​តូច​នេះ ស្ថិតនៅ​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​ដែល​ស្ថិតនៅ​ចន្លោះ​ជ្រលង​ភ្នំ​១៥០០​។​លោក​បញ្ជាក់ថា​ទិដ្ឋភាព​ទាំងនេះ បានធ្វើឱ្យ​ភ្ញៀវទេសចរ​ប្លែក​ភ្នែក​ប្លែក​អារម្មណ៍​ក្រៅពី​គយគន់​ទេសភាព​ទឹកធ្លាក់​តាម​ព្រៃភ្នំ​ដ៏​ស្រស់ត្រកាល​។​រួចមក​នៅមាន​ទិដ្ឋភាព​ផ្លូវ​រាង​ក្រវិច​ក្រវៀន​ដូច​អន្ទង់អាំង​នៅតាម​ជម្រាលភ្នំ​ខ្ពស់ៗ​។​

​នៅពេល​សំឡឹង​ទៅ​ហាក់បីដូច​ជាមាន​អារម្មណ៍​ស្រស់ស្រាយ​ជាខ្លាំង​ដែល​ពោរពេញ​ទៅដោយ​ព្រៃព្រឹក្សា​ខៀវស្រងាត់​បង្កើតបាន​នូវ​ផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ​មួយ​មិន​ដែលមាន​។​

លោក​បាន​បន្តថា​ដោយ​មើលឃើញ​អំពី​សក្តានុពល​នៃ​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​និង​ក្រុមហ៊ុន​ឯកជន​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​បានរៀបចំ​តំបន់​នេះ​ឡើង​។​ដើម្បីឱ្យ​ក្លាយទៅជា​រមណី​យ​ដ្ឋា​ន​ធម្មជាតិ​មួយ​ដ៏​ទាក់ទាញ​បម្រើឱ្យ​ការលេងកម្សាន្ត​របស់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​។​ជាពិសេស​បាន​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​ប្រជា​សហគមន៍​នៅក្នុង​តំបន់​នោះ​ទៀតផង ។​

​លោក​ប្រធាន​បាន​បន្តថា​”​អញ្ចឹង​ខ្ញុំ​មើលឃើញ​អំពី​វិសាលភាព​នេះ​វា​ល្អ​ហើយ​យើង​ក៏មាន​ការអភិវឌ្ឍ​តំបន់​នេះ​មិនមាន​ការកែច្នៃ​ឱ្យ​ខុស​អ្វី​ប្លែក​ពី​ធម្មជាតិ​នោះទេ​។​យើង​ទុកជា​លក្ខណៈ​ធម្មជាតិ​ហើយ​យើង​ក៏មាន​ក្រុមហ៊ុន​ឯកជន​គេ​វិនិយោគ​នៅ​តំបន់​នេះ​។​

ដោយ​ទីមួយ​យើង​ផ្ដោតទៅលើ​ចំណតរថយន្ត​,​អនាម័យ​,​យើង​អាច​ត្រួសត្រាយ​មួយចំនួន​មិនឱ្យ​អ្វី​ខុសប្លែក​ពី​ធម្មជាតិ​ធ្វើ​ម៉េច​ឱ្យមាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ចូលមក​កម្សាន្ត​” ។​

​សូមបញ្ជាក់ថា​នៅ​ទូទាំង​ខេត្តពោធិ៍សាត់​មាន​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​ចំនួន​៣៤​កន្លែង​។​ប៉ុន្តែ​បានដាក់​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​តែ​១០​កន្លែង​ប៉ុណ្ណោះ​។​ដែល​ចំនួន​នៅ​សេសសល់​នេះ​គឺ​មន្ទីរ​ទេសចរណ៍​និង​អាជ្ញាធរ​ពាក់ព័ន្ធ កំពុង​សិក្សា​និង​រៀបចំ​ឲ្យ​បានច្បាស់លាស់​ជាមុនសិន មុននឹង​ដាក់ឱ្យ​ដំណើរការ ៕​សុ​ផា​រី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *