ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

យកសណ្ឋាគារមេគង្គជាមន្ទីរពេទ្យព្យាបាលជំងឺកូវីនៃខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ

កំពង់ចាម: អាជ្ញាធរបានយកសណ្ឋាគារមេគង្គមន្ទីរពេទ្យសម្រាប់ព្យាបាបាលជំងឺកូវីដ ១៩ របស់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយបានដាក់ឈ្មោះថា « មន្ទីរពេទ្យមេគង្គកំពង់ចាម »ចាប់ពីថ្ងៃទី ២៩ មីនាតទៅ។ ខណ:ដែលក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមមានសមត្ថភាពផ្ទុកអ្នកជំងឺចំនួនជាង៦០ គ្រែ ដែលបច្ចុប្បន្នមានកំពុងសម្រាកព្យាបាលចំនួន ប្រាំពីរ នាក់។

ជាមួយនោះខាងគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ក៏បាន និងកំពុងរៀបចំបន្ទប់សង្រ្គោះបន្ទាន់បំពាក់សម្ភារជំនួយដកដង្ហើម និងតាមដានសញ្ញាជីវិតចំនួន ១០ គ្រែ ក្នុងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ ១៩ ខេត្តកំពង់ចាមបន្ថែមទៀត។

មន្រ្តីសាលាខេត្តកំពង់ចាមបានឱ្យដឹងថា នៅព្រឹកថ្ងៃទី ២៩ មីនាឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បានដឹកនាំក្រុមការងារខេត្ត និងមន្រ្តីបច្ចេកទេសចុះពិនិត្យ និងរៀបចំកែលម្អសណ្ឋាគារមេគង្គ ឱ្យក្លាយជាមន្ទីរពេទ្យសម្រាប់ព្យាបាលជំងឺកូវីដ ១៩ របស់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយមានឈ្មោះថា «មន្ទីរពេទ្យមេគង្គកំពង់ចាម» ចាប់ពីពេលនេះតទៅ។

លោកវេជ្ជបណ្ឌិត យិន ស៊ីណាត ប្រធានមន្ទីរពេទ្យខេត្តកំពង់ចាមបានប្រាប់ឱ្យដឹងនៅថ្ងៃទី ២៩ មីនាថា ក្នុងមន្ទីរពេទ្យខេត្តកំពង់ចាមមានគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវី ១៩ សរុបចំនួន ៦២ គ្រែ ។បច្ចុប្បន្នមានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៧ នាក់ គឺបុរសអាយុ ២៧ ឆ្នាំមកពីឡឥដ្ឋស្រុកកងមាសម្នាក់ ស្រ្តីអាយុ ៤៥ឆ្នាំ មកពីស្រុកបាធាយម្នាក់ មន្រ្តីនគរបាលខេត្តត្បូងឃ្មុំម្នាក់ និងក្រុមគ្រួសាររបស់មន្រ្តីរូបនេះចំនួន ៤នាក់ទៀត។

លោកប្រធានមន្ទីរពេទ្យខេត្តកំពង់ចាមបានបន្តថា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាគណ:កម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺនេះបាន និងកំពុងរៀបចំបន្ទប់សង្រ្គោះបន្ទាន់ដាច់ដោយឡែក បំពាក់សម្ភារជំនួយដកដង្ហើម និងតាមដានសញ្ញាជីវិតចំនួន ១០ គ្រែបន្ថែមទៀត៕សម្បត្តិ

rsc

Leave a Reply

Your email address will not be published. Required fields are marked *