Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

សត្វផ្សោតមួយក្បាលទម្ងន់ជាង១០០គីឡូក្រាមបានងាប់អណ្តែតទឹកទន្លេមេគង្គ

ស្ទឹងត្រែង៖ឆ្មាំទន្លេនិងសហគមន៍ឃុំព្រះរំកិលបានប្រាប់ថា៖មានសត្វផ្សោតមួយក្បាលទម្ងន់ជាង១០០គីឡូក្រាមងាប់អណ្តែតទឹកទើរនៅក្នុងគុម្ពោធព្រៃកន្ទុយភូមិអន្លង់ស្វាយឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យកាលពីព្រឹកថ្ងៃទី២២ខែមេសាឆ្នាំ ២០២១។

លោកស្រីសមវិចិត្រនាយខណ្ឌរដ្ឋបាលជលផលស្ដីទីខេត្តស្ទឹងត្រែងបានឱ្យដឹងនៅព្រឹកថ្ងៃទី ២៣ខែមេសានេះថា៖ក្រោយពីទទួលបានព័ត៌មានមន្ត្រីជលផលស្ទឹងត្រែងបានសហការជាមួយអង្គការអភិរក្សសត្វផ្សោត wwf ចុះទៅពិនិត្យឃើញសត្វផ្សោតមួយក្បាលដែលងាប់នោះគឺជាផ្សោតដែលមានវ័យចំណាស់។មិនជាប់ពាក់ព័ន្ធទៅនឹងការដាក់ម៉ងរបស់អ្នកនេសាទទេវាមានវ័យប្រហែល២០ឆ្នាំហើយ។

លោកនាយខណ្ឌរដ្ឋបាលជលផលបានបន្តថា៖ធ្មេញរបស់វាសឹករិចរិលអស់ហើយ។មាឌរាងស្គមទម្ងន់ជាង១០០គីឡូក្រាមប្រវែងមួយម៉ែត្រពីរទឹក។កំឡុងនៃការងាប់អាចមានរយៈពេលពី ៥ទៅ៧ថ្ងៃមកហើយ។យើងមើលឃើញថាសាច់របស់វាមានសភាពស្អុយរលួយ។

គេមិនអាចកំណត់ថាផ្សោតនោះគឺជាផ្សោតញីឬក៏ឈ្មោលទេ។អ្នកវិទ្យាសាស្រ្តក៏ដូចជាជំនាញខាងអង្គការ wwf មិនអាចកំណត់ថាផ្សោតញីឬឈ្មោលបានឡើយ។គេអាចកំណត់ថាវាមានវ័យ ប្រហែល២០ឆ្នាំដោយសារបានដាក់លេខកូដនៅជាប់នឹងខ្លួនផ្សោត។

តាមការសន្និដ្ឋានជាបឋមបានបង្ហាញថា៖មូលហេតុសត្វផ្សោតមួយក្បាលបានងាប់នោះអាចបណ្ដាលមកពីវាមានវ័យចំណាស់នឹងមានជំងឺ។អាជ្ញាធរឃុំព្រះរំកិលបានសុំគ្រប់យ៉ាងរក្សាទុក។ចំណែកសច្ចៈរបស់សត្វផ្សោតត្រូវបានមន្ត្រីយកទៅកប់ចោល៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *