សៀមរាប៖អាជ្ញាធរជាតិអប្សរា កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹងដោយបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជម្រាបសាធារណជន មេត្តាជ្រាបថា ថ្មីៗនេះមានការចែករំលែកក្នុងប្រព័ន្ធបណ្តាញសង្គម នូវវីដេអូខ្លីថតនៅប្រាសាទអង្គរវត្ត អមដោយភ្លេងនិងរូបភាពកាត់ត បញ្ចូលផ្សេងៗដែលធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងបេតិកភណ្ឌដ៏ផូរផង់នៃកម្ពុជា។ អាជ្ញាធរជាតិអប្សរាសូមបញ្ជាក់ជូននូវករណីនេះ។១-កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ក្រុមភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា បានហាមឃាត់អ្នកទេសចរបរទេសមួយចំនួន ដែលមានបំណងថតសម្លៀកបំពាក់ច្នៃប្រឌិត ជាមួយនឹងសម្ភារមួយចំនួន។ បន្ទាប់ពីហាមមិនឱ្យប្រើប្រាស់សម្ភារនោះមក ភ្នាក់ងារ ទេសចរណ៍ក៏បានតាមពិនិត្យ និងស្នើសុំឱ្យលុបចោលរូបភាពផ្សេងៗ ដែលមានលក្ខណៈមិនសមស្រប។
ជាយថាហេតុសមាជិកក្នុងក្រុមនោះដែលបានប្រើប្រាស់ ទូរសព្ទដៃជាឧបករណ៍ថតអាចនឹងលាក់កំបាំង ហើយប្រើប្រាស់រូបភាពមួយចំនួនទាំងក្នុង និងក្រៅប្រាសាទយកមកកាត់តបញ្ចូលគ្នាទាំងសំឡេង និងរូបភាពផ្សេងៗដើម្បីផ្សព្វផ្សាយក្នុងគោលបំណងមិនល្អ។
២-ដោយសកម្មភាពជាវីដេអូឃ្លីបមានលក្ខណៈញុះញង់ក្នុងសង្គម អាជ្ញាធរជាតិអប្សរាបានស្នើសុំក្រុមហ៊ុនបណ្តាញសង្គម Tik Tok ទប់ស្កាត់ការបង្ហោះវីដេអូឃ្លីប ក៏ដូចជាសំណូមពរដល់ សាធារណជនទាំងអស់ សូមមេត្តាកុំចូលរួមចែករំលែកបន្ត។ ពីព្រោះបង្ហោះបន្តជាការគាំទ្រនូវការញុះញង់ ដល់សកម្មភាពអវិជ្ជមានទាំងនោះ។
ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរាសូមអភ័យទោស ចំពោះការខ្វះខាតខ្លះ ដែលកើតមានឡើងជាយថាហេតុ ហើយប្តេជ្ញានឹងពង្រឹងកិច្ច ការងារក្នុងការថែរក្សានូវរូបភាព ដ៏បវរនៃរមណីយដ្ឋានអង្គរបន្ថែមទៀត។
៣- អាជ្ញាធរជាតិអប្សរា សូមថ្លែងអំណរគុណដ៏ស្មោះស្ម័គ្រចំពោះស្មារតីចូលរួមរបស់សាធារណមតិទាំងអស់ ដែលបានរួមចំណែកជួយទប់ស្កាត់នូវករណីអវិជ្ជមាននានា ដែលកើតមានឡើង ក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលជាកិច្ចជួយពង្រឹងនូវតម្លៃនៃមរតកវប្បធម៌ ដែលជាដួង ព្រលឹងរបស់ជាតិ។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបអំពីបញ្ហាដែលបានកើតឡើងខាងលើ៕សហការី