ភ្នំពេញ៖ប្តីនិងប្រពន្ធបានជិះម៉ូតូរៀងខ្លួនចេញពីផ្សារដើមគបំណងទៅផ្ទះស្រាប់តែមានចោរមួយក្រុមជិះម៉ូតូ៣គ្រឿងមកឆក់យកកាបូបលុយបានសម្រេចរួចគេចខ្លួនបាត់អស់។ករណីបង្កការភ្ញាក់ផ្អើលនោះបានកើតឡើងនៅមុខវត្តស្ទឹងមានជ័យតាមផ្លូវព្រះមុនីរ៉េតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៥ ខែមករា។ស្ត្រីរងគ្រោះបានឱ្យដឹងថា មុនកើតហេតុពួកគាត់បានជិះម៉ូតូម្នាក់១គ្រឿងចេញពីផ្សារដើមគដោយប្តីជិះតាមក្រោយហើយស្ពាយកាបូបលុយពីចំហៀង។មកដល់កន្លែងខាងលើស្រាប់តែមានក្រុមចោរជិះម៉ូតូ៣គ្រឿងមកពីក្រោយក៏ឆក់យកកាបូបលុយពីប្តីរបស់គាត់បានសម្រេចរួចជិះម៉ូតូគេចខ្លួនបាត់អស់។
ក្នុងកាបូបនោះមានលុយចំនួនជាង១០លានរៀលនិងទូរសព្ទម៉ាក Iphone 13 មួយគ្រឿងមានទាំងឯកសារមួយចំនួនទៀត។ក្រោយកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី១ដើម្បីសុំឱ្យជួយស្វែងរកចាប់ក្រុមជនសង្ស័យទាំងនោះយកមកចាត់ការតាមច្បាប់៕
