Featured ប្លែកៗ ព័ត៌មានសង្គម សេដ្ឋកិច្ច

ដើមខ្ជែង មានគុណ​ប្រយោជន៍ សម្រាប់​យក​ស្លឹក និង​ធាង​មក​កែច្នៃ​ប្រើប្រាស់​

ស្ទឹងត្រែង៖​ដើម​ខ្ជែង គឺជា​រុក្ខជាតិ​ព្រៃ​សន្ដាន​ត្នោត មានគុណ​ប្រយោជន៍ ដែល​គេ​អាច​យក​ធាង និង​ស្លឹក របស់​វា​មក​កែច្នៃ បានជា​ច្រើន​មុខ​ដើម្បី​ប្រើប្រាស់​។​រុក្ខជាតិ​ព្រៃ​ប្រភេទ​នេះ គេ​ប្រទះឃើញ មាន​ដុះ​នៅតាម​ព្រៃរបោះ​ក្នុង​ខេត្តព្រះវិហារ​, ស្ទឹងត្រែង​, រតនៈគីរី និង​ក្រចេះ​។ ដើម​ខ្ជែង​នេះ មាន​កម្ពស់ មិន​លើសពី ១០ ម៉ែត្រ​ហើយ​ចេញ​ផ្កា​ផ្លែ ក្នុង​មួយ ជីវិត​មានតែ​ម្តងគត់​រួច ក៏បាន​ងាប់​ទៅវិញ មាន​អាយុកាល​លើសពី​មនុស្ស​យើង​។​

សហគមន៍​ជនជាតិដើម នៅ​ភូមិ​សង្កែ ឃុំ​ឆែប ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ចង​ជា​ក្រុម​យក​ទ្រាំង​ដែល​កើតចេញពី​ធាង​ដើម​ខ្ជែង មក​កែច្នៃ​ឱ្យទៅជា​ផលិតផល​អាច​លក់បាន​នៅលើ​ទីផ្សារ ដើម្បី​បាន​ប្រាក់ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។​

ស្លឹក​របស់​វា ត្រូវបាន​គេ​ប្រើ សរសេរ​ជា​ស្ត្រា​ស្លឹករឹត យក​ស្លឹក​មក​ប្រក់ផ្ទះ ត្បាញកន្ទេល​ កា​រ៉ុង និង​សម្ភារៈ​ដងទឹក​ជាដើម​។ ទ្រនុង ធាង​ប្រើ​ជា​កន្លាស់​។ រីឯ គែម សងខាង​នៃ​ធាង​ចាស់​រឹងមាំ​ហៅថា ទ្រាំង ធ្វើជា​រនាប​គ្រែ ឈើច្រត់ ដំបង ព្រួញ ស្នា ទ្រូ វែក​កូ​បាយ វែក​ឆា ចង្កឹះ និង​សម្ភារៈប្រើប្រាស់​ច្រើន​មុខ​ទៀត​។ តាម​តំបន់​ខ្លះ​គេ​យក​ទ្រាំង​ដាក់​នៅក្នុង​ផ្ទះ​លើ​ក្បាល​ដំណេក សម្រាប់​បណ្ដេញ​ព្រាយ​បិសាច​នឹង​នាំមក​នូវ​សុខ​សប្បាយ​ដល់​ក្រុមគ្រួសារ​។​

ខ្នង​នៃ​ធាង​ខ្ជែង​គេ​យកមក​ត្បាញ​ជា​កន្ទេល​ទង​សម្រាប់​ប្រើប្រាស់​។ ឬ​ស គេ​យកមក​ដុស​ចម្រោះ​យក​ទឹក​ផឹក ជួយ​ព្យាបាល ជំងឺ​គ្រុនផ្ដាសាយ កែ​អាកា​រៈ​គ្រុនក្តៅ ជួយ​បញ្ចេញ​ញើស​។ ដើម​តូច យកមក​ស្ងោរ​ផឹក ជួយ​ព្យាបាល​រោគ​ក្រពះ សម្រួល​ពោះវៀន បាន​ទៀតផង​។​សព្វថ្ងៃ​អ្នក​ផលិត ទ្រាំង ចេញពី​ដើម​ខ្ជែង​ឃើញ​មាន​ច្រើន​នៅ​ភូមិ​ជនជាតិដើម​ក្នុងស្រុក​ឆែប​ខេត្តព្រះវិហារ​។ អនុវត្ត​ដោយ​អង្គការ​កម្មវិធី​ផ្លាស់ប្ដូរ​បទពិសោធន៍​អនុផល​ព្រៃឈើ ហៅ​កាត់ NTFP-EP-​បាន​ជំនួយ​ពី​អង្គការ ទីភ្នាក់ងារ​អភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​រ​បស់​ប្រទេស​ស្វី​ស ហៅ​កាត់ SDC​ដើម្បី​ជួយ​ដល់​សហគមន៍​។​

លោក សេង សុធា មន្ត្រី​អនុវត្ត​គម្រោង​ផ្ទាល់​ជាមួយ​សហគមន៍​បាន​ឲ្យ​ដឹងថា សហគមន៍​កែច្នៃ​ចង្កឹះ​ទ្រាំង ភូមិ​សង្កែ​ស្រុក​ឆែប ខេត្តព្រះវិហារ​បច្ចុប្បន្ន​មាន​៣​ក្រុម​ដែល​សកម្ម​ក្នុង​ការផលិត​ចង្កឹះ​ទ្រាំង​លក់​។ សហគមន៍​ទាំង​នោះបាន​ចាប់​ផលិត​ចង្កឹះ​ទ្រាំង​និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេងៗ លក់​នៅ​សហគមន៍​ផ្ទាល់ និង​លក់​តាម​ប្រព័ន្ធ អន​ឡាញ ចែកចាយ​បន្ត​នេះ​ក្នុង​ខេត្ត និង​ទីក្រុង​ភ្នំពេញ ដើម្បី​បាន​ប្រាក់ចំណូល​។​ដើម​ខ្ជែង​ពីមុន សំបូរ​ណាស់ តែ​ដោយ​ការកើនឡើង​នៃ​ការពង្រីក​ផ្ទៃដី​កសិកម្ម​បច្ចុប្បន្ន ដើម​ខ្ជែង​មាន​ចំនួន​តិច​ទៅៗ​គួរ​ឲ្យ​ព្រួយបារម្ភ​។

មិនតែប៉ុណ្ណោះ ថែមទាំង​មាន ឈ្មួញ​ចូលទៅ​ទិញ​នាំ​ចេញទៅ​ក្រៅប្រទេស​កាន់តែច្រើន​ក្នុង រយៈពេល​កន្លងមកនេះ​។ ផលចំណេញ​មួយពេល​អាច​នឹង​ធ្វើអោយ​បាត់​ប្រយោជន៍​ដល់​សហគមន៍​មូលដ្ឋាន​។​អ្នកគាំទ្រ​សហគមន៍ បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ជួយ​ទិញ​ចង្កឹះ ឬ​ផលិតផល​ធ្វើ​ពី​ទ្រាំង ដែលជា​ស្នាដៃ​របស់​ខ្មែរ ដើម្បី​ចូលរួមចំណែក ក្នុង​ការជួយ​ការពារ និង​អភិរក្ស​ធន ធាន​ដែល​នៅ​សេសសល់​ឱ្យ​រស់​ឡើងវិញ​៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *