ព័ត៌មានសង្គម សេដ្ឋកិច្ច

ពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​និង​តឹងរ៉ឹង​ជា​លក្ខខណ្ឌ​ចាំបាច់​ជាង​ពេលណាៗ​ទាំងអស់​

ភ្នំពេញ​៖​ការសិក្សា​វាយតម្លៃ​បឋម​មួយ​បាន​បង្ហាញថា​៖ ត្រី​គល់រាំង ត្រី​ត្រសក់​ក្រហម ត្រី​ខ្លា ត្រី​ក្របី ត្រី​ត្រចៀកដំរី និង​បបែល​យក្ស​ទឹកសាប សុទ្ធសឹង​ជា​ត្រី​ដែល​ស្ថិតក្នុង​ចំណោម​ត្រី​ចំនួន ៣៥​ប្រភេទ​កំពុង​ត្រូវបាន​គេ​ដាក់លក់​នៅតាម​ទីផ្សារ​ត្រី​ក្នុងប្រទេស​កម្ពុជា​និង​ត្រូវបាន​គេ​នាំ​ចេញទៅ​លក់​នៅ​ប្រទេសជិតខាង​មួយចំនួន​ទៀតផង​។​

ត្រី​គល់រាំង​និង​ត្រី​ត្រសក់​ក្រហម​ត្រូវបាន​ចាត់ថ្នាក់​ជា​ប្រភេទ​ជិត​ផុត​ពូជ​ជា​សកល​និង​នៅក្នុង​ប្រទេស​កម្ពុជា​។​ចំណែកឯ​ត្រី​ខ្លាត្រី​ក្របី​ត្រី​ត្រចៀកដំរី​សុទ្ធសឹង​ជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្នុងឱកាស​ទិវា​មច្ឆជាតិ​លើក​ទី​២០​នៅ​ថ្ងៃទី​១​ខែកក្កដា​ឆ្នាំ​២០២០​រដ្ឋបាល​ជលផល​និង​អង្គការ​មូលនិធិ​សត្វព្រៃ​ពិភពលោក​(WWF)​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​មេត្តា​ចាត់វិធានការ​ជាបន្ទាន់​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​និង​តឹងរឹង​បំផុត​ចំពោះ​រាល់​ការនេសាទ​និង​ការជួញដូរ​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​ដែល​កំពុង​កើតឡើង​នៅក្នុង​តំបន់​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​។

​ការធ្វើ​ពាណិជ្ជកម្ម​និង​ជួញដូរ​ត្រី​ជិត​ផុត​ពូជ​ប្រភេទ​នេះ​មិន​ត្រឹមតែ​ជា​ទង្វើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ​សកម្មភាព​នេះ​កំពុង​បង្ក​ហានិភ័យ​ខ្ពស់​គួរឱ្យ​ព្រួយបារម្ភ​ដល់​ធនធាន​ជលផល​កម្ពុ​ជាពិសេស​ប្រភេទ​ត្រី​មេ​ពូជ​សំខាន់ៗ​និង​សត្វ​ផ្សោត​ទន្លេ​ដែលជា​បេតិកភណ្ឌ​មាន​ជិវិត​របស់​ជាតិ​យើង​ផងដែរ​។​រដ្ឋបាល​ជលផល អាជ្ញាធរ​ដែនដី​អង្គការ​WWF​និង​ដៃគូរ​អភិវឌ្ឍ​ដទៃទៀត​បាន​នឹង​កំពុង​យកចិត្តទុកដាក់​ការពារ​និង​ថែរក្សា​មិនឱ្យ​ធនធាន​ដ៏​កម្រ​នេះ​បាត់បង់​។

មិនតែប៉ុណ្ណោះ​រដ្ឋបាល​ជ​ល​ផល​និង​អង្គការ​WWF​ក៏បាន​ដាក់ចេញ​នូវ​អនុសាសន៍​មួយចំនួន​ផងដែរ​ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ច្បាប់​ជលផល​ចំពោះ​ការនេសាទ​និង​ជួញដូរ​ត្រី​ខុសច្បាប់​បន្ទាប់ពី​ស្ថាប័ន​ទាំងពីរ​នេះ​បានបញ្ចប់​ការសិក្សា​វាយតម្លៃ​បឋម​ស្តីអំពី​ការនេសាទ​និង​ការជួញដូរ​ត្រី​ខុសច្បាប់​នៅក្នុង​តំបន់​តាម​បណ្តោយ​ដង​ទន្លេមេគង្គ​កាលពីដើមឆ្នាំ​២០២០ នេះ​។​

​លោក​អេង​ជា​សាន​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​មានប្រសាសន៍ថា​៖“​អ្នកនេសាទ​ត្រី​អ្នកទិញ​ត្រី​និង​ឈ្មួញកណ្តាល​មិនសូវ​យល់ដឹង​អំពី​ច្បាប់​ស្តីពី​ជលផល​និង​លិខិតបទដ្ឋាន​គតិយុត្តិ​នានា​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​និង​ការគ្រប់គ្រង​ធនធាន​ជលផល​ទេ​ជាពិសេស​ប្រភេទ​ជលផល​កំពុង​ទទួល​រង​ការគំរាមកំហែង ដែល​យើង​ត្រូវ​រួមគ្នា​អភិរក្ស​កុំឱ្យ​បាត់បង់​។

​ខ្ញុំ​សូម​ស្នើ​យ៉ាងទទូច​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បង្កើន​ការអប់រំ​និង​ផ្សព្វផ្សាយ​បន្ថែមទៀត​ជូន​ដល់​ប្រជា​នេសាទ និង​សហគមន៍​មូលដ្ឋាន​ដែល​រស់​នៅតាម​បណ្តោយ​ដង​ទន្លេមេគង្គ អំពី​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្តិ​ផ្សេងទៀត​ជា​ធរមាន ក៏ដូចជា​បំផុសស្មារតី​របស់​ប្រជាជន​ឱ្យចូល​រួមការ​ពារ និង​ថែរក្សា​ធនធាន​ជលផល​កម្ពុជា​កុំឱ្យ​បាត់​បង់ហើយ​បន្ត​លើកទឹកចិត្ត​ប្រជាជន​ឱ្យ​ចាប់យក​ជម្រើស​មុខរប​រ​ផ្សេងទៀត​បន្ថែម​ពីលើ​ការនេសាទ​”​។​

​របាយការណ៍​ស្តីពី​ការពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះ​និង​ស្ទឹងត្រែង មន្ត្រី​ឆ្មាំ​ទន្លេ​និង​អង្គការ​WWF​បាន​បង្ហាញថា​មានការ​កើនឡើង​នូវ​សកម្មភាព​នេសាទ​នៅក្នុង​ដែន​អភិរក្ស​ដែលជា​តំបន់​ច្បាប់​ហាមឃាត់​មិនឱ្យ​មានការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដូចជា​៖ សំណាញ់​មង​បណ្តែត មង​កាំ​ង ស​ន្ទួ​ចរ​នង ឧបករណ៍​ឆក់​និង​ថ្នាំ​បំពុល​។

​ផ្អែក​តាម​របាយការណ៍​ដដែល​នេះ​ចំនួន​មង​នេសាទ​ដែល​ក្រុមការងារ​ដកហូត​បាន​ពី​ការបង្ក្រាប​បទល្មើស​ជល​ផល​ក្នុង​ចន្លោះ​ខែធ្នូ​ឆ្នាំ​២០១៩​ដល់​ខែឧសភា​ឆ្នាំ​២០២០​បាន​កើនឡើង​ចំនួន​៣៨​ភាគរយ​ដែល​ប្រវែង​មង​ដកហូត​បាន​សរុប​មាន​ចំនួន​៣៩.១៦២​ម៉ែត្រ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៨​និង​២០១៩​ដែល​មង​ដកហូត​បាន​មាន​ប្រវែង​សរុប​តែ​២៨.៤៣៥​ម៉ែត្រ​។​

ដូចគ្នានេះដែរ​ការប្រើប្រាស់​ស​ន្ទួ​ចរ​នង​មានការ​កើនឡើង​ចំនួន​៤៦ ភាគរយ ដែល​ប្រវែង​ស​ន្ទួ​ចរ​នង​ដកហូត​បាន​ចន្លោះ​ខែធ្នូ​ឆ្នាំ​២០១៩ ដល់​ខែឧសភា​ឆ្នាំ​២០២០​សរុប​មាន​ចំនួន​៣៧.០៤០​ម៉ែត្រ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៨​និង​២០១៩ មាន​ប្រវែង​តែ ២៥.៤៣៧ ម៉ែត្រ​។​

​លោក​សេង​ទៀក​នាយក​អង្គការ​WWF​មានប្រសាសន៍ថា​៖“​ខ្ញុំ​សូម​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​មេត្តា​បង្កើន​ការ​រឹតបន្តឹង​លើ​ការអនុវត្ត​ច្បាប់​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់បំផុត​និង​បង្កើន​យន្តការ​ត្រួតពិនិត្យ​ជាប្រចាំ​នៅតាម​បណ្តា​ទីផ្សារ​និង​ដេប៉ូ​ទិញ​-​លក់​ត្រី​ព្រមទាំង​ដាក់ពិន័យ​ឱ្យបាន​ធ្ងន់ធ្ងរ​បំផុត​ដល់​ជនល្មើស​ទាំងឡាយណា​ដែល​ធ្វើ​សកម្មភាព​នេសាទ​នៅក្នុង​តំបន់ហាមឃាត់ និង​ធ្វើ​ពា​ណិ​ជ្ចក​ម្ម​ប្រភេទ​ត្រី​ជិត​ផុត​ពូជ​និង​ត្រី​មេ​ពូជ​ក្នុងប្រទេស​កម្ពុជា​”​។​

​អនុសាសន៍​សំខាន់ៗ​ដែល​ត្រូវបាន​ដាក់ចេញ​ដើម្បី​អភិរក្ស​ប្រភេទ​ត្រី​កំពុង​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​រួមមាន​៖១/​បង្កើន​ការអប់រំ​និង​ផ្សព្វផ្សាយ​ជូន​ដល់​អ្នក​ប្រកប​របរ​លក់​ត្រី​និង​ឈ្មួញកណ្តាល​ដើម្បី​បញ្ជ្រៀប​ការយល់ដឹង​អំពី​ច្បាប់​ស្តីពី​ជលផល និង​លិខិតបទដ្ឋាន​គតិយុត្តិ​ពាក់ព័ន្ធ​ផ្សេងទៀត​។

២/​បន្ត​តាមដាន​សកម្មភាព​នេសាទ​ខុសច្បាប់​ដែល​ប្រើ​ឧបករណ៍​ឆក់​និង​កំណត់​ឲ្យ​បាន​ច្បាស់​នូវ​ខ្សែសង្វាក់​ជួញដូរ​ត្រី​ខុសច្បាប់​។ ៣/​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ដោយមាន​ការចូលរួមរ​បស់​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បញ្ឈប់​ការប្រមូល​ផល​ត្រី​និង​ផ្លូវ​ដឹកជញ្ជូន​ត្រី​ដែល​បានមកពី​សកម្មភាព​នេសាទ​ខុសច្បាប់​នៅតាម​ដង​ទន្លេ ក៏ដូចជា​ដើម្បី​បញ្ឈប់​ការលក់​ត្រី​ដែលជា​ប្រភេទ​កំពុង​រងគ្រោះថ្នាក់​នៅតាម​ទីផ្សារ​។

៤/​ក្រុមការងារ​ល្បាត​ចល័ត​ដែលមាន​សមាសភាព​ដឹកនាំ​ដោយ​ប្រធាន​និង​អនុប្រធាន​ក្រុម​ឆ្មាំ​ទន្លេ​ត្រូវ​ចាត់វិធានការ​ចាំបាច់​នានា​ចំពោះ​ការជួញដូរ​ត្រី​ខុសច្បាប់ រាប់បញ្ចូល​ទាំង​ប្រភេទ​ត្រី​កំពុង​រងគ្រោះថ្នាក់​។​

លោក សេង ទៀក មានប្រសាសន៍​បន្ថែមទៀត​ថា​៖ “​អង្គការ WWF​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​គាំទ្រ និង​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ខណ្ឌ​រដ្ឋបាល​ជលផល​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ក្នុង​ខេត្តក្រចេះ​និង​ស្ទឹងត្រែង​ព្រមទាំង​អាជ្ញាធរខេត្ត​និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ដើម្បី​អនុវត្ត​អនុសាសន៍​និង​វិធានការ​បន្ទាន់​នានា ក្នុង​គោលដៅ​បង្កើន​ការអនុវត្ត​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​”៕សុផល​

rsc

Leave a Reply

Your email address will not be published. Required fields are marked *