ព្រះវិហារ៖ត្រាក់ទ័រមួយគ្រឿងកំពុងភ្ជួរដីចម្ការពេលយប់ក៏បានកិនចំមីនតោនបន្សល់ពីសម័យសង្គ្រាមបណ្តាលឱ្យផ្ទុះខួចខ្ទេចខ្ទីអស់ទាំងស្រុងចំណែកតៃកុងរងរបួសធ្ងន់។មន្ត្រីអាជ្ញាធរមីនបានឱ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែមករា ហេតុការណ៍ផ្ទុះមីនតោនដែលបន្សល់ទុកពីសម័យសង្គ្រាមបណ្តាលឱ្យបុរសម្នាក់ឈ្មោះសៀក គឹមហុង អាយុ២០ឆ្នាំ បានរងរបួសធ្ងន់។មុនកើតហេតុជនរងគ្រោះបានបើកត្រាក់ទ័រភ្ជួរដីចម្ការហើយក៏កិនចំមីនតោននោះបណ្ដាលឱ្យផ្ទុះតែម្ដង។ភ្លាមៗអ្នកភូមិបានជួយដឹកបុរសរងរបួសទៅមន្ទីរពេទ្យស្រុកជាំក្សាន្តដើម្បីសង្គ្រោះបន្ទាន់។
ក្នុងករណីប្រឈមនឹងឃាតកលាក់មុខនេះមន្ត្រីផ្នែកដោះមីនបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់កុំចូលទៅតំបន់ណាដែលសង្ស័យមានមីនត្រូវសាកសួរអាជ្ញាធរមូលដ្ឋានជាមុនសិនមុននឹងទៅ។កុំប៉ះពាល់ពេលឃើញមីននិងគ្រាប់មិនទាន់ផ្ទុះហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ចនិងក្រុមបោសសម្អាតមីនដែលនៅជិតទីនោះ៕
