សន្តិសុខ

ចាប់អ្នកក្លែងខ្លួនជាក្រឡាបញ្ជីចៅក្រមម្នាក់បញ្ជូនទៅតុលាការករណីឆបោកប្រាក់ច្រើនពាន់ដុល្លារ

បន្ទាយមានជ័យ៖កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចាប់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីក្លែងខ្លួនជាក្រឡាបញ្ជីចៅក្រមនិងបទឆបោកប្រាក់ច្រើនពាន់ដុល្លារបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់កាលពីថ្ងៃទី៩ខែមិថុនាឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែតបានបញ្ជាក់ថា​៖ជនសង្ស័យឈ្មោះ នី ឆេងឡេងភេទប្រុសអាយុ២៤ឆ្នាំរស់នៅភូមិក្បាលស្ពាន១សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្តថា៖ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះចំនួន៣នាក់ឈ្មោះ ស៊ុ ម៉ាលី ភេទស្រី អាយុ២៦ឆ្នាំឈ្មោះ វុទ្ធី វណ្ណថា ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ សួន ស៊ីម៉ាប់ អាយុ៤១ឆ្នាំ នៅក្រុងប៉ោយប៉ែត។ជនរងគ្រោះបានប្តឹងចោទប្រកាន់ឈ្មោះ នី ឆេងឡេងពីបទរំលោភលើសេចក្តីទុកចិត្ត ។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា៖ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នី ឆេងឡេង បានឆ្លើយសារភាពថា កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១កន្លងមកនេះ រូបគេបានមកធ្វើការផ្នែកជំនួយការចៅក្រមនៅសាលាដំបូងខេត្តបន្ទាយមានជ័យ។ចាប់តាំងពីពេលនោះមកដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ រូបគេបានបោកប្រាក់អ្នកនៅក្នុងក្រុងប៉ោយប៉ែតជាបន្តបន្ទាប់។រូបគេបានអះអាងថា ខ្លួនជាក្រឡាបញ្ជី និងជាជំនួយការផ្ទាល់របស់លោកចៅក្រម អាំង ចិន្ដា ។

ពេលនោះមានមនុស្សជាច្រើនជឿជាក់លើរូបគេ ហើយបានពឹងពាក់រូបគេឱ្យជួយរត់ការប្លង់ដី ដោយរូបគេយកប្រាក់ចំនួន២.៨០០ដុល្លារ អ្នកខ្លះឱ្យរត់ការធ្វើផ្លាកលេខរថយន្ត និងដោះស្រាយម៉ូតូ រូបគេយកប្រាក់១.៣០០ដុល្លារ និងអ្នកខ្លះទៀតឱ្យរត់ការរឿងលែងលះប្ដី ប្រពន្ធ រូបគេយកប្រាក់បានចំនួន១.២៥០ដុល្លារ។រូបគេបានបញ្ជាក់ទៀតថា ការរត់ការនេះមិនបានលទ្ធផលអ្វីទាំងអស់ពីព្រោះរូបគេបានប្រាក់ទាំងនោះមកទុកខ្លួនឯងទាំងអស់ ។

លោកវរសេនីយ៍ឯក​ ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌បានបញ្ជាក់ថា៖ ដោយផ្អែកតាមការបំភ្លឺពីជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ឈ្មោះ នី ឆេងឡេង ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *