អន្តរជាតិ៖ កងទ័ពអ៊ីស្រាអែលបានបញ្ចេញវីដេអូមួយ កាលពីថ្ងៃពុធទី៧ខែវិច្ឆិកា ជាអ្វីដែលខ្លួននិយាយថា គឺជាទីតាំងផ្លូវរូងក្រោមដីក្នុងតំបន់ហ្កាហ្សារបស់ក្រុមហាម៉ាស់បានប្រើប្រាស់ ត្រូវបានបំផ្លាញ។ វីដេអូ ត្រូវបានបង្ហោះនៅលើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុនថា Twitter បានបង្ហាញគ្រឿងចក្រជីកដី កំពុងជីកដើម្បីរកឱ្យឃើញរចនាសម្ព័ន្ធក្រោមដី។ចំណងជើងនៅលើវីដេអូ មានអំណានថា “ការបង្ហាញនិងបំផ្លាញរចនាសម្ព័ន្ធក្រោមដីរបស់អង្គការភេរវកម្មក្រុមហាម៉ាស់”។ ការផ្ទុះជាច្រើនត្រូវបានមើលឃើញពីចម្ងាយនៅក្នុងវីដេអូ។ ការបំផ្ទុះមួយនៅចន្លោះអគារ២កន្លែង ដែលនៅខាងក្នុងគឺជាអ្វីដែលត្រូវបានគេនិយាយថាជាផ្លូវរូងក្រោមដី ត្រូវបានបង្ហាញក្នុងវីដេអូ។ វីដេអូមួយផ្សេងទៀតបានបង្ហាញកងទ័ពកំពុងពិនិត្យផ្លូវរូងនៅក្នុងដី ដោយមានចំណងជើងថា “កំណត់ទីតាំងហេត្ថារចនាសម្ព័ន្ធក្រោមដី និងធនធាននៅក្នុងតំបន់ហ្កាហ្សា”។
អ្នកនាំពាក្យមេបញ្ជាការយោធាអ៊ីស្រាអែល លោក Daniel Hagari បាននិយាយកាលពីថ្ងៃពុធថា វិស្វករប្រយុទ្ធកំពុងប្រើប្រាស់ឧបករណ៍បំផ្ទុះ ដើម្បីកម្ទេចបណ្តាញផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាស់ ដែលលាតសន្ធឹងរាប់រយគីឡូម៉ែត្រនៅក្រោមតំបន់ហ្កាហ្សា។
នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ យោធានិយាយថា ខ្លួនបានបំផ្លាញច្រកចូលផ្លូវរូងក្រោមដី១៣០កន្លែងរហូតមកដល់ពេលនេះ។ វិស្វករប្រយុទ្ធ ដែលប្រយុទ្ធនៅក្នុងតំបន់ហ្កាហ្សា កំពុងកម្ទេចសព្វាវុធសត្រូវ និងកំពុងកំណត់ទីតាំងរកឱ្យឃើញ និងបំផ្ទុះច្រកចូលផ្លូវរូងក្រោមដី៕ដោយ៖សហការី