ព័ត៌មានសង្គម វប្បធម៌

​ផ្ទះ​ចំណាស់​មួយ​ខ្នង​មាន​ជាប់​ស្នាម​ត្រា​ដែក​បង់ពន្ធ​សម័យ​បារាំង​អាយុកាល​ជាង​១២០​ឆ្នាំ​

បន្ទាយមានជ័យ​៖​អាជ្ញាធរ​ចង់​អភិរក្ស​និង​អភិវឌ្ឍន៍​ផ្ទះ​ឈើ​ប្រក់​ក្បឿង​ចំណាស់​ជាង​១២០​ឆ្នាំ​បន្ទាប់ពី​រកឃើញ​ស្នាម​ពន្ធ​ត្រា​ដែក​សម័យ​អាណានិគម​បារាំង​ដែល​បោះ​ដិត​ជាប់​ក្រឡៅ​នៅ​នឹង​សសរ ។​ផ្ទះ​នោះ​ស្ថិតនៅ​ភូមិ​តា​បែន​ឃុំ​តា​បែន​ស្រុក​ស្វាយចេក​ខេត្តបន្ទាយមានជ័យ ។​

​លោកតា​បេ​ឈួន​ហៅ​គឹម​ឈួន​អាយុ​៨២​ឆ្នាំ​ជា​កូនពៅ​នៃ​បងប្អូន​៥​នាក់​ជាជាង​ឈើ​និង​ជា​ម្ចាស់ផ្ទះ​នោះបាន​ឱ្យដឹង​កាលពី​ថ្ងៃទី​២៤​ខែកញ្ញា​ឆ្នាំ​២០២០​ថា​៖​ផ្ទះរោងដោល​ធ្វើ​ពី​ឡើង​ប្រក់​ក្បឿងស្រកាត្រី​នោះ​ជា​កេរ​ឳ​ពុក​លោក​មានឈ្មោះ​បេ​យុន​និង​ម្តាយ​ឈ្មោះ​សៅ​ច្រែង​ដែលជា​កូនចៅ​សែស្រឡាយ​ចិន​។​ពួកគាត់​(​កាលសម័យ​បារាំង​)​មាន​របរ​ធ្វើស្រែ​ចម្ការ​នៅ​ភូមិ​/​ឃុំ​តា​បែន​ស្រុក​សិរីសោភ័ណ​ខេត្តបាត់ដំបង ។​


​លោកតា​បាន​បន្តថា​៖​កាល​លោក​ដឹងក្តី​គឺមាន​ផ្ទះ​នេះ​ចាស់​ដែរ​ហើយ​។​គឺ​ផ្ទះ​នេះ​អាច​សាងសង់​នៅ​ឆ្នាំ​១៩០០​ឬ​១៩០៥ ។​លោកតា​បាន​បន្តថា ៖ ផ្ទះ​នេះ បាន​សង់​ដោយ​ជីក​កប់​សសរ​កកោះ​និង​ផ្ចឹក​ក្នុង​ដី ។ សំណង់​ឈើ​នេះ​មិន​បានល្អ​ទេ​ដោយសារ​កាលណោះ​មានការ​លំបាក​ជីវភាព​ដែរ​គឺ​សង់​ឱ្យតែបាន​ជ្រក​ស្នាក់នៅ ។​

ហេតុនេះ​បានជា​ឈើ​គ្រឿងផ្ទះ មិនបាន​ឈូស​ឱ្យ​ល្អ ឈើ​ក៏​មិនសូវ​ល្អ ហើយ​ក្តារក្រាល ក្តារជញ្ជាំង ទ្វារ​ផ្លាន​ផ្ទោង​ដៃរណែង​…​ក៏​មិនសូវ​ល្អ​។​ប៉ុន្តែ​លក្ខណៈពិសេស​មួយ​ដែលមាន​តម្លៃ​អនុស្សាវរីយ៍​ជា​ប្រវត្តិសាស្ត្រ​គឺ​សសរផ្ទះ​នេះ​ចំនួន​៤​ដើម​នៅលើ​ក្តារក្រាល​នៅសល់​ភស្តុតាង​ត្រា​ដែក​សម័យ​អាណានិគមនិយម​បារាំង​ដែល​វាយយក​ពន្ធ​ផ្ទះ ។​

​លោកតា​បេ​ឈួន​បាន​បន្តថា​៖​កាល​នៅ​ក្មេង​ឪពុក​លោកតា​បាន​ប្រាប់ថា​ភ្នាក់ងារ​ពន្ធដារ​ជនជាតិ​បារាំង​បាន​ជិះសេះ​ពី​ស្រុក​សិរីសោភ័ណ​ទៅ​វាយ​បោះត្រា​ដែក​លើ​សសរផ្ទះ​ដើម្បី​យកពន្ធ​ផ្ទះ​។​គឺ​វាយ​ត្រា​មូល​ជា​អក្សរ​បារាំង​S.F40,​លើស​សរមូល​។​ប៉ុន្តែ​លោកតា​និង​ក្រុមគ្រួសារ​ទើបតែ​បាន​ប្រទះឃើញ​ឡើងវិញ ហើយ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​បានដឹង ហើយ​ទៅសុំ​ពិនិត្យមើល​និង​ថត​ទុក ។

​លោកតា​ក៏​មិន​ចាំ​ថា​តើ​ថ្លៃ​ពន្ធ​ផ្ទះ​នោះ​ចំនួន​ប៉ុន្មាន​ឡើយ​។​បើ​យោង​ចាស់ព្រឹទ្ធាចារ្យ​នៅ​ភូមិ​តា​បែន​បានឱ្យដឹងថា​៖​នៅក្នុង​ភូមិ​នេះ​មានផ្ទះ​ចាស់​បូរាណ​ធំៗ​ចំណាស់​ជាង​១២០​ឆ្នាំ​នៅសល់​៤​ខ្នង ទី​១ របស់​ម៉ា​យូ (​យាយ​យូរ ) ។​ទី​២ របស់​កុង​ហ៊ូ ម៉ា​ឡៅ ។ រើ​ខ្លះ​នៅ​សម័យ​ប៉ុលពត ។​សព្វថ្ងៃ​ចៅ​ឈ្មោះ​កែវ រស់នៅ ។​ទី​៣ របស់​គឹម ។​ផ្ទះ​ត្រូវបាន​រើ ហើយ​កែលំអ​ថ្មី ។​និង​ទី​៤ របស់​កុង​យុក​។​

​លោក​ឡោក​សំបាន​មេឃុំ​តា​បែន​បាន​ឱ្ត​ដឹងថា​៖​ការ​នៅសល់​ភស្តុតាង​ត្រា​មូល​ដែក​លើ​សសរផ្ទះ​បូរាណ​នេះ​ក៏មាន​ប្រយោជន៍​ជា​ប្រវត្តិសាស្ត្រ​និង​ឆ្លុះបញ្ចាំង​ពី​វប្បធម៌​ពន្ធដារ​ផងដែរ ។​
​លោក​បាន​បន្តថា​៖​ការយកពន្ធ​មាន​គ្រប់​សម័យកាល​។​គ្រាន់តែ​សម័យ​ខ្លះ​ពិសេស​សម័យ​អាណានិគមនិយម​បារាំង​មាន​លក្ខណៈ​តឹងតែង​ធ្វើទុក្ខ​ធ្វើ​ទោស​ពលរដ្ឋ​និង​លើ​មុខ​សារពើពន្ធ​ខ្លះ​មិន​សម​ហេតុផល​ដូចជា​ពន្ធ​មនុស្ស​កាន់​កាត​ពី​១៨​ឆ្នាំ​ឡើង , ពន្ធ​ផ្ទះ ,​ពន្ធ​ស្រែ​។​ល​។

​តែ​នា​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​ក៏បាន​យកពន្ធ​ដារ​ដែរ​លើ​មុខ​សារពើពន្ធ​ត្រូវ​ជាប់ពន្ធ​។​គឺ​ចាប់​យកពន្ធ​លើ​មុខសញ្ញា​ខ្លះ​នៅពេល​ពលរដ្ឋ​មាន​ជីវ​ភាពល្អ​បុ​សើរ​ឡើង​មាន​ចំណេញ​ហើយ​អាចមាន​លទ្ធភាព​បង់ពន្ធ​បាន​ក្នុង​ក​ម្រឹត​សមស្រប​។​ក្នុងនោះ​ពន្ធ​ដីស្រែ​ចម្ការ​ដែល​ធ្វើជា​លក្ខណៈ​គ្រួសារ​រដ្ឋ​នៅតែ​មិន​យក​ឡើយ ។​

លោក​លឿង​សុ​ភក្តិ​អភិបាលស្រុក​ស្វាយចេក​បានឱ្យដឹងថា​៖​ថ្មី​នេះ​លោក​និង​សហការី​បាន​នាំ​អំណោយ​ទៅជូន​លោកតា​បេ​ឈួន​ហៅ​គឹម​ឈួន​ដោយសារ​គាត់​ចាស់ជរា​ហើយ​មាន​ជីវភាព​ជួប​ការលំបាក​ក្នុងអំឡុង​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីត​១៩ នេះ ។​

​លោក​លឿង សុ​ភក្តិ​បាន​បន្តថា ៖ នៅពេល​លោក​បានឃើញ​ភស្តុតាង​បោះត្រា​មូល​ដែក​លើស​សរ ដែល​សរសេរថា​S.F40,​នៅផ្ទះ​របស់​លោកតា​គឹមឈន់​លោក​និង​មន្ត្រី​នឹង​ស្នើសុំ​ម្ចាស់ផ្ទះ​ដើម្បី​អភិរក្ស​និង​អភិវឌ្ឍន៍ ដោយ​និង​អំពាវនាវ​សប្បុរសជន​ជួសជុល​កែលម្អ​ផ្ទះ​នេះ​៕​សហការី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *