Featured ព័ត៌មានអន្តរជាតិ

នាវានេសាទជប៉ុនក្រឡាប់លិចពេលបុកគ្នាជាមួយនាវារុស្ស៊ី

អន្តរជាតិ៖សារព័ត៌មានក្យូដូរបស់ជប៉ុន បានផ្សាយថា នាវានេសាទមួយគ្រឿងរបស់ជប៉ុនបានបុកជាមួយនាវារបស់រុស្ស៊ីនៅជិតកោះ Hokkaido កាលពីព្រឹកថ្ងៃទី២៦ខែឧសភាឆ្នាំ២០២១ បណ្តាលឱ្យនាវានេសាទជប៉ុនលិច។ពួកមន្ត្រីបាននិយាយថា សមាជិកនាវិក៣នាក់នៃនាវានេសាទរបស់ជប៉ុន បានស្លាប់ក្រោយការបុកគ្នាជាមួយនាវារុស្ស៊ីនៅក្នុងសមុទ្រអូខូតស៍ខាងជើងកោះ Hokkaido របស់ជប៉ុន។

តាមសារព័ត៌មានខាងលើបានបញ្ជាក់ថា នាវានេសាទរបស់ជប៉ុន ជារបស់ក្រុមហ៊ុន Monbetsu ហើយបានបុកគ្នាជាមួយនាវារបស់រុស្ស៊ីនៅវេលាម៉ោង៦ព្រឹកថ្ងៃទី២៦ខែឧសភា ។បណ្តាញព័ត៌មាន NHK របស់ជប៉ុនបានផ្សាយថា៖ ការប៉ះទង្គិចគ្នានេះនៅតំបន់សមុទ្រ Okhotsk មានចម្ងាយពីឆ្នេរសមុទ្រ Monbetsu ប្រមាណ២៣គីឡូម៉ែត្រ។

នាវានេសាទរបស់ Hachikita Komaru មានចំណុះ៩,៧តោន បុកជាមួយនាវារុស្ស៊ី Amur មានចំណុះ៦៦២តោន។ នាវានេសាទរបស់ជប៉ុន មាននាវិក៥នាក់ ត្រូវបានបញ្ជូនឡើងទៅកាន់នាវារុស្ស៊ី ។កម្លាំងទាហានការពារដែនសមុទ្រជប៉ុនបានបញ្ជូននាវាយាមល្បាតទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្យស្ថានភាព ។

ការលិចនាវាខាងលើអាចបង្កឱ្យមានលិចហៀប្រេងចូលដែនសមុទ្រផងដែរ ។នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុដែលបណ្តាលឱ្យនាវាទាំងពីរគ្រឿងបុកគ្នា រហូតដល់មាននាវាលិចនោះឡើយ ៕សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *