ព័ត៌មានសង្គម សុខាភិបាល

ចាក់ជូនពលរដ្ឋដល់កាំជណ្តើរផ្ទះនៅខេត្តព្រះវិហារ មិនថាពេលយប់ ឬពេលថ្ងៃ

ព្រះវិហារ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារ បានរៀបចំបន្ថែមក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចល័តចុះចាក់ដល់ផ្ទះប្រជាពលរដ្ឋ នៅតាមភូមិដាច់ស្រយ៉ាល ឆ្ងាយពីមន្ទីរពេទ្យ និងឆ្ងាយពីមណ្ឌលសុខភាព មិនថាពេលថ្ងៃ ឬក៏ពេលយប់។

លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះថា ដើម្បីបង្កើនភាពសាំរបស់សហគមន៍ ប្រឆាំងជាមួយមេរោគកូវីដ១៩ មន្ទីរសុខាភិបាលខេត្ត បានរៀបចំផែនការចាក់វ៉ាក់សាំងដល់ប្រជាជននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ រួមមាន៖ មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់ក្នុងខេត្តព្រះវិហារ សម្រាប់បងប្អូនប្រជាពលរដ្ឋងាយស្រួល ស្វែងរកទីតាំងចាក់ នៅពេលពួកគាត់ដល់ពេលវេលាត្រូវចាក់។

លោកប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមការណែនាំពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល, មន្ទីរបានរៀបចំក្រុមការងារចាក់វ៉ាក់សាំងចល័តនៅតាមភូមិ ។ជាពិសេស ភូមិដែលនៅឆ្ងាយពីមន្ទីរពេទ្យ និងពីមណ្ឌលសុខភាព ដើម្បីចាក់ជូនប្រជាពលរដ្ឋដល់ផ្ទះ កុំឱ្យខាតពេលវេលាបង្ករបង្កើនផលរបស់ពួកគាត់ មិនថាពេលថ្ងៃ ឬពេលយប់។

មន្ទីរក៏បានរៀបចំក្រុមការងារចាក់វ៉ាក់សាំង ជូនអាជីវករលក់ដូរ នៅតាមផ្សារនានា និងសិស្សានុសិស្ស នៅតាមសាលារៀន ព្រមទាំងកម្មករក្រៅប្រព័ន្ធ នៅតាមក្រុមហ៊ុននិងរោងតាមសិប្បកម្មផងដែរ។

លោកវេជ្ជបណ្ឌិត គួង ឡូ ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងជំងឺកូវីដដូសទី៣ សូមអញ្ជើញទៅចាក់ឱ្យបានគ្រប់ៗគ្នា នៅតាមទីតាំងដែលមន្ទីរបានរៀបចំ ។លោកក៏ណែនាំដល់អាជ្ញាធរ មូលដ្ឋាននៅតាមភូមិឃុំនានា ក្នុងខេត្តបន្តស្រាវជ្រាវប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំង ដើម្បីឱ្យក្រុមការងារចាក់វ៉ាក់សាំង ចុះទៅចាក់ជូនគាត់ដល់ផ្ទះតែម្តង៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *