សន្តិសុខ

ឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត​និង​ផ្ទះ​ពីរ​ខ្នង​គិតជាទឹកប្រាក់ប្រមាណ​១៤​ម៉ឺន៣​ពាន់ដុល្លារ

ព្រះវិហារ​៖​អគ្គិភ័យ​បាន​ឆាបឆេះ​យានដ្ឋាន​ជួសជុល​រថយន្ត​មួយកន្លែង​និង​ផ្ទះ​ពីរ​ខ្នង​អស់​ស្ទើរ​ទាំងស្រុង​ចំ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌគិតជាទឹកប្រាក់ប្រមាណ​១៤​ម៉ឺន៣​ពាន់ដុល្លារ​។​ហេតុការណ៍​នោះបាន​កើតឡើង​នៅ​ភូមិ​ឆែប​លិច​ឃុំ​ឆែប​១​ស្រុក​ឆែប​ខេត្តព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​ស្រុក​ឆែប​បានឱ្យដឹងថា​នៅ​ម៉ោង​ប្រមាណ​៨​ព្រឹក​ថ្ងៃទី​១៧​ខែកញ្ញា​នេះ​មាន​អគ្គិភ័យ មួយ​បាន​ឆាបឆេះ​យានដ្ឋាន​ជួលជុល​រថយន្ត​១​កន្លែង​និង​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​បាន​រង​ការឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង​។​អគ្គិភ័យ​នោះ​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​អាច​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​

មន្ត្រីនគរបាល​ដដែល​បាន​បន្តថា​អគ្គិភ័យ​បាន​ឆេះ​យានដ្ឋាន ជួសជុល​រថយន្ត​១​ខ្នង​របស់​ឈ្មោះ សេង​សម្បត្តិ​អាយុ​៣៦​ឆ្នាំ​និង​ប្រពន្ធ​ឈ្មោះ​ប៊ុន​អេង​នាង​អាយុ ៣០​ឆ្នាំ រស់នៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​១ ស្រុក​ឆែប​។​យានដ្ឋាន​នោះ​សង់​ពី​ឈើ​ប្រក់​ស័ង្កសី​ទំហំ​១២​ម៉ែត្រ​គុណ​១៦​ម៉ែត្រ​ខូចខាត​គិត​ជា​ទឹកប្រាក់​អស់ ប្រមាណ​៨​ម៉ឺន​ដុល្លារ​អាមេរិក​។​

​ចំណែក​ផ្ទះ​២​ខ្នង​១​ខ្នង​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ធិ​ន​ថែប​អាយុ​៤៦​ឆ្នាំ​ជា​មន្ត្រីនគរបាល​ប្រពន្ធ​ឈ្មោះ​យ៉ែម​កេ​ម​ផ្ទះ​នោះ​សង់​ក្នុង​ទំហំ​៩​ម៉ែត្រ​គុណ​៩​ម៉ែត្រ ចំណាយ​ទឹកប្រាក់​អស់ ៥​ម៉ឺន​ដុល្លារ​អាមេរិក បាន​ឆេះ​អស់ទាំង​ស្រុង​ដែល​ស្ថិតនៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប​១ ស្រុក​ឆែប ។​

ម្ចាស់ផ្ទះ​ឆេះ ១​ខ្នង​ទៀត ឈ្មោះ ឃៀង គឹម​សាន្ដ​អាយុ ៤៨​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ឆែប​លិច ឃុំ​ឆែប ១ ស្រុក​ឆែប ខេត្តព្រះវិហារ ។​ភ្លើង​បាន​ឆេះ​ជញ្ជាំង​ផ្ទះ​អស់​មួយ ចំហៀង គិត​ជា​ទឹកប្រាក់​ខាតបង់​អស់​ប្រមាណ​១​ម៉ឺន ៣​ពាន់​ដុល្លារ​អាមេរិក​។ សរុប​ទឹកប្រាក់ ទាំង​លំនៅស្ថាន និង​យានដ្ឋាន បូក​រួមទាំង​ទ្រព្យសម្បត្តិ ដែល​រង​ការឆាបឆេះ និង​ខូចខាត​នោះ មាន​ចំនួន​ប្រមាណ​១៤​ម៉ឺន ៣​ពាន់ ដុល្លារ​អាមេរិក ។

​ប្រភព​បាន​បន្តថា​៖​នៅក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​នោះ ស្នងការដ្ឋាន​នគរបាល ខេត្តព្រះវិហារ បាន​បញ្ចេញ​រថយន្ត​ពន្លត់​អគ្គិភ័យ ៧​គ្រឿង ប្រើប្រាស់​កម្លាំង ៤០​នាក់ ដើម្បី​ចេញ​អន្តរាគមន៍​។ បាញ់​ទឹក​ពន្លត់ភ្លើង​ដែល​ឆេះ​ផ្ទះ​និង​យានដ្ឋាន​នាពេលនោះ​រថយន្ត​ស្នង​ដ្ឋា​ន​នគរបាល​ខេត្ត​១​គ្រឿង​,​នគរបាល​ស្រុក​ត្បែងមានជ័យ​១​គ្រឿង​,​នគរបាល​ស្រុក​ឆែប​៣​គ្រឿង​,​រថយន្ត​នគរបាល​ស្រុក​ជ័យ​សែន​២​គ្រឿង​និង​បាន​ប្រើប្រាស់​ទឹក​អស់​១២​រថយន្ត​ទើប​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​។​

​មន្ត្រីនគរបាល​ជំនាញ​អគ្គិភ័យ បាន​បញ្ជាក់ថា ក្រោយ​ការស្រាវជ្រាវ មូលហេតុ​ដែលនាំឱ្យ​កើតឡើង នៃ​គ្រោះ​អគ្គិភ័យ​នេះ​បណ្តាលមកពី​ទុស្សេ​ខ្សែភ្លើង​។​នៅក្នុង​ហេតុការណ៍​នេះ​មិន​បណ្តាលឱ្យមាន​មនុស្ស​ណា​ម្នាក់ បាន​រងគ្រោះថ្នាក់​នោះឡើយ ៕​វ៉ាន់ឌី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *