ព័ត៌មានសង្គម សេដ្ឋកិច្ច

ជប៉ុន​ប្រគល់រថយន្ត​បំពាក់​ម៉ាស៊ីនបូមទឹក​២​គ្រឿងជូន​រាជធានី​ភ្នំពេញ​​

ភ្នំពេញ​៖​រថយន្ត​បំពាក់​ដោយ​ម៉ាស៊ីនបូមទឹក​ចំនួន​២​គ្រឿង​ដែលជា​ជំនួយ​របស់​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ហៅ​JICA​ប្រចាំ​កម្ពុជា​បានប្រគល់​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​បូមទឹក​ជន់​លិច​នៅក្នុង​តំបន់​នានា​នៅក្នុង​ភ្នំពេញ​។​

នេះ​ក៏​ជា​ជំនួយ​ក្នុង​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​ដែលជា​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​។​

ពិធី​ប្រគល់​និង​ទទួល​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​១៣​កុម្ភៈ​ឆ្នាំ​២០២០​នៅ​សាលា​រាជធានី​ភ្នំពេញ​ក្រោម​វត្តមាន​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​និង​លោក​យូ​អ៊ី​ជី​ស៊ូ​ហ្កា​ណូ​ប្រធាន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុង​ពិធី​នោះ​លោក​សាំ ពិសិដ្ឋ​ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា​៖ រថយន្ត​ដែល​បំពាក់​ម៉ាស៊ីនបូមទឹក​ចំនួន​ពីរ​គ្រឿង​នេះ​ស្ថិតក្នុង​គម្រោង​ជំនួយ​ការពារ​ទឹកជំនន់​និង​ការកែលម្អរ​ប្រព័ន្ធ​លូ​នៅក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​៤​ក្រោម​ក្របខណ្ឌ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន ។

លោក​បន្តថា​៖​នេះ​គឺជា​ការផ្គត់ផ្គង់​គ្រឿងចក្រ​ជា​លើក​ទី​២​បន្ទាប់ពី​ផ្គត់ផ្គង់​រថយន្ត​បូមទឹក​សម្អាត​បណ្ដាញ​លូ​ចំនួន​៤​គ្រឿង​និង​រថយន្ត​បាញ់​លាង​សម្អាត​ចំនួន​៤​គ្រឿង​ស្ថិតក្នុង​គម្រោង​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី ៣​ក្រោម​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​ជប៉ុន​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥​។​

លោក​យូ​អ៊ី​ជី​ស៊ូ​ហ្កា​ណូ​បាន​មានប្រសាសន៍​ឱ្យដឹងថា​គម្រោង​ការពារ​ទឹកជំនន់​និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​ក្នុង​រា​ជនី​ភ្នំពេញ​ជំហាន​ទី​៤​បានចាប់ផ្តើម​ឡើង​កាលពី​ខែធ្នូ​ឆ្នាំ​២០១៨​ហើយ​គ្រោង​នេះ​នឹង​បញ្ចប់​នៅក្នុង​ខែ​១០​ឆ្នាំ​២០២១​។​លោក​បានបញ្ជាក់​ផងដែរ​ថា​៖​ទោះបីជា​យើង​បាន​ខិតខំ​បំពេញការងារ​ជុំវិញ​ការរំដោះ​ទឹកជំនន់​ចេញពី​រាជធានី​ភ្នំពេញ​យ៉ាងណាក្តី​។​

​ក្នុងឱកាស​នោះ​លោក​ឃួ​ង​ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​មានប្រសាសន៍​លើកឡើងថា​៖​រថយន្ត​ដែល​បំពាក់​ម៉ាស៊ីនបូមទឹក​ដែល​ទទួល​ពី​ជប៉ុន​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន​នៅពេលនេះ​។​

គឺ​ក្នុង​មួយគ្រឿង​មាន​សមត្ថភាព​បូមទឹក​បាន​៣០​ម៉ែត្រគុប​ក្នុង​១​នាទី​និង​ទុយោ​បង្ហៀរ​ប្រវែង​៣០០​ម៉ែត្រ​សម្រាប់​ចល័ត​បូមទឹក​ភ្លៀង​ដែល​ជន់​លិច​ហើយ​បង្ហូរ​ចូល​ប្រឡាយ​បឹង​ដែល​នៅ​ជិត​ដើម្បី​បង្ការ​កុំ​ឲ្យ​មានការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ

​លោក​អភិបាល​រាជធានី​បន្តថា​៖​ក្នុង​រថយន្ត​មួយគ្រឿង​បំពាក់​ម៉ាស៊ីនភ្លើង​និង​គ្រឿង​ម៉ាស៊ីនបូមទឹក​ចំនួន​៦​គ្រឿង​និង​ទុយោ​បង្ហៀរ​៥០​ម៉ែត្រ​សម្រាប់​ម៉ាស៊ីនបូមទឹក​នីមួយៗ​។​សម្រាប់​ប្រតិបត្តិការ​ម៉ាស៊ីនបូមទឹក​គឺអាច​បូម​ស្របគ្នា​ឬ​ដោយឡែក​ពីគ្នា​ទាំង​៦​គ្រឿង​ដែលមាន​ទុយោ​បង្ហៀរ​ចំនួន​៦​ខ្សែ​ឬក៏​អាច​បូម​បន្ត​គ្នា​ចំនួន​ពីរ​គ្រឿង​ដែលមាន​ទុយោ​ប​បង្ហៀរ​ចំនួន​៣​គ្រឿង​សម្រាប់​ទីតាំង​បង្ហូរ​ចេញ​នៅ​ឆ្ងាយ​ឬ​កន្លែង​បូម​មាន​ជម្រៅ​ជ្រៅ​៕វណ្ណា

rsc

Leave a Reply

Your email address will not be published. Required fields are marked *