ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌ សេដ្ឋកិច្ច

ចាប់ត្រីរួមគ្នាត្រៀមឡើងមាឃនៃអ្នកស្រុកអង្គរនៅតែបន្តទំនៀមយ៉ាងខ្ជាប់ខ្ជួន

សៀមរាប៖នៅក្នុងតំបន់រមណីយដ្ឋានអង្គរប្រមូលផ្តុំទៅដោយបេតិកភណ្ឌរស់ដែលសម្បូរទាំងមរតកអរូបីនិងរូបីជាច្រើនហើយត្រូវបានអ្នកស្រុកអង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនរហូតមកដល់បច្ចុប្បន្ន។

ជារៀងរាល់ឆ្នាំច្រើនជំនាន់មនុស្សមកហើយឱ្យតែដល់ខែមាឃអ្នកស្រុកភូមិបង្កោងឃុំអំពិលស្រុកប្រាសាទបាគងនៃខេត្តសៀមរាបមិនដែលខកខានប្រារព្ធពិធីចាប់ត្រីរួមជាលក្ខណៈសហគមន៍ដើម្បីត្រៀមរៀបចំពិធីឡើងមាឃតាមទំនៀមទម្លាប់ពីបុរាណនោះឡើយ។

ការចាប់ត្រីរួមគ្នាធ្វើឡើងនៅត្រពាំងបឹងដែលជាត្រពាំងបុរាណ មានទឹកខួបប្រាំងខួបវស្សា អ្នកស្រុកបានអភិរក្សទុកការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ចូលមកនេសាទផ្តេសផ្តាស់ខុសពីខែមាឃនេះឡើយ។លុះត្រាតែមានការសម្រេចគ្នាពីគណៈកម្មការរៀបចំបុណ្យជាមុនហើយកំណត់ថ្ងៃនេសាទរួម ទើបអ្នកភូមិអាចទៅរកចាប់បាន។ ប៉ុន្តែត្រូវតែប្រើឧបករណ៍នេសាទបុរាណ រួមមានសំណាញ់ អង្រុត ឈ្នាង ជាដើម។

លោកពេជ្រឃិនមេភូមិភូមិបង្កោងនៅព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២១បានឱ្យដឹងថា៖ត្រីដែលចាប់បាននោះ មួយផ្នែកសម្រាប់ធ្វើម្ហូបលក្ខណៈគ្រួសាររៀងៗខ្លួន មួយផ្នែកទៀតសម្រាប់ធ្វើទឹកនំបញ្ចុក និងធ្វើម្ហូបអាហាររួម សម្រាប់ពិធីឡើងមាឃ ឬបុណ្យឡើងអ្នកតាតាមទំនៀមបុរាណ។

លោកមេភូមិឱ្យយដឹងទៀតថា៖ឆ្នាំនេះសម្បូរត្រីប៉ុន្តែដោយសារឆ្នាំនេះមានភ្លៀងធ្លាក់ចុងឆ្នាំច្រើនទឹកបឹងមិនសូវស្រក ការចាប់ត្រីក៏បានតិច។ ហេតុដូច្នេះ បានជាត្រូវពន្យារការចាប់ត្រីពីថ្ងៃ៣កើត ខែមាឃ ដែលធ្លាប់ធ្វើរាល់ឆ្នាំ មកថ្ងៃ៩រោច ខែមាឃវិញ។

ទោះបីពិធីនេះមិនបានប្រារព្ធក្នុងថ្ងៃណាមួយច្បាស់លាស់ តែមិនឱ្យហួសពីខែមាឃនេះឡើយ។ប្រជាជនក្នុងភូមិបង្គោងយុវជនឈ្មោះយឿនតារាដែលក្រោកមកចាំចាប់ត្រីតាំងពីព្រលឹមស្រាងៗ បានសម្តែងចិត្តសប្បាយរីករាយដែលបានមកចាប់ត្រីរួមគ្នានិងបង្ហាញការសាមគ្គីរបស់ពលរដ្ឋនៅក្នុងភូមិ។

ពិសេសរក្សាបាននូវទំនៀមទម្លាប់ដែលមានតាំង ពីយូរលង់មកហើយ។ ក្នុងនាមជាយុវជន រូបគេ ចង់ឱ្យទំនៀមនេះនៅតែបន្តសម្រាប់ឱ្យកូនចៅជំនាន់ក្រោយស្គាល់រហូតតទៅ។
ជាមួយគ្នានោះមន្ត្រីអាជ្ញាធរអប្សរាក៏បានលើកឡើងថា៖ការប្រារព្ធពិធីបុណ្យឡើងមាឃឬឡើងអ្នកតានេះ ជាផ្នែកមួយនៃបេតិកភណ្ឌអរូបី។

ក្រៅពីបង្ហាញឱ្យឃើញតម្លៃវប្បធម៌ ការថែរក្សាមរតកវប្បធម៌ ក៏បានឆ្លុះបញ្ចាំងពីសាមគ្គីភាពនិងភាពរស់រវើកនៅតាមសហគមន៍និងដើម្បីអបអរដល់ទិន្នផលទទួលបានក្រោយពីបានប្រមូលផលស្រូវរួចរាល់ហើយ។ចំពោះពិធីនេះក៏មានការប្រារព្ធប្រហាក់ប្រហែលគ្នានៅតាមស្រុក និងខេត្តមួយចំនួនទៀតទូទាំងប្រទេសកម្ពុជាផងដែរ៕ស.សែត

rsc

Leave a Reply

Your email address will not be published. Required fields are marked *