ព័ត៌មានអន្តរជាតិ

បន្ទាប់ពី​ព្យុះ Tauktae បានសម្លាប់មនុស្ស១១០នាក់ហួសទៅមាន​ព្យុះកំណាច១ទៀត​នៅ បោកបក់លើភាគប្រទេសឥណ្តា

អន្តរជាតិ​៖ បើតាមការព្រមានរបស់អាជ្ញាធរឥណ្ឌា​ បានប្រកាសកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ថា៖ព្យុះកំណាចថ្មីមួយកំពុងបោកបក់មក លើឈូងសមុទ្របេងហ្គាល់ (Bay of Bengal) ដែលស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងកើតប្រទេសឥណ្ឌា។គឺប៉ុន្មានថ្ងៃបន្ទាប់ពីព្យុះស៊ីក្លូនកំណាចមួយ បានវាយប្រហារមកលើតំបន់ឆ្នេរសមុទ្រ ភាគខាងលិចប្រទេសឥណ្ឌា ដែលបណ្តាលឱ្យមនុស្សយ៉ាងតិច ១១០នាក់បានស្លាប់។

ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅល្ងាចថ្ងៃព្រហស្បតិ៍នេះដែរ​ បានចុះផ្សាយថា​ ព្យុះស៊ីក្លូនកំណាចមានឈ្មោះថា តកតែ (Tauktae) បានបោកបក់មកលើរដ្ឋ ហ្គូចារ៉ាត (Gujarat) ភាគខាងលិចប្រទេសឥណ្ឌា។ កាលពីល្ងាចថ្ងៃចន្ទសប្ដាហ៍នេះ ជាមួយល្បឿន ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។ប៉ុន្តែកាលពីព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ វាបានថយចុះឥទ្ធិពលបន្តិចវិញ។

ប៉ុន្តែ​បើ​ទោះបីជាបែបនេះក៏ដោយ វាបានបង្កឱ្យផ្លូវថ្នល់ជន់លិច, រលំដើមឈើ-បង្គោលអគ្គិសនី, ប្រជាជនឥណ្ឌារាប់សែននាក់ត្រូវភៀសខ្លួន ហើយមនុស្សយ៉ាងតិច ១១០នាក់ ក៏បានស្លាប់ផងដែរនៅរដ្ឋ កឺរ៉ាឡា (Kerala), ហ្គ័រ (Goa), មហារ៉ាស្ត្រា (Maharashtra) និង ហ្គូចារ៉ាត (Gujarat)។

វាបានបន្សល់ទុកនូវការបំផ្លិញបំផ្លាញ ដ៏ស្មុគស្មាញជាច្រើនសម្រាប់ប្រទេសមួយ ដែលកំពុងប្រឈមមុខជាមួយនឹងការកើនឡើង នូវករណីឆ្លងវីរុសកូរ៉ូណា (COVID-19) ដ៏កាចសាហាវនេះ។គួរជម្រាបដែរថា​ នៅក្នុងការព្រមានរបស់អាជ្ញាធរចុងក្រោយនេះ នាយកដ្ឋានឧតុនិយមឥណ្ឌា​ បានបញ្ជាក់ថា៖ ព្យុះកំណាចថ្មីមួយ ទំនងជានឹងបោកបក់មកលើ ឈូងសមុទ្របេងហ្គាល់ (Bay of Bengal) នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះផងដែរ។​

មិនតែប៉ុណ្ណោះ​ វានឹងបង្កើនឥទ្ធិពលបន្តិចម្ដងៗ ទៅជាព្យុះស៊ីក្លូនកំណាចមួយ ដែលនឹងមកដល់ឆ្នេរសមុទ្រភាគខាងកើតនៃរដ្ឋ វែសត៍ បេងហ្គាល់ (West Bengal) និងរដ្ឋអូឌីសា (Odisha) ប្រទេសឥណ្ឌានៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះ៕ ដោយ ​៖ ស​.តារា​

rsc

Leave a Reply

Your email address will not be published. Required fields are marked *