កំពង់ស្ពឺ៖កម្លាំងនគរបាលស្រុកបសេដ្ឋបានចាប់នេន៣អង្គបន្ទាប់ពីស្លៀកពាក់ជាពរដ្ឋរួចចេញប្លន់យកទូរសព្ទម៉ាក iphone និងលុយខ្មែរ២ម៉ឺនរៀលពីសង្ឃមួយអង្គបានសម្រេច។ករណីនេះបានកើតឡើងនៅវត្តស្វាយចារ្យ ឃុំស្តុក ស្រុកគងពិសីខេត្តកំពង់ស្ពឺកាលពីថ្ងៃទី១ ខែតុលាឆ្នាំ២០២២។លោក ចន សុភិត អធិការ នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា មានសង្ឃមួយអង្គព្រះនាម វ៉ាត សុខវៀត ព្រះជន្ម២០ព្រះវស្សា គង់នៅវត្តធម្មមង្គល ស្ថិតក្នុងភូមិត្រពាំងផ្លុង ឃុំភារីមានជ័យស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺបានមកដាក់ពាក្យបណ្តឹងថា កាលពីយប់ថ្ងៃទី៣០ ខែកញ្ញាមានជនសង្ស័យមួយក្រុមស្ទាក់ប្លន់យកទូរសព្ទម៉ាក iphone និងលុយខ្មែរ២ម៉ឺនរៀល ពេលដែលព្រះអង្គនិមន្តចេញពីវត្តទៅរកទិញបារី។ព្រះអង្គត្រូវបានគេវាយបណ្តាលឱ្យប៉ោងមុខ និងជាំភ្នែក។
ក្រោយទទួលបានបណ្តឹងភ្លាមៗ កម្លាំងជំនាញក៏បានស្រាវជ្រាវឈានដល់ចាប់ខ្លួនគឺមាននេន៣អង្គយកទៅសាកសួរ។ក្នុងនោះ១-នាម ផុន មករា ព្រះជន្ម១៦ព្រះវស្សា-នាម ឌឿន វណ្ណដេតព្រះជន្ម១៦វស្សានិង-នាម រឿន ធារ៉ា ព្រះជន្ម១៤ព្រះវស្សាគង់បួសរៀននៅវត្តខាងលើ។
លោកអធិការបានបន្តថា ក្រោយការសាកសួររបស់សមត្ថកិច្ចជំនាញនេនទាំង៣អង្គនេះបានសារភាពថា ពិតជាបានក្លែងខ្លួនស្លៀកពាក់ជាពលរដ្ឋប្លន់ព្រះសង្ឃ វ៉ាត សុខវៀត នោះមែន ហើយក៏វិលចូលវត្តវិញគ្រងស្បង់ធម្មតា។ កម្លាំងជំនាញក៏បានបញ្ជូនទៅមន្ទីរធម្មការ និងសាសនា ដើម្បីផ្សឹក ហើយបន្តនីតិវិធី៕
