ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌ សេដ្ឋកិច្ច

ដែនជម្រកសត្វព្រៃ​កែវ​សីមា​ជា​កំណប់​ដ៏​មានតម្លៃ​ទាំង​ឥណទាន​កាបូន​,​សត្វព្រៃ​និង​ជីវចម្រុះ

មណ្ឌលគិរី​៖​ដែនជម្រកសត្វព្រៃ​កែវ​សីមា​មិន​ត្រឹមតែ​ជា​ដែនជម្រកសត្វព្រៃ​ដែលមាន​ព្រៃស្រោង​និង​អាច​លក់​ឥណទាន​កាបូន​នោះទេ​។​តែ​ជា​គឺជា​តំបន់ការពារធម្មជាតិ​មាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​ក្នុងការ​អភិរក្ស​សត្វព្រៃ​និង​ជីវៈចម្រុះ​ជាច្រើន​ទៀតផង​។

​នេះ​គឺជា​ការ​ថ្លែង​ឱ្យដឹង​របស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​នេះ​អំឡុងពេល​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន​និង​ក្រុម​អ្នកសារព័ត៌មាន​ជិត​២០​ស្ថាប័ន​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​ស្វែងយល់​ពី​ការអនុវត្ត​គម្រោង​រេ​ដ​បូក​លក់​ឥណទាន​កាបូន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា ក្នុងភូមិ​សាស្ត្រ​ខេត្តមណ្ឌលគិរី​។

​លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមសហការ​គ្នា​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​និង​សត្វព្រៃ​ដែលមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ត​ទៅមុខទៀត​។

​ព្រម​ជាមួយគ្នានេះ​លោក​នេត្រ​ភក្ត្រា​បាន​ថ្លែង​ដែរ​ថាៈ​ជាមួយ​ប្រភេទ​សត្វ​រុក្ខជាតិ​និង​បុ​ច​ផសិត​(fungispecies)​ចំនួន​៩៥៩​ប្រភេទ​។​ដែលជា​របក​គំ​ឃើញ​នៃ​ការសិក្សា​ស្រាវជ្រាវ​និង​បាន​កត់ត្រា​ដោយ​ក្រុម​សិក្សា​ស្រាវជ្រាវ​របស់​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា​(WCS)​។​

មន្ត្រី​គ្រប់គ្រង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​នាពេល​ថ្មីៗ​នេះ​បានធ្វើឱ្យ​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ក្លាយជា​តំបន់ការពារធម្មជាតិ​មួយ​ដែលមាន​ធនធាន​ជីវៈចម្រុះ​សម្បូណ៌​បែប​ជាងគេ​ក្នុងចំណោម​តំបន់ការពារធម្មជាតិ​ផ្សេងទៀត​ក្នុងប្រទេស​កម្ពុជា​។​

​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ​មានប្រសាសន៍ថា​ដែនជម្រកសត្វព្រៃ​កែវ​សីមា​មាន​សារៈសំខាន់​កម្រិត​អន្តរជាតិ​ក្នុងការ​អភិរក្ស​សត្វ​ដំរី​អាស៊ី សត្វ​ពានរ រួមមាន​ទោច​ថ្ពាល់​លឿង ស្វា​កន្ទុយ​ស ប្រភេទ​មាំ​សា​សី​និង​ប្រភេទ​សត្វ​ស្លាប​ជាច្រើន​ប្រភេទ​ដែល​ប្រភេទ​សត្វ​និង​រុក្ខជាតិ​៧៥​ប្រភេទ​ជា​ប្រភេទ​រង​ការគំរាមកំហែង​ស្ថិតក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN​។

​នៅ​អំឡុង​ទស្សនកិច្ច​នៅក្នុង​សហគមន៍​អណ្តូង​ក្រ​ឡឺ​ង​ក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ដែលជា​តំបន់​ជម្រក​សត្វ​ស្វា​កន្ទុយ​ស​និង​ទោច​ថ្ពាល់​លឿង​ប្រតិភូ​ក្រសួងបរិស្ថាន​និង​អ្នកសារព័ត៌មាន​បានឃើញ​វត្តមាន​សត្វ​ស្វា​កន្ទុយ​ស​ជាច្រើន​នៅក្នុង​តំបន់​ព្រៃស្រោង​។

លោក​នេត្រ​ភក្ត្រា​បានបង្ហាញ​ពី​មោទនភាព​ដែល​កម្ពុជា​សម្បូណ៌​ដោយ​ជីវៈចម្រុះ​គ្រប់​ប្រភេទ​ដែល​ក្នុងនោះ​ប្រភេទ​សត្វ​កម្រ​មួយចំនួន​ដែល​បាននិងកំពុង​ជិត​ផុត​ពូជ​និង​ប្រភេទ​សត្វ​ងាយ​រងគ្រោះ​បំផុត​របស់​ពិភពលោក​ត្រូវបាន​រកឃើញថា​មាន​វត្តមាន នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​ប្រទេស​កម្ពុជា​។​

​លោក​រដ្ឋលេខាធិការ​បា​ន​ថ្លែងថា​យោងតាម​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា​ស្ថិតិ​សត្វ​ស្វា​កន្ទុយ​ស​ដែលមាន​វត្តមាន​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ចំនួន​ប្រមាណ​ជាង​២០.០០០​ក្បាល​។​ភាគច្រើន​មាន​វត្តមាន​នៅក្នុង​ដែនជម្រកសត្វព្រៃ​កែវ​សីមា​ហើយ​សត្វ​ទោច​ថ្ពាល់​លឿង​មាន​ចំនួន​ប្រមាណ​១.២០០​ក្បាល​។​

ពាក់ព័ន្ធ​ទៅនឹង​សត្វព្រៃ​នេះដែរ​លោក​នេត្រ​ភក្ត្រា​បាន​បញ្ជាក់ថា​«​សត្វព្រៃ​ទាំងនេះ​គឺជា​សម្បត្តិ​ធម្មជាតិ​ដែល​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​ប្រទេស​កម្ពុជា​និង​មានតម្លៃ​បំផុត​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​របស់​ពិភពលោក​»​។

​ព្រម​ជាមួយគ្នានេះ​លោក​បាន​ជំរុញ​ឱ្យកម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួមមាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស អង្គការ​ដៃគូ​និង អាជ្ញាធរ​មូលដ្ឋាន ប្រជាពលរដ្ឋ​ទាំងអស់​រួមគ្នា​ថែរក្សា​និង​ការពារ​អភិរក្ស​សត្វព្រៃ​កម្រ​ទាំងអស់នេះ​ឱ្យបាន ។​ជាពិសេស​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​កាប់​បំផ្លិចបំផ្លាញ​ព្រៃឈើ​និង​បង្ក្រាប​ការទន្ទ្រាន​កាន់កាប់​ដីព្រៃ​ដោយ​ខុសច្បាប់​ដែល​សកម្មភាព​ទាំងនេះ​បាន​បំផ្លិចបំផ្លាញ​ជម្រក​ដ៏​សុខសាន្ត​របស់​សត្វព្រៃ​និង​ជីវៈចម្រុះ ផ្សេងទៀត​។

​លោក នេត្រ ភក្ត្រា បាន​បន្តថា​៖ «​ការការពារ​បាន​ព្រៃឈើ មិន​ត្រឹម​ការពារ​បាន​ប្រព័ន្ធ​អេ កូ​ឡូ​ស៊ី​ទេ តែ​យើង​អាច​លក់​ឥណទាន​កាបូន​ដើម្បី​បាន​ថវិកា​មក​ពង្រឹង​ការងារ​អភិរក្ស​និង​អភិរក្ស​សហគមន៍​មូលដ្ឋាន​ហើយ​ការថែរក្សា​បាន​នូវ​សត្វព្រៃ​គ្រប់​ប្រភេទ​នឹង​ផ្តល់​ចំណូល​តាមរយៈ​ទេសចរណ៍ធម្មជាតិ​។

ជាមួយគ្នានេះ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា លោក​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​អរគុណ ដល់​អង្គការ​ដៃគូ​ដែល​បាន​ចូលរួម​សហការ និង​ផ្តល់​បច្ចេកទេស​ក្នុងការ​ពង្រឹង​កិច្ចការ​អភិរក្ស​នេះ​ឱ្យបាន ជោគជ័យ​។

បច្ចុប្បន្ននេះ តំបន់​ជម្រក​សត្វ​ស្វា​កន្ទុយ​ស​និង​ទោច​ថ្ពាល់​លឿង​ក្នុង​សហគមន៍​អណ្តូង​ក្រឡឹង ក្នុងភូមិ​សាស្ត្រ​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ខេត្តមណ្ឌលគិរី បាននិងកំពុង​ទាក់ទាញ​ភ្ញៀវទេសចរ ជា​ទេសចរ​បរទេស​ឱ្យមក​ទស្សនា​កម្សាន្ត​។

តាម​ការ​ឱ្យដឹង​របស់​លោក នេត្រ ភក្ត្រា កាលពី​ឆ្នាំ​២០១៩ កន្លងទៅ​JahooGibbonCamps​ដែលជា​គម្រោង​សហគមន៍​អេកូ​ទេសចរណ៍​បានទទួល​ភ្ញៀវទេសចរ​ចំនួន​ប្រមាណ​៤៥០​នាក់​និង​បានទទួល​ចំណូល​ប្រមាណ​១៧០០០​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​សហគមន៍​៕​ដេ​ ប៉ូ
​ ​ ​ ​

សត្វព្រៃ​នៅ​តំបន់​កែវ​សីមា​ខេត្តមណ្ឌលគិរី​

rsc

Leave a Reply

Your email address will not be published. Required fields are marked *