ភ្នំពេញ៖គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានកំណត់យកល្ងាចថ្ងៃពុធទី២២ ខែមីនាឱ្យត្រៀមមើលខ្នើតខែ ដើម្បីចូលបួសតមអាហារខែរ៉ម៉ាឌនឆ្នាំ១៤៤៤ម.សឬឆ្នាំ២០២៣។នេះបើយោងតាមសេចក្តីជូនដំណឹងរបស់គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាចុះថ្ងៃទី១៥ ខែមីនាឆ្នាំ២០២៣។នៅក្នុងសេចក្តីជូនដំណឹង លោកឧកញ៉ាសុះ កំរី ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានថ្លែងថា “ជម្រាបជូនគណៈអ៊ីមាំរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណៈអ៊ីមាំមាស្ជិទ គ្រូបង្រៀនខ្មែរឥស្លាម និងបងប្អូនសាសនិកឥស្លាមជ្រាបថា នៅសល់តែប៉ុន្មានថ្ងៃទៀតតែប៉ុណ្ណោះ ខែរ៉ម៉ាឌននិងចូលមកដល់។ ក្នុងន័យនេះ ដើម្បីកំណត់កាលបរិច្ឆេទចូលបួសខែរ៉ាម៉ាឌនឆ្នាំ១៤៤៤ម.ស ២០២៣គ.ស នេះសូមបងប្អូនត្រៀមមើលខ្នើតខែនៅល្ងាចថ្ងៃពុធទី២២ ខែមីនាឆ្នាំ២០២៣។
នៅក្នុងសេចក្តីជូនដំណឹងដដែល គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា បានបន្តថា ដើម្បីគ្រប់គ្រងព័ត៌មានពាក់ព័ន្ធការពិនិត្យមើលខ្នើតខែនេះ សូមគណៈអ៊ីម៉ាំរាជធានី ខេត្ត ចាត់តាំងគណៈកម្មការឱ្យបានត្រឹមត្រូវដោយអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌតម្រូវ និងរាយការណ៍មកទីស្នាក់ការគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា តាមរយៈទីភ្នាក់ងារទទួលបន្ទុកទំនាក់ទំនងជាមួយគណៈអ៊ីម៉ាំរាជធានី ខេត្ត ឱ្យបានទាន់ពេលស្តីអំពីលទ្ធផលនិងស្ថានភាពផ្ទៃមេឃ។
គួរជម្រាបថា សេចក្តីជូនដំណឹងអំពីការកំណត់ថ្ងៃចូលបួស គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា នឹងប្រកាសជូនដល់បងប្អូនឱ្យបានជ្រាប នៅល្ងាចថ្ងៃពុធទី២២ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ៕ដោយ៖សហការី