ព័ត៌មានសង្គម សន្តិសុខ

នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​”​ដើម​រាំង​”​គ្រោង​ប្ដឹង​មេឃុំ​ម្នាក់​ពីបទ​ញុះញង់​ឱ្យមាន​ការរើសអើង

ព្រៃវែង​៖​ប្រភពពី​គេហទំព័រ​ដើម​រាំង​បានឱ្យដឹងថាៈ​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​”​ដើម​រាំង​”​លោក​ចាន់ថន​គ្រោង​ប្ដឹង​មេឃុំ​កំពង់​ប្រាំង​ស្រុក​ពារាំង​ខេត្តព្រៃវែង​ពីបទ​ញុះញង់​ប្រជាពលរដ្ឋ​មួយចំនួន​តូច​ឱ្យមាន​ការរើសអើង​ស្អប់​អ្នកកាសែត​និង​បង្ក​ភាពចលាចល​។

​មេឃុំ​រូបនោះ​ក៏បាន​យកឈ្មោះ​ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​កំពង់​ប្រាំង​ថា​បាន​បញ្ជា​ក្នុង​ហេតុការណ៍​នេះ​។​ជាមួយ​ករណីនេះ​នាយក​ប្រតិបត្តិ​បាន​អះអាងថាៈ​មេឃុំ​រូបនេះ​មាន​ចេតនា​កែន​កម្លាំង​ពលរដ្ឋ​និង​ជំ​រុញឱ្យ​ពលរដ្ឋ​ខ្លះ​ធ្លាក់​ចូលក្នុង​ជម្លោះ​បុគ្គល​រវាង​ការផ្សាយ​គេហទំព័រ​”​ដើម​រាំង​”​និង​ភាពមិនប្រក្រតី​នៃ​អាជ្ញាធរ​ឃុំ​កំពង់​ប្រាំង​។​

លោក​ចាន់ថន៖នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​”​ដើម​រាំង​”​

លោក​ចាន់ថន​បានឱ្យដឹង​ទៀតថាៈ​លោក​សាត​ហ៊ាង​មេឃុំ​កំពង់​ប្រាំង​ស្រុក​ពារាំង​ខេត្តព្រៃវែង​បាន​យក​ជម្លោះ​ផ្ទាល់ខ្លួន​មក​បញ្ជា​លោក​មេភូមិ​ទាំង​៦​ភូមិ​ឱ្យ​ដើរ​បញ្ចុះបញ្ចូល​ញុះញង់​ពលរដ្ឋ​ឱ្យមាន​ការរើសអើង​ស្អប់​អ្នកកាសែត​ដែល​អ្នក​ក​សែត​បាន​បំពេញ​វិជ្ជាជីវៈ​ត្រឹមត្រូវ​។​មេឃុំ​ប្រាប់​ឱ្យ​ពលរដ្ឋ​ផ្ដិត​ម្រាមដៃ​ប្ដឹង​សុំ​ដក​អាជ្ញាប័ណ្ណ​គេហទំព័រ​«​ដើម​រាំង​»​ទាំង​គ្មាន​កំហុស​ដែល​បង្ក​ភាពចលាចល​ក្នុង​មូលដ្ឋាន​។


ជាក់ស្ដែង​៖​កាលពី​ថ្ងៃទី​១២​រហូតដល់​ព្រឹក​ទី​១៣​ខែវិច្ឆិកា​ឆ្នាំ​២០២០​លោក​មេភូមិ​រួម​និង​អនុ​ភូមិ​និ​មួយៗ​នៅក្នុង​ឃុំ​កំពង់​ប្រាំង​ទាំងមូល​បាន​ដើរ​បញ្ចុះបញ្ចូល​ពលរដ្ឋ​ឱ្យ​ស្អប់​អ្នកកាសែត​និង​ឱ្យ​ផ្ដិត​ម្រាមដៃ​លើ​ក្រដាស់​សរ​ដោយ​ពុំមាន​សរសេរ​បញ្ជាក់​ពី​មូលហេតុ បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​។​

​ក្នុងនោះ​ពលរដ្ឋ​ប្រមាណ​ជាង​៩០​ភាគរយ​មិន​ផ្ដិត​ម្រាមដៃ​ឱ្យ​ទេ​ដោយ​ថា​៖​រឿង​ផ្ទាល់ខ្លួន​សោះ​មកឱ្យ​ពលរដ្ឋ​ផ្ដិត​ម្រាមដៃ​ដែរ​។​ខ្លះ​ថាៈ​រឿង​ខ្លួនឯង​ប្រយោជន៍​ខ្លួនឯង​ខឹង​គេ​ផ្សាយ​រឿង​ពាក់ព័ន្ធ​ភាពមិនប្រក្រតី​គឺ​ដី​បឹង​មួយកន្លែង​បែរជាយក​ពលរដ្ឋ​ធ្វើជា​ខែល​ដាក់បន្ទុក​ទៅលើ​អ្នកកាសែត​ទៅវិញ​។​ទន្ទឹម​និង​នោះ​ពលរដ្ឋ​បាន​បញ្ជាក់ថា​៖​នៅពេល​មកសុំ​ផ្ដិត​ម្រាមដៃ​គឺ​លោក​មេភូមិ​បាន​បញ្ចុះបញ្ចូល​លួងលោម​ថា​៖​យើង​រួមគ្នា​ផ្ដិត​ម្រាមដៃ​សុំ​លុប​អាជ្ញាប័ណ្ណ​កាសែត​«​ដើម​រាំង​»​ចោល​។​

​លុះ​ពលរដ្ឋ​សួរថា​៖​ខាង​ណា​អ្នក​ឱ្យ​ផ្ដិត​?​លោក​មេភូមិ​ប្រាប់ថាៈ​តាម​បញ្ជា​លោក​មេឃុំ​កំពង់​ប្រាំង​ខណៈ​ប៉ែក​ខាងលើ​នៃ​ក្រដាស​ដែល​ត្រូវ​ផ្តិត​នោះ​គឺ​ពុំមាន​បញ្ជាក់​អ្វី​ឱ្យ​ច្បាស់លាស់​ទេ​។​ក្នុងនោះ​ពលរដ្ឋ​មួយចំនួនធំ​ប្រកែក​មិន​ព្រម​ផ្ដិត​ម្រាមដៃ​ឱ្យ​ឡើយ​។​នៅ​ព្រឹក​ទី​១៤​ខែវិច្ឆិកា​ឆ្នាំ​២០២០​លោក​សាត​ហ៊ាង​មេឃុំ​កំពង់​ប្រាំង​បាន​ថ្លែង​ទទួលស្គាល់ថា​៖​លោក​ពិតជា​ឱ្យ​មេភូមិ​ដើរ​ផ្ដិត​ម្រាមដៃ​មែន​គឺ​តាម​បញ្ជា​ពី​លោក​ខឹម​សន​ប្រធាន​ក្រុម​ការចុះ​ជួយ​ឃុំ​កំពង់​ប្រាំង​។​រីឯ​លោក​ខឹម​សន​ប្រធាន​ក្រុម​ការចុះ​ជួយ​ឃុំ​កំពង់​ប្រាំង​«​ដើម​រាំង​»​មិនអាច​សុំ​ការបញ្ជាក់​បានទេ​នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​ខែវិច្ឆិកា​នេះ​។​

​ក្នុងនោះដែរ​នៅ​ភូមិ​ព្រែក​ជ្រូក​ពុំមាន​អ្នក​ផ្ដិត​ម្រាមដៃ​ឱ្យ​ទេ​ខណៈ​លោក​មេ​ភូម​តា​រ័ត្ន បាន​ថ្លែងថា​៖ ភូមិ​របស់លោក​គឺ​ដើរ​ផ្ដិត​ម្រាមដៃ​បាន​ជាង​២០​នាក់​គឺ​អត់​ដាក់​លេខ​រៀង​អត់​បញ្ជាក់​នៅលើ​ក្រដាស​នោះ​។​ភូមិ​កំពង់​ប្រាំង​,​ផ្ដិត​ម្រាមដៃ​បាន​ជាង​២០​នាក់​។​ភូមិ​សា​បួរ​,​មិនមាន​អ្នក​ផ្ដិតមេដៃ​ឱ្យ​ទេ​។​លោក​ជៀម​ចន្ថា​មេភូមិ​ល្វា​កោង​បាន​ថ្លែងថា​ភូមិ​របស់គាត់​ផ្ដិត​បាន​ជាង​៧០​នាក់​។​លោក​សែត​គា​មេភូមិ​ពាក់​ស្បៃ​,​បាន​អះអាងថា​៖​ការ​ផ្ដិត​ម្រាមដៃ​នោះ​ជា​រឿង​សម្ងាត់​ព្រោះ​លោក​មេឃុំ​ឱ្យ​លាក់​ការ​មិនឱ្យ​ប្រាប់​នរណា​ទេ ខណៈ​ភូមិ​លោក​ផ្ដិត​បាន​ជាង​៥០​នាក់​។​

​ទោះជា​យ៉ាងណាក្ដី​លោក​ចាន់ថន​នាយក​ប្រតិបត្តិ​នៃ​គេហទំព័រ​«​ដើម​រាំង​»​បាន​ថ្លែងថា​៖​ចំពោះ​ករណីនេះ​លោក​កំពុង​ប្រមូល​ឯកសារ​នានា​ដើម្បី​ប្ដឹង​លោក​សាត​ហ៊ាង​មេឃុំ​កំពង់​ប្រាំង​ពីបទ​”​ញុះញង់​ឱ្យមាន​ការរើសអើង​”​។​បំផុសបំផុល​បង្ក​ភាពចលាចល​តាម​មាត្រា​២៩៤​ដល់​២៩៨​នៃ​ក្រមព្រហ្មទណ្ឌ​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​នៅពេល​ខាងមុខ​។​លោក​ចាន់ថន​បាន​អះអាងថាៈ​នៅពេលនេះ​មាន​ពលរដ្ឋ​ជាច្រើន​នាក់​ដែល​ព្រមធ្វើ​សាក្សី​ដឹងឮ​សម្រាប់​តតាំង​ក្ដី​តាមផ្លូវ​ច្បាប់​។​

​ចំពោះ​រឿង​សុំ​លុប​អាជ្ញាប័ណ្ណ​ពី​សំណាក់​លោក​មេឃុំ​កំពង់​ប្រាំង​លោក​ចាន់ថន​បន្តថា​៖”​គេហទំព័រ​ខ្ញុំ​គ្មាន​កំហុស​ទេ​សូម​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់​ការស៊ើបអង្កេត​និង​រក​យុត្តិធម៌​ផង​ចុះ​”​។​ខណៈ​គេហទំព័រ​«​ដើម​រាំង​»​ផ្សាយ​រឿង​ដី​(​បឹង​បាយសី​)​នៅ​ឃុំ​កំពង់​ប្រាំង​ក្នុងស្រុក​ពារាំង​កាលពី​ខែ​មុន​នោះ​គឺជា​ការលើកឡើង​និង​អះអាង​របស់​ពលរដ្ឋ​ប៉ុណ្ណោះ​។​គេហទំព័រ​«​ដើម​រាំង​»​មិនបាន​សន្និដ្ឋាន​ខ្លួនឯង​,​មិន​វិនិច្ឆ័យ​សេចក្ដី​ហើយក៏​បានធ្វើ​បទសម្ភាសន៍​ជាមួយ​ប្រជាពលរដ្ឋ​ផ្ទាល់​ទៀតផង​។​

​លោក​ចាន់ថន​បាន​បន្តថាៈ​ក្នុងការ​ផ្សាយ​របស់​«​ដើម​រាំង​»​ករណី​ដី​បឹង​នៅ​ទីនោះ​មិនបាន​បង្កលក្ខណ​ខុសឆ្គង​ជាមួយ​ប្រជាពលរដ្ឋ​ទេ​គឺ​ពលរដ្ឋ​មានការ​គាំទ្រ​។​ផ្ទុយ​ពីសា​ម៉ី​មេឃុំ​ដែល​ខ្លួន​គិតថា​ការផ្សាយ​នោះ​មិន​ត្រឹមត្រូវ​អាច​តវ៉ា​ឱ្យ​បកស្រាយ​ឬ​ប្ដឹង​តាម​នីតិវីធី​ពុំមែន​ប្រើ​អំណាច​យក​ក្រុមការងារ​បក្ស​ដើរ​ញុះញង់​ពលរដ្ឋ​ឱ្យ​ផ្ដិត​ម្រាមដៃ​សុំ​លុប​អាជ្ញាប័ណ្ណ​សារព័ត៌មាន​អីចឹង​ទេ​៕​សា​ដាម

rsc

Leave a Reply

Your email address will not be published. Required fields are marked *