Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម វប្បធម៌

មន្ទីរវប្បធម៌ខេត្តក្រចេះគ្រោងរៀបចំផ្ទះសសរ១០០​ធ្វើជាសារមន្ទីរខេត្ត

ក្រចេះ​៖មន្ទីរវប្បធម៌ខេត្តក្រចេះ​គ្រោងរៀបចំផ្ទះសសរ១០០ធ្វើជាសារមន្ទីរខេត្តនៅពេលខាងមុខ ដើម្បីបន្សល់ទុកជាបេតិកភណ្ឌជាតិ សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់។ នេះបើ​យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា។

តាមការ​លើក​ឡើងរបស់អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ លោកស្រី ហ៊ុក ផល្លីនី បានថ្លែងថា៖ កន្លងមកនេះមន្ទីរបានប្រមូលវត្ថុបុរាណពីវត្តចំណាស់ៗជាច្រើននិងវត្ថុបុរាណដែលបានបាក់បែកពីទីទួលប្រាសាទនានាដែលមានអាយុកាលរាប់រយឆ្នាំ យកមករក្សាទុកនៅសារមន្ទីរខេត្តដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលទស្សនា។

លោកស្រីអនុប្រធានមន្ទីរវប្បធម៌​ បានបន្តថា​៖បច្ចុប្បន្នក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំជាន់ខ្ពស់សារមន្ទីរជាតិ​ បានគ្រោងដាក់ផ្ទះសសរ១០០​ ជាទីតាំងថ្មីជំនួសសារមន្ទីរខេត្តចាស់ បន្ទាប់ពីការតាំងពិព័រណ៍ផ្ទះសសរ១០០ចប់​ រួចរាល់នាពេលខាងមុខ។

លោកស្រី​ ហ៊ុក ផល្លីនី បានគូសបញ្ជាក់ថា​៖ “តទៅមុខទៀត ក្រសួងមានគម្រោង ធ្វើជាសារមន្ទីរខេត្ត នៅពេលដែលចប់តាំងពិព័រណ៍ អីចឹងមន្ទីរវប្បធម៌ខេត្តនឹងបញ្ជូនវត្ថុបុរាណ ពីក្នុងសារមន្ទីរវប្បធម៌ ទៅដាក់នៅផ្ទះសសរ ១០០ ហ្នឹងតែម្តង គឺយើងធ្វើជាសារមន្ទីរវប្បធម៌នៅផ្ទះសសរ១០០។

បន្ថែមពីនេះ​ អនុប្រធានមន្ទីរវប្បធម៌​រូបនេះ​ បានបញ្ជាក់ទៀតថា​៖ ក្រុមការងារមន្ទីរ នឹងផ្សព្វផ្សាយឱ្យបានទូលំទូលាយពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ក្រុងក្រចេះ ដ៏ចំណាស់មានទាំងផ្ទះសសរ១០០និងវត្ថុបុរាណចំណាស់ដទៃទៀត ដែលមានអាយុកាលជាង១០០ឆ្នាំឡើងទៅ”។

គួរបញ្ជាក់ថា ផ្ទះបុរាណសសរ១០០​ មួយនេះ​ មានអាយុកាលជាង២០០ឆ្នាំស្ថិតនៅភូមិកណ្តុរ ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវបានរុះរើពីថ្ងៃ២១ ខែមិថុនា ឆ្នាំ២០២០ ហើយ​មកសាងសង់ឡើងវិញ​ នៅក្នុងបរិវេណខាងលិចវិហារបុរាណវត្តរការកណ្តាល​ ក្រុងក្រចេះ​ ដោយសាងសង់ចប់រួចរាល់នៅថ្ងៃទី១២ ខែមេសាឆ្នាំ២០២១កន្លងទៅ​ថ្មីៗ​នេះ​៕ដោយ៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *