ព័ត៌មានសង្គម សុខាភិបាល

ផ្តល់​គ្រែ​អ្នកជំងឺ​ជួយ​បំពេញតម្រូវការ​នៃ​មន្ទីរពេទ្យ​ខេត្ត​ប៉ៃលិន​

ប៉ៃលិន​៖​អាជ្ញាធរខេត្ត​បានផ្តល់​គ្រែ​អ្នកជំងឺ​ស៊េរី​ទំនើប​ជាច្រើន​គ្រែ​ដើម្បី​ចូលរួម​បំពេញ​សេចក្តីត្រូវការ​ដែលមាន​ការកើនឡើង​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​។​ក្នុងឱកាស​ផ្តល់​គ្រែ​អ្នកជំងឺ​នៅ​ថ្ងៃទី​២០​ខែកក្កដា​ឆ្នាំ​២០២០​កន្លងមកនេះ​លោក​ផាន់​ចាន់​ធុល​អភិបាលខេត្ត​ប៉ៃលិន​បាន​លើកឡើងថា​៖​ការផ្តល់​នូវ​គ្រឿង​បរិក្ខា​ពេទ្យ​នេះ​ជាការ​ចូលរួម​បំពេញ​នូវ​សេចក្តីត្រូវការ​លើក​ការផ្តល់សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។​

​ជៀសវាង​ប្រជាពលរដ្ឋ​អ្នកជំងឺ​ចូលទៅ​សម្រាក​ព្យាបាល​ហើយ​ខ្វះខាត​មិនមាន​គ្រែ​និង​មួយផ្នែក​ទៀត​សំដៅ​លើកកម្ពស់​អនាម័យ​អនុវត្ត​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​នានា​រួមទាំង​ជំងឺឆ្លង​កូ​វីដ​-១៩​ផងដែរ​។​លោក​អភិបាលខេត្ត​ក៏បាន​ណែនាំ​ដល់​ក្រុមគ្រូពេទ្យ​ទាំងអស់​ឱ្យ​បន្ត​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ឱ្យបាន​ល្អ​តាម​មុខជំនាញ​រៀងៗ​ខ្លួន​ធានា​ផ្តល់​សេវា​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​មាន​ប្រសិទ្ធភាព​។​

ត្រូវ​ប្រកាន់ខ្ជាប់​នូវ​សីលធម៌​វិជ្ជាជីវ​:​របស់​គ្រូពេទ្យ​ដោយ​ប្រើ​ឥរិយាបទ​ទន់ភ្លន់​ពាក្យសំដី​សមរម្យ​សាក​សមជា​លោកគ្រូ​ដែលមាន​ចំណេះដឹង​ខ្ពស់​ជាទី​មាន​ទំនុកចិត្ត​សម្រាប់​អ្នកជំងឺ​ទើប​មានការ​គាំទ្រ​ក្តី​ស្រឡាញ់​និង​ការ​រាប់អាន​កោតសរសើ​រ​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​មកពី​មជ្ឈដ្ឋាន​ផ្សេងៗ​។​

​ជាមួយនេះដែរ​លោក​ផាន់​ចាន់​ធុល​ក៏បាន​លើកឡើង​នូវ​ការកោតសរសើរ​ខ្ពស់​ចំពោះ​ក្រុមគ្រូពេទ្យ​ជំនាញ​ដែល​កន្លង​បាន​ចំណាយ​និង​រំលែក​ពេលវេលា​ជួបជុំ​ក្រុមគ្រួសារ​មក​បំពេញការងា​រ​ភារកិច្ច​របស់ខ្លួន​បម្រើ​ដល់​អ្នកជំងឺ​ប្រកបដោយ​ការយកចិត្តទុកដាក់​និង​ទទួលខុសត្រូវ​ខ្ពស់​។​ក្នុងការ​ពិនិត្យ​តាមដាន​សុខភាព​ឬ​ជំងឺ​ធ្ងន់​ស្រាល​របស់​ប្រជាពលរដ្ឋ​។​

ជាមួយ​នោះ​ថែមទាំង​បាន​ចូលរួម​សហការ​យ៉ាងសកម្ម​ផងដែរ​ក្នុង​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ទូទៅ​។​ពិសេស​កូនចៅ​ប្រជាពលរដ្ឋ​ជា​ពលករ​ដែល​ទើប​វិល​មកពី​ក្រៅប្រទេស​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដើម្បី​រួមគ្នា​បង្ការ​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​ក្រៅពី​ការ​ផ្តល់ជំនួយ​គ្រែ​អ្នកជំងឺ​ទាំង​១៥​គ្រែ​ក្រុមការងារ​អង្គភាព​ជុំវិញ​ខេត្ត​ក៏​នាំយក​នូវ​ភេសជ្ជ​:​ចំនួន ២០​កេស​ព្រមទាំង​ថវិកា​ចំនួន​២​លាន​រៀល​ថែមទៀត​ជួយ​ដល់​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ជាការ​លើកទឹកចិត្ត​៕ខុម

Leave a Reply

Your email address will not be published. Required fields are marked *