ព័ត៌មានអន្តរជាតិ

ទីក្រុង​ប៉ារីស​និង​ទីក្រុង​ចំនួន​៨​ផ្សេងទៀត​ត្រូវបាន​ដាក់​បំរាម​គោចរ​ដើម្បី​ទប់ទល់​កូ​វីដ​-១៩

អន្តរជាតិ​(CNA)៖ ប្រធានាធិបតី​បារាំង​លោក អ៊ែ​ម​ម៉ា​នុយ​អ៊ែ​ល ម៉ា​ក្រុង (Emmanuel Macron) កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​(​ខែតុលា​ឆ្នាំ​២០០២) បានសម្រេច​ប្រកាស​ដាក់ចេញ​នូវ​វិធានការ «​បំរាម​គោចរ​ពេលយប់​»​សម្រាប់​ទីក្រុង​ប៉ារីស​និង​ទីក្រុង​ចំនួន​៨​ផ្សេងទៀត​នៃ​ប្រទេស​បារាំង​។​ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​COVID19​បន្ទាប់ពី​អត្រា​ឆ្លង​ថ្មីៗ​ប្រចាំថ្ងៃ​បាននិងកំពុង​ឈានដល់​កម្រិត​គួរឱ្យ​ព្រួយបារម្ភ​។


​លោក Emmanuel Macron​និយាយថា ទីក្រុង​ចំនួន​៩​ដែល​ត្រូវបាន​កំណត់ឱ្យ​អនុវត្ត​វិធានការ​ខាងលើ រួមមាន​ទីក្រុង​ប៉ារីស (Paris) និង​តំបន់​ជុំវិញ​, ក៏ដូចជា​ទីក្រុង ហ្គ្រេ​នូ​ប​ល (Grenoble), លី​ល​ល៍ (Lille), លី​យ៉ុង (Lyon), ម៉ា​សី (Marseille), ម៉ុង​ប៉េ​លី (Montpellier), រុ​រ៉​ន (Rouen), សង់​អ៊ី​ត្យេ​ន (Saint-Etienne), និង ទូ​លួស (Toulouse)​។​

​នៅក្នុង​បទសម្ភាសន៍​តាម​កញ្ចក់​ទូរទស្សន៍​លោក​Macron​បាន​ប្រាប់ថា​«​អ្នករស់នៅ​ក្នុង​ទីក្រុង​ទាំងឡាយ​ខាងលើ ដែលជា​កន្លែង​មាន​ប្រជាជន​ប្រហែល​២០​លាន​នាក់​ក្នុងចំណោម​ប្រជាជន​បារាំង​សរុប​ប្រមាណ ៦៧​លាន​នាក់ នឹងមិន​ត្រូវបាន​អនុញ្ញាត​ឱ្យនៅ​ខាងក្រៅ​នៅ​ចន្លោះ​ម៉ោង ៩៖០០​នាទី​យប់ ដល់​ម៉ោង ៦៖០០​នាទី​ព្រឹក​នោះទេ​។ វិធានការ​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​តទៅ ក្នុង​រយៈពេល​យ៉ាងហោចណាស់ ០៤​សប្តាហ៍ លើកលែង​សម្រាប់តែ​ហេតុផល​ចាំបាច់​តែប៉ុណ្ណោះ​។​

​លោក​Macron​បន្ថែមថា​ជុំវិញ​វិធានការ​ខាងលើនេះ​ប្រសិនបើ​នរណាម្នាក់​ត្រូវបាន​គេ​រកឃើញ​នៅ​ខាងក្រៅ​ដោយ​គ្មាន​ការអនុញ្ញាត​ពិសេស​ក្នុងអំឡុងពេល​កំពុង​អនុវត្ត​បំរាម​គោចរ​នេះ​នឹងត្រូវ​ប្រឈម​នឹង​ការផាកពិន័យ​ជា​ទឹកប្រាក់​ចំនួន ១៥៩​ដុល្លារ​អាមេរិក​និង​ច្រើនជាង​នេះ​១០​ដង​សម្រាប់​ជនល្មើស​ច្រំ​ដែល​»​។​

​គួរ​ជម្រាប​ថា បច្ចុប្បន្ននេះ ប្រទេស​បារាំង​មាន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំងប្រទេស​ជាង ៧៧៩.០០០​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​ជាង ៣៣.០០០​នាក់ និង​ជាសះស្បើយ​ជាង ១០៣.៤០០​នាក់​៕Derm rang

rsc

Leave a Reply

Your email address will not be published. Required fields are marked *