ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនក្រុមឈូសឆាយដីព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផល៨នាក់ទៅតុលាការ

បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថសហការជាមួយជំនាញជលផលខេត្តបានចុះចាប់ក្រុមជនសង្ស័យបានចំនួន៨នាក់ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីកាលពីរសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានឱ្យដឹងថា៖ នៅម្តុំរហាលធំស្ថិតក្នុងភូមិស្ទឹងកំបុត ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុកព្រះនេត្រព្រះ និងកម្លាំងមូលដ្ឋាន អាវុធហត្ថស្រុកមង្គលបូរីចំនួន៥០នាក់ ។

លោកបានបន្តថា៖សមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ទោ អ៊ុ សាខន នាយរងសេនាធិការដ្ឋាន ព្រមទាំងសហការជាមួយកម្លាំងជំនាញខណ្ឌរដ្ឋបាលជលផលបន្ទាយមានជ័យ បានចុះបង្រ្កាបករណីឈូសឆាយកាប់ឆ្ការព្រៃលិចទឹកក្នុងតំបន់អភិរក្សជលផលនិងចាប់ខ្លួនចំនួន៨នាក់។

បុរសជាជនសង្ស័យទាំង៨នាក់ឈ្មោះ ប៉ោ ម៉ាយ អាយុ ៤៩ឆ្នាំ មុខរបរ មេការ,ឈ្មោះ ឯក ឈីរ៉ា អាយុ ៣២ឆ្នាំ,ឈ្មោះ ទូច ចាន់ណេងអាយុ ៣១ឆ្នាំ,ឈ្មោះ នឿន ណុច អាយុ ២៥ឆ្នាំ,ឈ្មោះ មក់ វាសនាអាយុ ២៨ឆ្នាំ,ឈ្មោះ សាវ គឹមឈឿនអាយុ ២៨ឆ្នាំ,ឈ្មោះ ឡា សំណាងអាយុ ២៩ឆ្នាំ,ឈ្មោះ ហៀង គិមហេង ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរ លក់ឥវ៉ាន់អនឡាញ។ជនទាំង៨នាក់រស់នៅភូមិថ្មដប់ ឃុំសំបួរ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ក្នុងនោះសមត្ថកិច្ចដកហូតសម្ភារវត្ថុតាងរួមមាន៖ត្រាក់ទ័រ១គ្រឿង,គោយន្ត៣ គ្រឿង ម៉ាកគូបូតា RT14,រថយន្តច្នៃបែនដឹកដី១ គ្រឿងគ្មានផ្លាកលេខ។រថយន្តដឹកដី១ គ្រឿងផ្លាកលេខ បន្ទាយមានជ័យ 3A-1251៥,អេសស្កាកាយដី៣ គ្រឿង,កាណូតស្មាច់៨ គ្រឿង,ក្បូនមានដំបូលចំនួន៨ គ្រឿង,ម៉ាស៊ីនកាណូត១៦ គ្រឿង,ម៉ាស៊ីនបូមខ្យល់១គ្រឿង,ម៉ូតូ៣ គ្រឿង,ម៉ូតូកង់បី (passapp) ១ គ្រឿង ម៉ាកGPSពាក់ផ្លាកលេខ ភ្នំពេញ 1HR-2912,ទូរស័ព្ទ៧ គ្រឿង។

បច្ចុនប្បន្ន ជនសង្ស័យទាំង៨នាក់ ត្រូវកម្លាំងមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខ សហការជាមួយជំនាញជលផលបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីហើយនៅរសៀលថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២១ចំណែកវត្ថុតាងខាងលើត្រូវបានរក្សាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តជាបណ្ដោះអាសន្ន៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *