ព័ត៌មានសង្គម សេដ្ឋកិច្ច

រដ្ឋមន្ត្រី​ក្រសួងកសិកម្មចុះទៅពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​គី​រី​សួ

ភ្នំពេញ​៖កាលពីព្រឹកថ្ងៃទី​៣១​ខែសីហា​ឆ្នាំ​២០២០​​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបាន​ដឹកនាំ​មន្ត្រី​និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​គី​រី​សួ ដែលមាន​ទីតាំងនៅ​ភ្នំ​តា​ម៉ៅ ស្រុក​បាទី ខេត្តតាកែវ​។

​លោក គួច សុ​លី នាយក​ចាត់ការ​ទូទៅ​នៃ​កសិដ្ឋាន​នោះ បាន​ឲ្យ​ដឹងថា គំនិត​ផ្តួច​ផ្តើមដំបូង​នៃ​ការវិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ គឺ​ក្នុងខណ​:​ដែល​លោក​រដ្ឋមន្ត្រី​បាន​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​ជា​ផ្លូវការ​នៅ​ប្រទេស​អី​ស្រា​អែល​ក្នុង​ខែសីហា ឆ្នាំ​២០១៥​។​

​លោក​បាន​បន្តថា ជំនួប​ពិភាក្សា​រវាង លោក រដ្ឋមន្ត្រី ជាមួយ សម​ភាគី​អ៊ីស្រាអែល និង​នាយក​គ្រប់គ្រង​នៃ​ទីភ្នាក់ងារ​ជំនួយ​អន្តរជាតិ​សម្រាប់​ការអភិវឌ្ឍ​របស់​រដ្ឋា​ភិ​បាល​អ៊ីស្រាអែល​នៅពេល​នោះបាន​រកឃើញ​ក​ម្ម​វត្ថុ​សំខាន់​មួយ​ដែលមាន​សក្តានុពល​មួយ គឺ​ការវិនិយោគ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ ។​


លោក​បាន​បន្តថា ផ្តើមចេញពី​លទ្ធផល​នៃ​ជំនួប​ពិភាក្សា​នេះ ក្រុមហ៊ុន ផលិត​ទឹកដោះគោ​ស្រស់​ខ្មែរ ( Khmer Fresh Milk Co., Ltd )​បានចាប់ផ្តើម​រៀបចំ​បែបបទ​ទៅតាម​នីតិវិធី​រដ្ឋបាល បច្ចេក ទេស និង​ច្បាប់​របស់​កម្ពុជា​គឺ​បាន​ចុះបញ្ជី​ក្រុមហ៊ុន​នៅ​ក្រសួងពាណិជ្ជកម្ម និង បានទទួល​ការអនុញ្ញាត​ជាគោលការណ៍​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្តេច​តេ​ជោ ហ៊ុន សែនឱ្យ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​កាលពី​ថ្ងៃទី​២៨ ខែមីនា ឆ្នាំ​២០១៨ លើ​ផ្ទៃដី ៣០០​ហិកតានិង​ចុងក្រោយ​ទទួល​ការអនុម័ត​ជា​ផ្លូវការ​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៩​។

លោក​បាន​អះអាងថា នេះ​គឺជា​កសិដ្ឋាន​ចិញ្ចឹម​គោ​ទឹកដោះ​ទំនើប​ទាន់សម័យ ធំជាងគេ និង​ដំបូងបង្អស់​នៅ​កម្ពុជា ដែល​ប្រើប្រាស់​បច្ចេក វិទ្យា​ចុងក្រោយ​របស់​ប្រទេស​អ៊ីស្រាអែល​ទាំង​ការចិញ្ចឹម ការដាំ​ស្មៅ​ជា​ចំណី​លើ​ផ្ទៃដី ២០០​ហិកតារចនាសម្ព័ន្ធ​ស្រោចស្រព ដោយ​ប្រើ​ប្រព័ន្ធ​បច្ចេកវិទ្យា​កសិកម្ម​វៃឆ្លាត ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក អគ្គិសនី ផ្លូវ រោងចក្រ​កែច្នៃ​ទឹកដោះ អគារ​រដ្ឋបាល អគារ​ផលិត​ចំណី ឃ្លាំង​ចំណី កន្លែង​ថែរក្សា និង​សម្លាប់​មេរោគ (Pasteurized milk) និង​ស្រះ​ស្តុក​ទឹក (២២.០០០​ម៉ឺន​ម៉ែត្រគូប​)​។​ល​។

​លោក បាន​បន្តថា បច្ចុប្បន្ន គោ​ចំនួន ៥៦០​ក្បាល ត្រូវបាន​នាំចូល​ក្នុងនោះ​គោ​ចំនួន ៣០០​ក្បាល​ចាប់ផ្តើម​ផ្តល់​ទឹកដោះ​បាន​ដោយ​មួយ​ក្បាល ២០​លីត្រ​នៅក្នុង​មួយថ្ងៃ ហើយ​ជា​មធ្យម​កសិដ្ឋាន​ផលិត​ទឹកដោះ​បាន ៦.០០០​ល​នៅក្នុង​ថ្ងៃ​។ នៅ​បំណាច់​ឆ្នាំនេះ សង្ឃឹមថា​គោ​ទាំង ៥៦០​ក្បាល នឹង​ផ្តល់​ទឹកដោះ​បាន​គ្រប់ៗ​ក្បាល ដល់​ពេលនោះ​កសិដ្ឋាន​អាច​ផលិត​ទឹកដោះ​បាន​ចំនួន ១០.០០០​ល​ក្នុង​១​ថ្ងៃ​។ ចំពោះ​ចំណី (​ស្មៅ និង​ពោត​) ដាំ​ខ្លួនឯង ។

ដោយឡែក​សណ្តែកសៀង និង​កាក​ស្រា​បៀ​ប្រមូល​ទិញ​ក្នុងស្រុក​។ ចំពោះ​សុខភាព​សត្វ រាល់​សត្វ​នីមួយៗ​ត្រូវបាន​បំពាក់​ដោយ​សេន​ស័​រ និង​លេខ​កូដ​នៅ​ជើង ហើយ​ភ្ជាប់​ទៅ​ប្រព័ន្ធ​ត្រួត ពិនិត្យ​សុខភាព ក្នុងករណី​គោ​ណាមួយ​មាន​បញ្ហា​សុខភាព​វា​នឹង​បង្ហាញ​ប្រាប់ ជាបន្ទាន់​គេ​នឹង​ចាត់ វិធានការ​ត្រួតពិនិត្យ​តាម​លក្ខណ​:​បច្ចេកទេស​ច្បាស់លាស់​មួយ​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធ ភាព​។

បច្ចុប្បន្ន កសិដ្ឋាន​មាន​មន្ត្រី បុគ្គលិក និង​កម្មករ​ក្នុងស្រុក​ចំនួន ៦០​នាក់ និង​មន្ត្រី​ជំនាញ​បច្ចេកទេស​គ្រប់ផ្នែក​ចំនួន ៦​នាក់ (​អី​ស្រា​អែល ៤ និង​រុស្សី ២)​។ នៅក្នុង​ខែវិច្ឆិកា​ខាងមុខ​សង្ឃឹម ថា​គ្រប់ផ្នែក​ទាំងអស់​ក្នុង​កសិដ្ឋាន​នឹង​ចាប់ផ្តើម​ប្រតិបត្តិការ​ពេញលេញ​។

​នាឱកាស​នោះ​លោក​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​បីតិ​សោមនស្ស​ដែល​បាន​អញ្ជើញ​មក​ធ្វើ​ទស្សនកិច្ច​កសិដ្ឋាន​នា​ព្រឹក​នេះ​។ លោក​បាន​ថ្លែងថា ក្នុងនាម​រាជរដ្ឋាភិបាល ក្រសួង និង​ខ្លួន​លោក​ផ្ទាល់ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន រហូត​សម្រេច​ទទួលបាន​ជោគជ័យ​នា​ថ្ងៃនេះ។​ភាពជោគជ័យ​នេះ​មិនអាច​កាត់ផ្តាច់​បាន​ពី​ការចូល​រួមសហការ​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​អនុសាសន៍​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បានអនុម័ត​លើ​គម្រោង​នេះ។​វា​ពិតជា​មោទនភាព​របស់​ប្រទេស​យើង​ដែលមាន​ក្រុមហ៊ុន​ក្នុងស្រុក​សហការ​ជាមួយ​បរទេស​ដាក់ទុន ១៥​លាន​ដុល្លារ​វិនិយោគ​លើ​គម្រោង​ដ៏​ធំ​មួយ​នេះ​។​

លោក​បាន​រំលេច​ថា គម្រោង​នេះ​ពិតជា​នឹងចូលរួម​ចំណែក​ក្នុងការ​ផ្គត់​ផ្គង ផលិតផល​ទឹកដោះគោ​ស្រស់ និង​កែច្នៃ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​។ មិនតែប៉ុណ្ណោះ គម្រោង​នឹង​ជួយ​នាំយក​បច្ចេកវិទ្យា​ទំនើប ទាន់សម័យ វៃឆ្លាត និង​ចុងក្រោយ មក​ប្រើ​ក្នុងការ​ចិញ្ចឹម និង​ផលិត​ទឹកដោះ ធានា​គុណភាព និង​សុវត្ថិភាព ឈានទៅ​ធានា​សុខភាព​អ្នក​បរិភោគ និង​អាហារូបត្ថម្ភ​សម្រាប់​កុមារ​។

គម្រោង​បាន​ស្រូបយក​កំលាំង​ពលកម្ម​ក្នុងស្រុក និស្សិត​បញ្ចប់​ការសិក្សា ទទួលបាន​ចំណេះដឹង និង​បទពិសោធន៍ គម្រោង​បាន​ប្រើប្រាស់​វត្ថុធាតុដើម​ក្នុងស្រុក​។ គម្រោង​ពិតជា​បាន​បំពេញ​ឲ្យ​ខ្សែ​ច្រវាក់​ផលិតកម្ម​គ្រប់​ជ្រុងជ្រោយ និង​ពេញលេញ ស្របតាម​ឆន្ទ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្នុងការ​ជំរុញ​កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន។

ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម តាមរយ​:​ការបន្ត​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ក​សិ​-​ឧស្សាហកម្ម (​ការចិញ្ចឹម​គោ​ទឹកដោះ​) ដែល​នឹង​ជួយ​បង្កើន​តម្លៃបន្ថែម រក្សា​និរន្តរភាព​នៃ​ការផលិត ការផ្គត់ផ្គង់ និង​កាត់បន្ថយ​ការ​នាំចូល​ផលិតផល​ទឹកដោះ ធានាបាន​នូវ​អាហារូបត្ថម្ភ​សម្រាប់​កុមារ​៕ប៉ូ

rsc

Leave a Reply

Your email address will not be published. Required fields are marked *