Featured ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម សេដ្ឋកិច្ច

សត្វផ្សោតទន្លេមេគង្គព្រំដែនកម្ពុជា-ឡាវប្រឈមនឹងផុតពូជ

ស្ទឹងត្រែង៖អាជ្ញាធរនិងមន្ត្រីជំនាញមានការព្រួយបារម្ភយ៉ាងខ្លាំងបន្ទាប់ពីសត្វផ្សោតទឹកសាបនៅតំបន់អេកូទេសចរណ៍អន្លង់ឈើទាលឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបានងាប់ជាបន្តបន្ទាប់។

លោក  ទុំ នីរ៉ូ   អតីតនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបច្ចុប្បន្នជាប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានលើកឡើងថា៖សត្វផ្សោត Irrawaddy នៃទន្លេមេគង្គ ដែលប្រជាជនមូលដ្ឋានហៅថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានបែងចែកជាពីរក្រុមដាច់ដោយឡែកពីគ្នា។ក្នុងនោះមាន ក្រុមដែលរស់នៅតាមដងទន្លេក្នុងប្រទេសកម្ពុជានិងក្រុមដែលរស់នៅអន្លង់ឈើទាលនៃទន្លេដែលជាប់ព្រំប្រទល់រវាងខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ប្រទេសឡាវ។

លទ្ធផលនៃការសិក្សាស្រាវជ្រាវតាំងពីឆ្នាំ២០០៧ ដោយប្រើវិធីសាស្ត្រថតរូប ក្រុមស្រាវជ្រាវមិនបានឃើញសត្វផ្សោតមួយក្បាលណានៃក្រុមផ្សោតនៅអន្លង់ឈើទាលមក រួមរស់ជាមួយក្រុមផ្សោតនៅប្រទេសកម្ពុជាទេ។កាលពីទស្សវត្សន៍ឆ្នាំ១៩៩០ សត្វផ្សោតនៅអន្លង់ឈើទាលមានចំនួនសរុបរហូតដល់ ២៥ ក្បាលឯណោះ។ ចំនួននេះបានធ្លាក់ចុះមកត្រឹម៨ក្បាលក្នុងឆ្នាំ២០០៨, ៦ក្បាលក្នុងឆ្នាំ២០១២, ៣ក្បាលក្នុងឆ្នាំ២០១៩ និង២ក្បាលក្នុងឆ្នាំ២០២១។

សត្វផ្សោត១ក្បាលក្នុងចំណោមសត្វផ្សោតសរុប២ក្បាលដែលនៅសល់នោះ បានស្លាប់កាលពីថ្ងៃទី១៤ ខែមិថុនា ២០២១ កន្លងមកនេះ ចំនួនសរុបនៃសត្វផ្សោតនៅអន្លង់ឈើទាល នាពេលនេះមានតែមួយក្បាលប៉ុណ្ណោះ។ អន្លង់ឈើទាលស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។

ប្រភពបានឱ្យដឹងទៀតថាភាគច្រើននៃការស្លាប់របស់សត្វផ្សោតនៅអន្លង់ឈើទាល បង្កឡើងដោយការនេសាទប្រើឧបករណ៍មងនិងការនេសាទខុសច្បាប់ដូចជាគ្រឿងឆក់គ្រាប់បែកសប្បនិមិត្តនិងនុយដែលមានសារថាតុគីមីពុលដែលបង្កឡើងដោយអ្នកនេសាទឡាវ។

ក្រៅពីនេះ ការសាងសង់ទំនប់វារីអគ្គិសនី ដនសាហុង ដែលមានទីតាំងចម្ងាយ១,៥គមពីព្រំប្រទល់នៃខេត្តស្ទឹងត្រែងបាននិងកំពុងបង្កផលប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ទីជម្រកដែលជាអន្លង់ទឹកជ្រៅ និងជីវចម្រុះជលផល ពិសេសសត្វផ្សោត។ផ្សោតដែលបានស្លាប់នេះមានទម្ងន់សរុប១៨០គក្រ, ប្រវែង២,៣ម៉ែត្រ, ភេទញី និងពុំមានធ្មេញឡើយព្រោះធ្មេញសឹកនិងបាក់អស់។ការស្លាប់របស់សត្វផ្សោតនេះ អាចបណ្តាលមកពីវ័យចាស់ជរា៕ដោយ៖សុខុម

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *