ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ដុតកម្ទេចនិងកប់ចោលជ្រូកជាង២០០ក្បាលបន្ទាប់ពីរកឃើញមានផ្ទុកជំងឺប៉េះជ្រូកអាហ្វ្រិក

ភ្នំពេញ៖បន្ទាប់ពីមន្រ្តីជំនាញពិនិត្យឃើញលើជ្រូកមានផ្ទុកមេរោគប៉េះជ្រូកអាហ្វ្រិកដែលឈ្មួញលួចនាំចូលខុសច្បាប់និងត្រូវបានបង្ក្រាបកាលពីពេលកន្លងទៅនៅព្រំដែនខេត្តស្ទឹងត្រែងនោះក្រសួងកសិកម្មបានសម្រេចដុតកម្ទេចនិងកប់ចោលសត្វជ្រូកជាង២០០ក្បាលនៅស្រុកបាទីខេត្តតាកែវនាព្រឹកថ្ងៃទី១ខែមេសាឆ្នាំ២០២១។

លោកតាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា៖ការដុតកម្ទេចចោលជ្រូកជាង២០០ក្បាលនេះគឺមានផ្ទុកមេរោគប៉េះជ្រូកអាហ្វ្រិក ដែលឈ្មួញលួចនាំចូលខុសច្បាប់ដែលបានបង្ក្រាបកាលពីពេលកន្លងទៅ នៅព្រំដែនខេត្តស្ទឹងត្រែង ។

សូមជម្រាបថា៖មន្ត្រីជំនាញនៃក្រសួងកសិកម្មនិងសមត្ថកិច្ចពាក់ព័ន្ធបានចាប់រថយន្តដឹកជ្រូក មួយគ្រឿងក្នុងចំណោមរថយន្តដឹកជ្រូកចំនួន៣គ្រឿងកាលពីយប់ថ្ងៃទី២៣មីនាឆ្នាំ២០២១នៅក្នុងក្រុងស្ទឹងត្រែង។ដោយសារតែ ឈ្មួញលួច នាំជ្រូកទាំងនោះ គ្មានច្បាប់អនុញាតនិងមិនបាន គោរពទៅតាម វិធានការ របស់ពេទ្យសត្វ ខណៈដែលជ្រូកនៅប្រទេសជិតខាង កំពុងកើត ជំងឺប៉េះជ្រូកអាហ្វ្រិក។

យោងតាមសមាគមចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ជំងឺប៉េះជ្រូកអាហ្វ្រិកនេះមិនទាន់មានថ្នាំព្យាបាលនិងវ៉ាក់សាំងការពារនៅឡើយ ដែលជំងឺនេះកើតឡើងនៅអាហ្វ្រិកជាង១០០ឆ្នាំមកហើយ។ចំណាត់ការកម្ទេចចោលសត្វជ្រូកជាង២០០ក្បាលនេះស្របពេលដែលសមាគមមានការព្រួយបារម្ភជាខ្លាំង ដែលអាចឈានដល់ចម្លងជំងឺនេះដល់សត្វជ្រូកដ៏ទៃផ្សេងទៀតនៅក្នុងស្រុក ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ៕ដោយ៖វិចិត្រ

rsc

Leave a Reply

Your email address will not be published. Required fields are marked *