ព័ត៌មានសង្គម

ខេត្តកំពង់ចាមគ្រោងបង្កើតទីលានចាក់សំរាមបម្រុងនៅស្រុកជើងព្រៃ

កំពង់ចាម: លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមគ្រោងស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដីកសិកម្មមួយកន្លែងនៅស្រុកជើងព្រៃ ដើម្បីត្រៀមបម្រុងទុកធ្វើជាទីលានចាក់សំរាមនាពេលអនាគត។ដោយឡែកគម្រោងទីលានចាក់សំរាម និងកែច្នៃសំរាមនៅស្រុកព្រៃឈរនៅតែប្រព្រឹត្តទៅធម្មតា គឺគ្មានការប្រែប្រួលអ្វីឡើយ។

លោក នួន គង់សល្យ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ចាមបានឱ្យដឹង នៅថ្ងៃទី ១០ មិថុនាថា៖ កាលពីដើមសប្តាហ៍កន្លងទៅលោក អ៊ុន ចាន់ដា ជាអភិបាលខេត្តបានដឹកនាំសហការី និងមន្រ្តី នៃមន្ទីរអង្គភាពពាក់ព័ន្ធ ចុះពិនិត្យសិក្សាជាក់ស្តែងលើដីដែលគ្រោងស្នើសុំទៅសម្តេចតេជោ តាមរយ:ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ជាអ្នកគ្រប់គ្រងលើដីទំហំ ៥០ ហិកតាស្ថិតក្នុងភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពង់ចាមមានទីលានចាក់សំរាម មានផ្ទៃប្រមាណ ១០ ហិកតា ស្ថិតនៅឃុំបុសខ្នុរ ស្រុកចម្ការលើ។ ក្នុងនោះអាជ្ញាធរខេត្តបានបង្កើតគម្រោងទីលានចាក់សំរាម និងកែច្នៃសំរាមមួយកន្លែងស្ថិតក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ។ប៉ុន្តែគម្រោងមួយនេះនៅពុំទាន់ដំណើរការស្ថាបនានោះទេ៕ដោយ៖សម្បត្តិ

rsc

Leave a Reply

Your email address will not be published. Required fields are marked *