អន្តរជាតិ៖តារាបង្ហាញម៉ូតមាឌធំដែលខឹងសម្បាម្នាក់ បាននិយាយថា នាងត្រូវបានឃាត់មិនអោយឡើងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Qatar Airwaysទៅកាន់ប្រទេសកំណើតប្រេស៊ីលរបស់នាង ដោយសារតែនាងធាត់ពេកអង្គុយលើកៅអីរបស់គេមិនបានទេ។តារាមានឥទ្ធិពលលើបណ្តាញសង្គម នាង ជូលីយ៉ាណា ណេម៉េ (Juliana Nehme) អាយុ ៣៨ ឆ្នាំឥឡូវនេះបានចោទប្រកាន់ក្រុមហ៊ុនអាកាសចរណ៍មជ្ឈិមបូព៌ាមួយនេះថារើសអើងនាងដោយសារតែមាឌរបស់នាង។នៅក្នុងសារបង្ហោះសម្រាប់អ្នកតាមដាន Instagram របស់នាង ១១៨.០០០ នាក់ នាងជូលីយ៉ាណាបាននិយាយថា នាងមិនត្រូវបានអនុញ្ញាតឱ្យឡើងយន្តហោះពីទីក្រុងបៃរូតទៅទីក្រុងដូហានៅថ្ងៃទី ២២ ខែវិច្ឆិកាទេ។
នាងបានប្រាប់អ្នកតាមដានរបស់នាងថា នាងបានទៅវិស្សមកាលនៅលីបង់ជាមួយក្រុមគ្រួសារ ហើយបានមកដល់ប្រទេសនេះតាមរយៈក្រុមហ៊ុន Air France ដោយមិនមានបញ្ហាអ្វីឡើយ។ប៉ុន្តែការបដិសេធមិនឱ្យឡើងជិះយន្តហោះត្រឡប់ទៅស្រុកវិញជើងទីមួយរបស់នាងបានន័យថា នាងក៏បន្តខកខានការបន្តជើងហោះហើរទៅទីក្រុងសៅប៉ូឡូ កន្លែងដែលនាងរស់នៅផងដែរ។នាងចូលីយ៉ាណាបាននិយាយថា ក្រុមហ៊ុន Qatar Airwaysមិនសងលុយ ៨៣០ ផោនដែលនាងបានបង់សម្រាប់ថ្លៃសំបុត្ររបស់នាងនោះទេ។
ផ្ទុយទៅវិញ តារាមានឥទ្ធិពលរូបនេះបានអះអាងថា ក្រុមហ៊ុនអាកាសចរណ៍នេះនិយាយថា នាងត្រូវទិញសំបុត្រថ្នាក់ទី១ ដែលមានកៅអីធំជាង តម្លៃ ២.៤៨០ ផោន ដូច្នេះទើបនាងអាចអង្គុយត្រូវនឹងកៅអីនៅលើយន្តហោះ។នាងចូលីយ៉ាណាបានបង្ហោះសារលើបណ្តាញសង្គមដើម្បីបញ្ចេញកំហឹង យ៉ាងដូច្នេះ “គេបដិសេធសិទ្ធិក្នុងការធ្វើដំណើរ…ខ្ញុំអស់សង្ឃឹមណាស់ ជួយខ្ញុំផង គេមិនចង់ឱ្យខ្ញុំឡើងយន្តហោះទេ ព្រោះខ្ញុំធាត់”។
ចុងបញ្ចប់នាងត្រូវស្នាក់នៅប្រទេសលីបង់ជាមួយម្តាយរបស់នាង ខណៈប្អូនស្រីនិងក្មួយប្រុសរបស់នាងបានត្រឡប់ទៅស្រុកវិញ។នាងបានប្រាប់អ្នកតាមដានរបស់នាងថា “ពិតជាអាម៉ាស់ណាស់សម្រាប់ក្រុមហ៊ុនដូចជា Qatar ដែលអនុញ្ញាតឱ្យមានការរើសអើងប្រភេទនេះប្រឆាំងនឹងមនុស្ស! ខ្ញុំធាត់ប៉ុន្តែខ្ញុំក៏ដូចអ្នកផ្សេងដែរ!”៕ប្រែសម្រួលដោយ៖សំណាង រស្មីកម្ពុជា
