ព័ត៌មានសង្គម សេដ្ឋកិច្ច

​កសិករ​ឃុំ​កំពង់ត្រាច​កំពុង​កាក់កប​នឹង​មុខរបរ​ចិញ្ចឹម​ចង្រិត​លក់​

កំ​ពតៈ​អ្នក​ចិញ្ចឹម​ចង្រិត​នៅ​ស្រុក​កំពង់ត្រាច​ខេត្តកំពត​កំពុងមាន​ភាព​កាក់កប​ដោយ​អាច​រកប្រាក់​ចំណូល​បាន​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ក្នុងការ​ប្រមូល​ផល​ម្តងៗ​ដែល​ប្រើ​រយៈពេល​ត្រឹមតែ​ជាង​មួយខែ​ប៉ុណ្ណោះ​។​

បុរស​ឈ្មោះ​អ៊ិ​ច​ផុ​ក​អាយុ​៥២​ឆ្នាំ​រស់នៅ​ភូមិ​បឹង​ធំ​ខាងលិច​ឃុំ​អង្គ​សុរភី​ស្រុក​កំពង់ត្រាច​ខេត្តកំពត​បាន​រៀបរាប់ថាៈ​រយៈពេល​ជិត​បី​ឆ្នាំ​ហើយ​ដែល​គ្រួសារ​របស់លោក​ប្តូរ​មុខរបរ​ពី​ការ​ចេញទៅ​រកស៊ី​ខាងក្រៅ​មក​ចាប់យក​អាជីព​ចិញ្ចឹម​ចង្រិត​លក់​។

​មកដល់ពេលនេះ​លោក​បង្កើតបាន​អាង​ចំនួន​១១​មាន​ផ្ទៃ​ជិត​៦០​ម៉ែត្រក្រឡា​ដែល​អាច​ទទួលផល​ពី​៨០០​គីឡូក្រាម​ទៅ​៩០០​គីឡូក្រាម​បន្ទាប់ពី​ការដាក់​ពង​និង​ថែទាំ​ជាង​មួយខែ​។​កសិករ​ដដែល​បាន​បញ្ជាក់ថា​ចង្រិត​មានពូជ​ពីរ​ប្រភេទ​គឺ​ពូជ​ខ្មៅ និង​ពូជ​ក្រហម​។
​រីឯ​តម្លៃ​នៃ​ការលក់​ចេញ ចង្រិត​ក្រហម​ក្នុង​១​គីឡូក្រាម​ពី​៨.០០០​រៀល ទៅ​៩.០០០​រៀល​។

ចំណែក​ចង្រិត​ខ្មៅ​មានតម្លៃ​ពី​១០.០០០​រៀល​ទៅ​១១.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។ លោក អ៊ិ​ច ផុ​ក បាន​បន្ត ការបានទទួល​ផល​មាន​រយៈពេល​ខុសគ្នា ដោយ​ចង្រិត​ក្រហម​ពី​៥០​ថ្ងៃ​ទៅ​៦០​ថ្ងៃ ឯក​ចង្រិត​ខ្មៅ​ត្រឹមតែ​ពី​៣៥​ថ្ងៃ​ទៅ ៣៦​ថ្ងៃ​ប៉ុណ្ណោះ​។

​សម្រាប់​ចង្រិត​ក្រហម​ទោះបី​អ្នក​មិន​ធ្លាប់​ឆ្លងកាត់​ការរៀនសូត្រ​ក៏​អាច​ចិញ្ចឹម​បានដែរ​។​ប៉ុន្តែ​ចង្រិត​ខ្មៅ​តម្រូវឱ្យមាន​ជំនាញ​ច្បាស់លាស់​បើ​មិន​ដូច្នោះ​ទេ​ងាយ​ប្រឈម​នឹង​ការខាតបង់​បំផុត​។​អ្នក​ចិញ្ចឹម​ចង្រិត​រូបនេះ​បាន​បញ្ជាក់ថា ពីមុន​លោក​ចិញ្ចឹម​ទាំងពីរ​ប្រភេទ តែ​សព្វថ្ងៃ​ចិញ្ចឹម​តែ​ចង្រិត​ខ្មៅ ហើយ​រក្សា​ពង​សម្រាប់​លក់​ឱ្យ​អ្នក​យកទៅ​ចិញ្ចឹម​បន្ត​ទៀតផង​។

​តម្លៃ​លក់​ពូជ​គឺ​មួយកញ្ចប់​ដែលមាន​បរិមាណ​ពង​ចង្រិត​៥​ចាន​ក្នុងតម្លៃ​៦​ម៉ឺន​រៀល ឬ​៤​ម៉ឺន​រៀល​ចំពោះ​អ្នក​មា​ជីវភាព​ខ្វះខាត​។​ការលក់​ជូន​នូវ​តម្លៃ​នេះ​គឺ​លោក​តាម​ជួយ​បង្ហាត់បង្ហាញ​អំពី​ការចិញ្ចឹម​របៀប​ថែទាំ​និង​កិច្ចការ​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​អាជីវកម្ម​ចិញ្ចឹម​ចង្រិត​។​

ប្រ​សិ​បើ​ទិញ​យកតែ​ពង​ពូជ​លោក​លក់​ត្រឹម​តម្លៃ​តែ​២​ម៉ឺន​រៀល​ទេ​។
​លោក​អ៊ិ​ច​ផុ​កបាន​ប្រាប់​ឱ្យដឹងថាៈ​កាលពី​ជិត​បី​ឆ្នាំមុន​លោក​បាន​ទៅ​រៀន​យក​ចំណេះដឹង​ផ្នែក​ចិញ្ចឹម​ចង្រិត​ពី​អ្នកជំនាញ​ម្នា​ក់នៅ​ខេត្តបន្ទាយមានជ័យ​។​មកដល់ពេលនេះ​អ្នកភូមិ​ក្នុងស្រុក​កំពង់ត្រាច​ជិត​៤០​គ្រួសារ​ហើយ​ដែល​បានទទួល​ការបង្ហាត់បង្ហាញ និង​កំពុង​ប្រកប​របរ​ចិញ្ចឹម​ចង្រិត​ដូច​រូបលោក​។​

​លោក ចឹក ចាន់​លី ប្រធានការិយាល័យ​កសិក​ម្ម​ស្រុក​កំពង់ត្រាច​បានបញ្ជាក់​ថា បច្ចុប្បន្ន នៅ​ទូទាំង​ស្រុក​កំពង់ត្រាច​មាន​អ្នក​ចិញ្ចឹម​ចង្រិត​ចំនួន​៣៨​គ្រួសារ​។ ខាង​លោក​មិនមាន​ឧបករណ៍ សម្ភារៈ​សម្រាប់​បណ្តុះបណ្តាល​ជំនាញ​ដល់​ប្រជាកសិករ​ទេ​គឺ​គ្រាន់តែ​បាន​ជួយ​តម្រង់ទិស​មួយចំនួន​ប៉ុណ្ណោះ​។

​លោក​ប្រធានការិយាល័យ​បាន​បន្តថា ដោយសារ​ឃើញ​ចំនួន​អ្នក​ចិញ្ចឹម​កើនឡើង​កាន់តែច្រើន លោក​បាន​ណែនាំ​ពួកគាត់​ដោយ​ធ្វើយ៉ាងណា​កុំឱ្យ​វេលា​នៃ​ការ​ទទួលផល​ជាន់​ពេល​គ្នា​ដែល​ធ្វើឱ្យ​តម្លៃ​ចុះថោក​និង​យកចិត្តទុកដាក់​ក្នុងការ​ថែទាំ​ដើម្បី​បញ្ចៀស​ពី​ការខាតបង់​។​នេះ​ជា​បញ្ហា​ប្រឈម​ដែល​លោក​មានការ​ព្រួយបារម្ភ​។

លោក​ចឹក​ចាន់​លី​បានបញ្ជាក់​ថាៈ​ជាការ​កត់សម្គាល់​មុខរបរ​នេះ​អាច​រកប្រាក់​ចំណូល​បាន​ច្រើន​សន្ធឹកសន្ធាប់​ក្នុងពេល​ប្រមូល​ផល​ម្តងៗ​។​ជាក់ស្តែង​ពេល​ចាប់ផ្តើម​ដំបូង​គ្រួសារ​លោក​អ៊ិ​ច​ផុ​ក​មានលទ្ធភាព​បង្កើត​អាង​ចិញ្ចឹម​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ​៕​ឌី​ណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *