កម្សាន្ត ព័ត៌មានសង្គម

នាង Andrea Meza ធ្លាប់មានប្រវត្តិគ្រងមកុដហូរហែរួចមកហើយមុនក្លាយជាម្ចាស់មកុដកញ្ញាឯកចក្រវាឡ២០២០

អន្តរជាតិ៖មិនមែនជារឿងចៃដន្យទេដែលនាង Andrea Meza បានយកឈ្នះអស់បេក្ខនារីនៅបណ្តាប្រទេសជាង៧០ដើម្បីជាប់ជាបវរកញ្ញាចក្រវាឡ២០២០។ នាងបានក្លាយជានារីម៉ិចស៊ីកូទី៣ដែលគ្រងតំណែងដ៏អស្ចារ្យមួយនេះ ហើយនាងក៏មានប្រវត្តិនៃការសិក្សា និងការងារឆ្នើមក្នុងសង្គមជាច្រើនផងដែរមុនពេលទទួលបានតំណែងមួយនេះ។

តើបវរកញ្ញាម៉ិចស៊ីកូ Andrea Meza គឺជាអ្នកណាមុនពេលឈ្នះមកុដកញ្ញាឯកចក្រវាឡ២០២០នេះ? Andrea Meza កើតនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៩៤ ក្នុងទីក្រុង Chihuahua ប្រទេសមិចស៊ីកូ ជាកូនស្រីច្បងក្នុងចំណោមបងប្អូនស្រី៣នាក់ និងក៏ជាប់សាច់ឈាមជនជាតិចិនផងដែរ។ក្រោយបញ្ចប់ការសិក្សាពីអនុវិទ្យាល័យ Meza ក៏បានចូលរៀននៅសាកលវិទ្យាល័យ Autonomous University of Chihuahua ជាកន្លែងដែលនាងចាប់យកជំនាញផ្នែកវិស្វកម្ម Software។

នាងបានបញ្ចប់ការសិក្សា នៅឆ្នាំ ២០១៧ ព្រមទាំងបានចាប់ផ្ដើមបំពេញការងារក្នុងប្រទេសកំណើតជា វិស្វករអភិវឌ្ឍន៍កម្មវិធីបន្ថែមលើអាជីពជាតារាបង្ហាញម៉ូដ ជាសិល្បករផ្នែកតុបតែងមុខ ជាតារាតំណាងលើវិស័យទេសចរណ៍របស់ទីក្រុង Chihuahua ប្រទេសមិចស៊ីកូផងដែរ។ មុនពេលសម្រេចបានក្តីស្រមៃដ៏សម្បើមលើឆាកអន្តរជាតិនាងធ្លាប់បានប្រឡូកយ៉ាងជោកជាំជាមួយនឹងកម្មវិធីក្នុងនិងក្រៅស្រុកជាច្រើន ហើយយ៉ាងហោចណាស់នាងបានគ្រងមកុដជាកញ្ញាឯកលើកម្មវិធីប្រកួតជាបន្តបន្ទាប់មានដូចជា៖

ឆ្នាំ២០១៦ បន្ទាប់ពីនាងត្រូវបានជ្រើសរើសជាបេក្ខនារីតំណាងទីក្រុង Chihuahua ក្នុងកម្មវិធីប្រកួត Miss World Mexico 2016 នាងគ្រងតំណែងជាកញ្ញាឯកMiss Mexico 2017។ ឆ្នាំ២០២០នាងជាម្ចាស់មកុដMexicana Universal Chihuahua 2020 ហើយឆ្នាំនេះដដែលនាងធ្លាប់បានគ្រងជាម្ចាស់មកុដ Mexicana Universal 2020 ហើយនាងក៏ធ្លាប់បានជាប់ជាជយលាភីលេខ២ Miss World Amercias ផងដែរ។ ចុងក្រោយនាងគឺជាម្ចាស់មកុដ កញ្ញាឯកចក្រវាឡ២០២០ដែលត្រូវបានរៀបចំឡើងនៅថ្ងៃទី ១៦ ខែឧសភានៅក្នុងសណ្ឋាគារ Seminole Hard Rock Hollywoodនារដ្ឋផ្លរីដា សហរដ្ឋអាមេរិក។

មុនពេលទទួលបានតំណែងឈ្នះអស់បេក្ខនារីមកពីបណ្តាប្រទេស៧៣ផ្សេងទៀតនេះដែរថា នាងគឺជាសកម្មជនដែលខ្នះខ្នែងខ្លាំងក្នុងការលើកកម្ពស់សិទ្ធិនារី ព្រមទាំងបានធ្វើការយ៉ាងសកម្មក្នុងការលើកកម្ពស់ និងឲ្យតម្លៃខ្ពស់ចំពោះនារីៗទូទាំងពិភពលោកពិសេសទាក់ទងនឹងការបញ្ចប់អំពើហិង្សាលើស្ត្រី៕ដោយៈវេសាយនគរវត្ត

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *