ព័ត៌មានសង្គម សន្តិសុខ

​សម្តេច​គង់​សំអុល​៖​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ​

កំ​ពត៖​មន្ត្រីជាន់ខ្ពស់​នៃ​ព្រះបរមរាជវាំង​បាន​អំពាវនាវ​ដល់​ប្រជារាស្ត្រ​ទូទៅ​ឱ្យ​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា​សុខភាព​និង​បង្កើន​កិច្ច​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូតធម្មជាតិ​ដែល​តែង​កើតឡើង​ជារឿយៗ​។​

តំណាង​ដ៏​ខ្ពង់ខ្ពស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ​នរោត្តម​សីហមុនី​និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ កាលពី​រសៀល​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​ឧបនាយករដ្ឋមន្ត្រី គង់​សំអុល​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង​បាន​ចុះ​ជួប​សួរសុខទុក្ខ​និង​នាំយក​ព្រះរាជ​អំណោយ​របស់​សម្តេច​ទាំង​ទ្វេ​ផ្តល់ជូន​ជនរងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នៅ​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្តកំពត​។​
ក្នុងឱកាស​សំណេះសំណាល​ជាមួយ​ក្រុមគ្រួសារ​រងគ្រោះ​ខាងលើ​សម្តេចចៅហ្វា​វាំង​បាន​នាំយក​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ រួមទាំង​សេចក្តីសោកស្តាយ​ជូន​ចំពោះ​ប្រជារាស្ត្រ​ជាទី​ស្រឡាញ់​របស់ ព្រះមហាក្សត្រ និង​ព្រះមហាក្សត្រី​ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ​។

​ជាមួយគ្នានេះ​សម្តេច​ឧបនាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ក្រើន​រំលឹកថា​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ​ថែទាំ​សុខភាព​និង​បង្កើន​ការប្រុងប្រយ័ត្ន​ជាមួយ​បាតុភូតធម្មជាតិ​ផ្សេងៗ​ដែល​តែង​កើតឡើង​ជារឿយៗ​។​

ពិសេស​ព្យុះភ្លៀង ផ្គរ​រន្ទះ និង​ទឹកជំនន់​ជាដើម​។​ផ្អែក​តាម​ការប្រកាសរ​បស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​គឺ​នៅ​ចន្លោះ​ពីថ្ងៃ​ទី​១​ដល់​ថ្ងៃទី​៧​ខែកក្កដា​ឆ្នាំ​២០២០​តំបន់​ជាប់មាត់​សមុទ្រ​និង​បណ្តា​ខេត្ត​មួយចំនួនទៀត​នឹង​ទទួលរង​ឥទ្ធិពល​ខ្យល់មូសុង​និរតី​បក់បោក​ខ្លាំង​។

​ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ពិសេស​ប្រជា​នេសាទ​ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​កិច្ចការពារ​ខ្លួន​និង​គ្រួសារ​។​សម្តេច​គង់​សំអុល​បាន​ក្រើនរំលឹក​ទៀតថា​ក្នុងអំឡុងពេល​នៃ​ការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​១៩​នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​អនុវត្ត​វិធាន​របស់​រាជ​រដ្ឋា​ផិ​បាល​ឱ្យបាន​ជាប់​ជាប្រចាំ​ដើម្បី​ភាពសុខសាន្ត​ក្នុង​សហគមន៍​ទាំងអស់គ្នា​។

​សូមបញ្ជាក់ថា​ព្រះរាជ​អំណោយ​ដែល​ជនរងគ្រោះ​ទាំង​៣៣​គ្រួសារ​បានទទួល​គឺ​មួយ​គ្រួសារៗ​រួមមាន​អង្ករ​ទម្ងន់​៥០​គីឡូក្រាម​ឃី​ត​មួយកញ្ចប់​មី​មួយ​កេស​ត្រីខ​១០​កំប៉ុង​កៅស៊ូ​តង់​មួយ​ផ្ទាំង​សាប៊ូ​៥​ដុំ​អាវយឺត​មួយ​។​បន្ថែម​លើ​នេះ​ពលរដ្ឋ​រងគ្រោះ​ធ្ងន់ធ្ងរ​ចំនួន​៥​គ្រួសារ​ផ្តល់ជូន​ថវិកា​៨០​ម៉ឺន​រៀល​សម្រាប់​មួយ​គ្រួសារៗ​។ ក្រៅពីនោះ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៤០​ម៉ឺន​រៀល​។​

​សូម​រំលឹកថា​កាលពី​រសៀល​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០២០​ខ្យល់​កន្ត្រាក់​បាន​បក់បោក​យ៉ាងខ្លាំង​ក្លា​លើ​ភូមិសាស្ត្រ​នៃ​ឃុំ​ព្រែក​ត្នោត​ស្រុក​ទឹកឈូ​ខេត្តកំពត​។​ហេតុការណ៍​នោះបាន​បណ្តាលឱ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ត្រពាំងរ​ពៅ​ចំនួន​៣៣​ខ្នង​រង​ការខូចខាត​ដោយ​ប្រាំ​ខ្នង​ដួលរលំ​រាប​ដល់​ដី​។​ជាមួយនេះ​ក៏បាន​បង្ក​មហន្តរាយ​ដល់​ដំណាំ​ហូប​ផ្លែ​ជាង​១០០​ដើម​ផងដែរ​៕សុខឌីណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *