ព័ត៌មានអន្តរជាតិ

នាវា​ឥណ្ឌា​ចូលរួម​ពន្លត់ភ្លើង​លើ​នាវា​សិង្ហ​បុរី​មួយ​គ្រឿង​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ក្រុង​កូឡុំបូ​

អន្តរជាតិ៖នាវា​ឥណ្ឌា​បី​គ្រឿង​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​នៅ​ឯនាយ​ឆ្នេរ​ទីក្រុង​កូឡុំបូ​ប្រទេស​ស្រីលង្កា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧ឧសភាឆ្នាំ២០២១​ដើម្បី​ពន្លត់ភ្លើង​ដែល​ឆាបឆេះ​​យ៉ាង​សន្ធោសន្ធៅ​នៅ​លើ​នាវា​ដឹក​កុងតឺន័រ​មួយ​ដែល​ចុះបញ្ជី​នៅ​ប្រទេស​សិង្ហ​បុរី​ឈ្មោះថា X-Press Pearl​បន្ទាប់​ពី​ការផ្ទុះ​មួយ​កាលពី​ថ្ងៃ​អង្គារ​។​

​មាន​ការបារម្ភ​ជា​បន្ត​ថា នាវា X-Press Pearl​ដែល​ទើប​មាន​អាយុ​តែ៣ខែអាច​ដាច់​ជា​ពីរ​ហើយ​កម្ពប់​ប្រេង​រាប់​តោន​ចូល​សមុទ្រ​។​ក្រុមហ៊ុន X-Press Feeders ជា​ប្រតិបត្តិ​ករ​នៃ​នាវា​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​”​នាវា​ពន្លត់​អគ្គិភ័យ​ជាច្រើន​គ្រឿង​បាន​បាញ់​ទឹក​ពន្លត់ភ្លើង​លើ​នាវា​​នេះ​ដោយ​មាន​ការគាំទ្រ​ពី​កងទ័ពជើងទឹក​ស្រីលង្កា​និង​ឆ្មាំ​សមុទ្រ​ឥណ្ឌា ដែល​កំពុង​បន្ត​ស្ថិត​នៅ​កន្លែងកើតហេតុ​”​។​

អ្នកនាំពាក្យ​របស់​ប្រតិបត្តិ​ករ​ខាងលើ លោក អេន​ឌ្រូ លី​ហ៊ី បាន​ប្រាប់​សារព័ត៌មាន The Straits Times​ថា សមាជិក​នាវិក​បរទេស​ទាំង ២៥​នាក់​ត្រូវបាន​ជម្លៀសចេញ​ដោយ​សុវត្ថិភាព​កាល​​ពី​ថ្ងៃ​អង្គារ​។​

អ្នកដើរ​សមុទ្រ​ពីរ​នាក់​កំពុង​ស្ថិតក្នុង​ស្ថានភាព​នឹងនរ​នៅក្នុង​មន្ទីរពេទ្យ​បន្ទាប់ពី​រងរបួស ដោយ​ម្នាក់​ក្នុងចំណោម​នោះ​បាន​រងរបួស​ក្នុងពេល​ជម្លៀសចេញ​។​សមាជិក​នាវិក​ម្នាក់​នេះ​ក៏​បាន​ធ្វើតេស្តិ៍​វិជ្ជមាន​​កូវី​ដ​១៩​ផងដែរ​។ ក្រុមហ៊ុន X-Press Feeders​និយាយថា គាត់​ជា​អ្នកជំងឺ​កូវី​ដដែល​មិន​លេច​រោគស​ញ្ញា ហើយ​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា​។​

 

​លោក​លី​ហ៊ី​និយាយថា “​សមាជិក​នាវិក ២៣ នាក់​ផ្សេង​ទៀត​កំពុង​ស្ថិតនៅក្នុង​ទីតាំង​ចត្តា​ឡី​ស័ក​ក្នុងក្រុង​កូឡុំបូ​។ ពួកគេ​ទាំងអស់​តេស្តិ៍​អវិជ្ជមាន (​សម្រាប់កូ​វីដ​១៩)​ហើយ​ពួកគេ​ទាំងអស់​មាន​សុខ​​ភាពល្អ​”​។​នាវា X-Press Pearl ដែល​ដឹក​កុងតឺន័រ ១.៤៨៦ ទូ​ផ្ទុក​អា​ស៊ីត​នីត្រិ​ក ២៥តោន​ព្រមទាំង​សារធាតុ​គីមី​និង​គ្រឿងសម្អាង​ផ្សេងទៀត​នៅ​លើ​នោះ បាន​កំពុង​បើក​មក​សិង្ហ​បុរី​ចេញពី​ទីក្រុង​កូឡុំបូ ពេល​វា​ឆាបឆេះ​៕ប្រែសម្រួល : កញ្ញាដាលីស

នាវា​របស់​កងទ័ពជើងទឹក​ឥណ្ឌាកំពុង​ព្យាយាម​ពន្លត់ភ្លើង​លើ​នាវា X-Press Pearl​

rsc

Leave a Reply

Your email address will not be published. Required fields are marked *