ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

​នីតិវិធី​ស្នើសុំ​ការសាងសង់​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​

​សៀមរាប​៖​ការសាងសង់​លំនៅស្ថាន​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ត្រូវតែ​ប្រព្រឹត្តិ​ទៅតាម​លក្ខខណ្ឌ​ដែល​បាន​កំណត់ដោយ​ច្បាប់​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​ដើម្បី​រក្សាបាន​នូវ​ទេសភាព​វប្បធម៌ អត្តសញ្ញាណ​ខ្មែរ​បុរាណ​ដ្ឋា​ន​។​ត្រូវការពារ​និង​ចៀសវាង​ការបំផ្លាញ​ផ្សេងៗ​នៅក្នុង​តំបន់​បេតិកភណ្ឌ​ពិភពលោក​។​តើ​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អង្គរ​ត្រូវមាន​ឯកសារ​អ្វីខ្លះ​ដើម្បី​ស្នើសុំ​សាង​ផ្ទះ​ថ្មី​ជំនួស​ផ្ទះ​ចាស់​បាន​?


​តាម​ការរៀប​រាប់រប​ស់លោក​តាកែវ​ផៃ​ពលរដ្ឋ​នៅ​ភូមិ​អូរទទឹង​ឃុំ​ព្រះ​ដាក់​ស្រុក​បន្ទាយស្រី​ដែល​ទើប​សង់ផ្ទះ​រួច​បាន​បរិយាយ​ថាៈ​ខ្ញុំ​ស្នើសុំ​ច្បាប់​សាងសង់​ផ្ទះ​មិនមាន​ការលំបាក​ទេ​ត្រឹម​១​ខែ​គេ​ចេញ​ច្បាប់​ឱ្យធ្វើ ព្រោះ​ខ្ញុំ​មាន​ឯកសារ​គ្រប់គ្រាន់​និង​ត្រឹមត្រូវ​តាម​លក្ខខណ្ឌ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានកំណត់​។​

​ក្នុងនោះ​មានដូចជា​ខ្ញុំ​ជា​អ្នកស្រុក​ចាស់​រស់នៅ​តាំងពី​ឆ្នាំ​១៩៨០​ជាង​,​មាន​ខ្នង​ផ្ទះ​ចាស់​,​មាន​ឯកសារ​កាន់កាប់​ដីធ្លី​ស្របច្បាប់​,​មាន​សៀវភៅ​គ្រួសារ​,​និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​។​មុន​និង​ក្រោយ​អនុញ្ញាត​ច្បាប់​សាងសង់​អាជ្ញាធរ​ជាតិ​អប្សរា​តែង​ចុះមក​ពិនិត្យ ថតរូប ក៏ដូចជា​ប្រឹក្សា​យោបល់​ផ្សេងៗ​។ ពេល​បាន ច្បាប់​សាងសង់​ហើយ យើង​កុំ​ធ្វើ​ហួស​ពី​ការស្នើសុំ ឬក៏​លួច​ធ្វើ​ដោយ​គ្មាន​ការអនុញ្ញាត​។

​ចំណែក​លោក​សួង​ដា​នី​ពលរដ្ឋ​ក្នុងភូមិ​ឃុំ​ខាងលើ​ក៏បាន​លើកឡើងថាៈ​ខ្ញុំ​បាន​សុំច្បាប់​សាងសង់​តាមរយៈ​មេភូមិ ហើយ​មិនមាន​ជួប​ការលំបាក​អី​ទេ ព្រោះ​ខ្ញុំ​ភ្ជាប់​ជាមួយ​ឯកសារ​ដែល​គេ​ត្រូវការ​ត្រឹមត្រូវ​។ មិនតែប៉ុណ្ណោះ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ជួយ​សម្របសម្រួល​គូស​ប្លង់​បច្ចេកទេស​និង​រចនាបទ​ផ្ទះ​បែប​ខ្មែរ​ឱ្យ​ខ្ញុំ​ទៀតផង​។​ចំពោះ​ការដាក់​ពាក្យស្នើសុំ​វិញ​ក៏​ពុំមាន​ការបង់ប្រាក់​ដែរ​ហើយ​ខ្ញុំ​ក៏​គោរព​ទៅតាម​ការស្នើសុំ​ទាំង​ម៉ូត​ផ្ទះ​ទំហំ​របង​មិនឱ្យ​លើសពី​ច្បាប់​សុំ​។​

​ក្នុងនោះដែរ​លោក​ដា​នី​ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ឧទ្យាន​អង្គរ​ទាំងអស់​មុន​ធ្វើ​ផ្ទះ​ធ្វើ​សំណង់​អ្វីមួយ​ត្រូវគោរព​តាមច្បាប់​ត្រូវមាន​ឯកសារ​គ្រប់គ្រាន់​និង​ស្របតាម​លក្ខខណ្ឌ​កំណត់​នោះ​មិនមាន​ផល​លំបាក​ក្នុងការ​ស្នើសុំ​សាងសង់​ទេ​។​ចៀសវាង​ការ​លួច​ធ្វើ​តាមចិត្ត​ឯង​ដែលនាំឱ្យ​ប៉ះពាល់​ដល់​តម្លៃ​រមណីយ​ដ្ឋា​ន​អង្គរ​និង​ផលប្រយោជន៍​ខ្លួន​។

​លោក​ខៀវ​វិចិត្រ​មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​រៀបចំ​ដែនដី​និង​គ្រប់គ្រង​លំនៅស្ថាន​ក្នុង​តំបន់​អង្គរ​បាន បញ្ជាក់ថា បើ​ប្រជាពលរដ្ឋ​មានបំណង​ចង់​ដាក់ពាក្យ​ស្នើសុំ​សាងសង់​លំនៅស្ថាន ជួសជុល​តូចតាច និង​សំណើ​ផ្សេងៗ​អាចមក​ដាក់ពាក្យ​នៅ​ច្រកចេញចូល​ទាំង​៦​របស់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក​បាន​បន្តថាៈ​នៅ​ទីនោះ​មាន​មន្ត្រី​បុគ្គលិក​ប្រចាំការ​នៅ​ទីនោះ​ចាំ​ប្រឹក្សា​យោបល់​អំពី​ឯកសារ​ដែល​ត្រូវ​ភ្ជាប់​មកជា​មួយ​ដូចជា លិខិត​កាន់កាប់​ដីធ្លី​ស្របច្បាប់​, សៀវភៅ​គ្រួសារ​,​សំបុត្រកំណើត​,​ប្លង់ដី និង​អត្តសញ្ញាណ​បណ្ណ​។​ពេល​បាន​លិខិតអនុញ្ញាត​ក្រុមការងារ​នឹង​ចុះមក​ពិនិត្យ​ទីតាំង​ផ្ទាល់​រួមទាំង​តាមដាន​សកម្មភាព​សាងសង់​ថា​ត្រឹមត្រូវ​ឬ​ខុសពី​លក្ខខណ្ឌ​ដែល​បាន​ស្នើសុំ​។​

​ករណី​ប្រជាពលរដ្ឋ​ដែល​គោរព​តាម​គោលការណ៍​ក្នុងការ​ស្នើសុំ​អាជ្ញាធរ​ជាតិ​អប្សរា​នឹងមាន​លិខិត​សរសើរ​ដល់​ពួកគាត់​បាន​ចូលរួម​លើកស្ទួយ​តម្លៃ​តំបន់​អង្គរ ហើយ​រាល់​ការដាក់​ពាក្យស្នើសុំ គឺ​ពុំមាន​បង់​ថវិកា​ឡើយ​៕​ស.សែត

rsc

Leave a Reply

Your email address will not be published. Required fields are marked *