ព័ត៌មានទេសចរណ៍ សេដ្ឋកិច្ច

ធ្វើ​សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​

​ភ្នំពេញៈ​កាលពីថ្ងៃទី​២៥​ខែកញ្ញា​ឆ្នាំ​២០២០​ក្រសួងទេសចរណ៍​​បានរៀបចំ​កិច្ចប្រជុំ​ពិភាក្សា​លើ​សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេស ចរណ៍​កម្ពុជា ។ក្រោយ​វិបត្តិ​ជំងឺឆ្លង​សកល​កូ​វីដ​-១៩ ចាប់ពី​ឆ្នាំ​២០២០-២០២៥ ក្រោម​អធិបតីភាព​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។​

អង្គប្រជុំ​បានឱ្យដឹងថា ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​នេះ​ផ្តោតលើ​ការរៀបចំ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ឡើងវិញ​ក្នុងអំឡុងពេល និង​ក្រោយ​វិបត្តិ​ជំងឺឆ្លង​កូ​វីដ​១៩ ដោយ​ក្នុង​រយៈពេល​៥​ឆ្នាំ​ខាងមុខ នឹង​ចាប់យក​មកវិញ​នូវ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ ៧​លាន​នាក់​មកវិញ និង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ពី​ការចូលរួម​របស់​វិស័យ​ទេសចរណ៍​ក្នុង​សេដ្ឋកិច្ច និង​សង្គម​។​



ក្នុងន័យនេះ​ផែនទី​ចង្អុល​ផ្លូវ​នេះ​នឹង​ចង្អុលបង្ហាញ​នូវ​ផែនការ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ដែលជា​ការងារ​អាទិភាព​ហើយ​ដែល​គួរតែ​ត្រូវបាន​ចាប់ផ្តើម​អនុវត្ត​ពី​ឥឡូវនេះ​។សម្រាប់​ទីផ្សារ​ទេសចរណ៍​ដែលមាន​សក្តានុពល​និង​ទីផ្សារ​ទេសចរណ៍​សមស្រប​ណាមួយ​ក្នុងដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺឆ្លង​កូ​វីដ​-១៩​។​

ដើម្បី​សម្រេចបាន​នូវ​ចក្ខុ​វិស័យនេះ​ផែនការ​ស្តារ​និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ដាក់ចេញ​វិធាន​គោលនយោបាយ​អន្តរាគមន៍ ក្នុង​រយៈពេល​ខ្លី មធ្យម និង​វែង ជា​៣​ដំណាក់កាល​សំខាន់ៗ​៖
​ទី​១៖ ដំណាក់កាល​ទី​១(Resilient & Restart)៖ការគ្រប់គ្រង​វិបត្តិ​ក្នុងដំណាក់កាល​ប្រក្រតីភាព​តាម​ទម្លាប់​ថ្មី (New Normal)និង​រៀបចំ​ផែនការ​សម្រាប់​ការ​ស្តារឡើងវិញ (​ឆមាស​ទី​២ ឆ្នាំ​២០២០ ដល់​ឆមាស​ទី​១ ឆ្នាំ​២០២១)​។​

ទី​២៖ ដំណាក់កាល​ទី​២ (Recovery)៖ ការជំរុញ និង​ការ​ស្តារឡើងវិញ​នៃ​វិស័យ​ទេសចរណ៍ (​ឆមាស​ទី​២ ឆ្នាំ​២០២១-២០២២)​។​ទី​៣៖ ដំណាក់កាល​ទី​៣(Relaunch)៖​ការរៀបចំ​ឆ្ពោះទៅកាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៣-២០២៥)​។​

ក្រសួងទេសចរណ៍​បាន​បន្តទៀតថា​ក្នុងដំណាក់កាល​នីមួយៗ​មានការ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​អនុវត្ត​ត្រូវ​អនុលោម​ទៅតាម​សសរស្តម្ភ ៤៖ បេតិកភណ្ឌ​វប្បធម៌ ទេសចរណ៍​តំបន់ឆ្នេរ អេកូ​ទេសចរណ៍ និង​ភាពជា​ប្រជាជន​ខ្មែរ រួមទាំង​គោលដៅ​យុទ្ធសាស្ត្រ​ចំនួន ៣៖ សេដ្ឋកិច្ច និង​ការងារ​ក្នុង​វិស័យ​ទេសចរណ៍ ការផ្សព្វផ្សាយ និង​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​និង​អន្តរជាតិ និង​អភិបាលកិច្ច​ក្នុង​វិស័យ​ទេសចរណ៍​។​

​បើតាម​កិច្ចប្រជុំ​ខាងលើ​សេចក្ដីព្រាង​ផែនទី​ចង្អុល​ផ្លូវ​នេះ​នឹង​បញ្ចូល​នូវ​សកម្មភាព​យុទ្ធសាស្ត្រ​ចំនួន​៤៨​និង​គម្រោង​អភិវឌ្ឍ​គំរូ​ធំៗ​សរុប​ចំនួន​១៦​ដែល​សេចក្តីព្រាង​នេះ​គ្រោង​នឹងដាក់​ឆ្លង​គណកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​នាពេលខាងមុខ​៕ជ.ជឿន

rsc

Leave a Reply

Your email address will not be published. Required fields are marked *