សន្តិសុខ

​មតិ​មួយចំនួន​ដាក់​មន្ទិល​ការស្លាប់​នៃ​ជនបរទេស​ម្នាក់​អំពី​ជំងឺ​កូ​វីដ​-១៩

កំ​ពត៖​បុរស​ជនជាតិ​បារាំង​វ័យ​៨៣​ឆ្នាំ​ម្នា​ក់បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល​ដែលមាន​ទីតាំង​ស្ថិតក្នុង​ភូមិ​កែប​ថ្មី​ឃុំ​បឹង​ទូក​ស្រុក​ទឹកឈូ​កាលពី​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០​ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។​

សព​ត្រូវបាន​បញ្ជូនទៅ​បូជា​នៅ​វត្ត​ត្រើយ​កោះ​ស្ថិតក្នុង​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​នា​រសៀល​ថ្ងៃ​ដដែល​។​ជាមួយនឹង​ហេតុការណ៍​នោះបាន​បង្កក្តី​ព្រួយបារម្ភ​ពី​ប្រជាពលរដ្ឋ​មួយចំនួន​ដោយ​ខ្លាចក្រែង​ពាក់ព័ន្ធ​នឹង​ជំងឺ​កូ​វីដ​-១៩​។

មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា បុរស​ជនជាតិ​បារាំង​ដែល​ស្លាប់​នោះ​ឈ្មោះ Dumez Jean Louis Victor​កើត​ថ្ងៃទី​១១​ខែកញ្ញា​ឆ្នាំ​១៩៣៧​កាន់​លិខិតឆ្លងដែន​លេខ​:១៥CK៥៤១១៧​។​តាមរយៈ​ការធ្វើ​កោសល្យវិច័យ​របស់​គ្រូពេទ្យ​និង​នគរបាល​បច្ចេកទេស​គឺ​បុរស​រូបនោះ​ស្លាប់​ដោយសារ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​។

អ្នកជំងឺ​បាន​ចូលទៅ​ទទួល​ការព្យាបាល​ក្នុង​មន្ទីរពេទ្យ​ស៊ុន​យ៉ា​ឃៀ​ល​កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២០ រហូតដល់​ថ្ងៃទី​១០​ខែធ្នូ​ក៏​ស្លាប់​នៅ​ទីនោះ​តែម្តង​។​ការងា​នេះ​សមត្ថកិច្ច​និង​ជំនាញ​បាន​ទំនាក់ទំនង​ជាមួយ​ស្ថានទូត​សា​ម៉ី​អ្នកស្លាប់​រួចរាល់​ផងដែរ​។​

​ទាក់ទិន​ក្តី​ព្រួយបារម្ភ​របស់​មតិ​ប្រជាពលរដ្ឋ​មួយចំនួន​ជុំវិញ​បញ្ហា​នេះ​លោក ញា ប៊ុនថន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពត​បានបញ្ជាក់​នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ ថា​៖​ករណីនេះ លោក​បាន​រាយការណ៍​ជូនទៅ​ក្រសួង​ហើយ​។​ឯកសារ​គ្រប់យ៉ាង​ត្រូវបាន​បញ្ចប់​និង​រៀបចំ​តាម​នីតិវិធី​ពាក់ព័ន្ធ​នឹង​ការស្លាប់​ដោយ​ជំងឺ​រលាក​សួត​ធ្ងន់ធ្ងរ​នោះ​។

​លោក​ប្រធាន​មន្ទីរ​បានបញ្ជាក់​ថា​ក្តី​ព្រួយបារម្ភ​បានកើត​ឡើង​ព្រោះ​តែមាន​អ្នក​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម​ដោយ​មិនចេះ​ជំនាញ​អ្វី​ទាំងអស់​។​ព័ត៌មាន​ខ្លះ​អាច​បង្ក​ភាពចលាចល​ព្រោះតែ​អ្នក​ផ្សព្វផ្សាយ​មិន​ថ្លឹងថ្លែង​សភាពការណ៍​។​

​សូមបញ្ជាក់ថាៈ​ជាមួយ​ភាព​ជ្រួលច្របល់​ដោយសារ​ការផ្សព្វផ្សាយ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ស្តីពី​ការស្លាប់​របស់​ជនជាតិ​បារាំង​រូបនោះ​លោ​កញា​ប៊ុនថន​ក៏បាន​បង្ហោះ​សារ​លើ​គណនី​ផ្ទាល់ខ្លួន​ថាបើ​ព័ត៌មាន​មិន​ច្បាស់​កុំ​ធ្វើជា​អ្នកដឹង​ពេក យកទៅ​បង្ហោះ​អំពល់ទុក្ខ​គេឯង​មិនបាន​សម្រាក​៕​ឌីណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *