Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

​ដំរី​មួយ​ក្បាល​ពី​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​មកដល់​កម្ពុជា​នៅ​ចុងខែ​នេះ​

ភ្នំពេញ​៖MC:​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បានឱ្យដឹងថាៈ​សត្វ​ដំរី​អាស៊ី​មួយ​ក្បាល​ដែលជា​អំណោយ​ពី​ប្រទេស​ប៉ា​គី​ស្ថាន​នឹង​មកដល់​កម្ពុជា​នៅ​ចុងខែ​វិច្ឆិកា​នេះ​។​លោក​នេត្រ​ភក្ត្រា​រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន បាន​បញ្ជាក់ថា សត្វ​ដំរី​អាស៊ី​មួយ​ក្បាល​នេះ ភេទ​ឈ្មោល និង​មាន​អាយុ​៣៥​ឆ្នាំ ហើយ​ត្រូវបាន​ដាក់ឈ្មោះថា កា​វ៉ាន់​។

​លោក​បន្តថា​នៅពេល​សត្វ​ដំរី​ឈ្មោល​នេះ​ដឹក​មកដល់​កម្ពុជា​នឹងត្រូវ​ផ្ទេរ​ទៅ​ព្រៃ​នៅក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព​ស្ថិតក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ដែល​ថែរក្សា​ដោយ​អង្គការ CWS និង​ក្រសួងបរិស្ថាន​។ លោក​មានប្រសាសន៍ថាៈ​ការមកដល់​នៃ​សត្វ​ដំរី​នេះ​នឹង​ជួយ​ឱ្យ​ការអភិរក្ស​ដំរី​អាស៊ី​ដែលជា​ប្រភេទ​សត្វ​កម្រ ឱ្យ​ជាប់​គង់វង្ស​យូរអង្វែង​នៅ​កម្ពុជា​។​

​យោងតាម​របាយការណ៍​របស់​ក្រុម​អ្នកស្រាវជ្រាវ​របស់​ក្រសួងបរិស្ថាន​និង​អង្គ​ការធ្វើការងារ​ផ្នែក​អភិរក្ស​សត្វព្រៃ និង​ធនធានធម្មជាតិ​បានបង្ហាញ​ថាៈ​ក្នុងពេល​បច្ចុប្បន្ន​សត្វ​ដំរី​អាស៊ី​ដែលមាន​វត្ត​មាននៅ​កម្ពុជា នៅសល់​ប្រហែល ចន្លោះ​ពី​៤០០ ទៅ​៦០០​ក្បាល​។ដែល​ភាគច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប​និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​ក្នុង​ខេត្តមណ្ឌលគិរី​។

​ដោយសារ​ទីនោះ​ជា​តំបន់​ជីវៈចម្រុះ​ដ៏​សម្បូរបែប​មាន​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី​និង​មា​នទី​ជម្រាល​អំណោយផល​ដល់​ការរស់នៅ​ដល់​ពួកវា និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក ត្រូវបាន​ប៉ាន់​ស្មានថា មាន​ចំនួន​៧១​ក្បាល​។​

​បើតាម​ការបញ្ជាក់​ពី​លោក​នេត្រ ភក្ត្រា បានឱ្យដឹងថាៈ​ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​ចុង​ក្រោយនេះ កម្រិត​នៃ​ការបាញ់​សម្លាប់សត្វ​ដំរីព្រៃ​ដើម្បី​យក​ភ្លុក​និង​កន្ទុយ​មានការ​ថយចុះ​។​ប៉ុន្តែ​ទីជម្រក​នៃ​ពួកគេ​ត្រូវបាន​រំខាន​ដោយ​មនុស្ស​។​លោក​មានប្រសាសន៍​ថាៈជ​ម្លោះ​រវាង​មនុស្ស​និង​សត្វ​ដំរីព្រៃ​បានកើត​ឡើង​នៅតាម​តំបន់ការពារធម្មជាតិ​មួយចំនួន​ដោយសារតែ​ការផ្លាស់​ទី​តាម​រដូវ​កាល​ដើម្បី​ស្វែងរក​ចំណី​។​

​ដំរី​អាស៊ី​កំពុងតែ​ទទួលរង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា​នៅលើ សកលលោក ហើយ​ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ​នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិ​ដើម្បី​ការអភិរក្ស​ធម្មជាតិ​ហៅ​កាត​ថា​IUCN៕​វ៉ាងភ្តី  (វិទ្យុជាតិ)

rsc

Leave a Reply

Your email address will not be published. Required fields are marked *