Featured ព័ត៌មានសង្គម វប្បធម៌ សុខាភិបាល សេដ្ឋកិច្ច

អ្នកភូមិប្រើប្រាស់ទឹកអូរតាំងពីបុរាណកាលមកដល់បច្ចុប្បន្ន

ស្ទឹងត្រែង៖បងប្អូនជនជាតិដើមភាគតិចកួយរស់នៅភូមិរំដេងឃុំចម្ការលើស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងនៅតែរក្សាទម្លាប់ប្រើប្រាស់ទឹកអូរជាប្រចាំ។អាជ្ញាធរនៅទីនោះបានប្រាប់ថានេះគឺជាទម្លាប់តាំងពីបុរាណកាលមកម្ល៉េះ។

លោករស់ ដួន អាយុ ៥០ឆ្នាំគឺជាមេផ្ទះចាស់ទុំនៅភូមិរំដេងបានរៀបរាប់ប្រាប់ឱ្យដឹងថាបងប្អូនរបស់គាត់ដែលមានផ្ទះក្បែរដងអូរបាននាំគ្នាជីករណ្ដៅជាអណ្ដូងរាក់នៅក្បែរមាត់ទឹកឱ្យទឹកហូរជ្រាបដើម្បីយកទឹកទៅប្រើប្រាស់។

ពេលអ្នកសារព័ត៌មានចុះទៅដល់ភូមិនោះឃើញថាសកម្មភាពអ្នកភូមិយកផ្តិលឬការបោយដងទឹកចេញពីអណ្ដូងដាក់ធុងជញ្ជូនឡើងទៅប្រើប្រាស់នៅផ្ទះហើយអ្នកខ្លះក៏បោកគក់សម្លៀកបំពាក់នៅតាមដងអូរ។នៅតាមដងអូរឃើញមានរណ្ដៅជីកជាអណ្ដូងរាក់ជាច្រើនកន្លែងដើម្បីឱ្យទឹកជ្រាបចូលហើយអ្នកភូមិយកទឹកនោះដងទៅដាំស្លបោកគក់តាមទំនៀមទម្លាប់របស់គាត់។

លោកព្រះហែមមេឃុំចំការលើបានប្រាប់ឲ្យដឹងថាអាជ្ញាធរបានពន្យល់ណែនាំអប់រំដល់អ្នកភូមិឱ្យប្រើប្រាស់ទឹកមានអនាម័យជៀសវាងកើតមានជម្ងឺឆ្លង។ត្រូវប្រើប្រាស់ទឹកដាំស្លឱ្យបានឆ្អិនតាមក្បួនសុខាភិបាលដូចជាដាំទឹកក្តៅពុះដែលមានរយៈពេល១៥នាទីយ៉ាងតិច។

លោកមេឃុំនិយាយថានៅក្នុងភូមិក៏មានអ្នកខ្លះបានប្រើប្រាស់អណ្ដូងដែលអង្គការឧបត្ថម្ភហើយអ្នកខ្លះទៀតក៏មានអណ្ដូងជីកដោយដៃផ្ទាល់ខ្លួនរួចទៅហើយ។

ជាមួយនោះស្ត្រីអ្នកភូមិម្នាក់ទៀតបាននិយាយថាអណ្ដូងដែលអង្គការជួយឧបត្ថម្ភប្រើប្រាស់មិនគ្រប់គ្រាន់សម្រាប់អ្នកភូមិទេពេលខ្លះខូចមិនទាន់ចិត្តទើបអ្នកភូមិភាគច្រើនដែលមានផ្ទះក្បែរមាត់អូរនាំគ្នាជីកអណ្ដូងតាមបាតអូរយកទឹកមកប្រើប្រាស់តែម្ដងទៅ។

លោកមេឃុំចម្ការលើបានបញ្ជាក់ថាមានតែប្រជាពលរដ្ឋ ៣ភូមិប៉ុណ្ណោះនៅក្នុងឃុំរបស់លោកបានប្រើប្រាស់ទឹកហូរក្នុងនោះមានភូមិរុនភូមិរំដេងនិងភូមិចំការលើ។ភូមិទាំង៣នេះបានប្រើប្រាស់ទឹកអូរប៉ុន្តែមិនទាំងអស់ទេ។

អ្នកខ្លះដងទឹកអូរយកទៅរក្សាទុកសម្រាប់ប្រើប្រាស់លាងចានឬក៏ដងស្រោចដំណាំជាដើម។ម្យ៉ាងទៀតគឺជាទម្លាប់អ្នកភូមិនៅពេលរដូវប្រាំងតែងតែប្រើប្រាស់ទឹកអូរដែលមិនអាចកែប្រែបានទេ។ហេតុដូច្នេះមានតែជម្រុញការអប់រំដល់ពួកគាត់ក្នុងការប្រើប្រាស់ទឹកឱ្យមានអនាម័យតែប៉ុណ្ណោះ៕សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *