ភ្នំពេញ៖ស្ពានខ្សែកាបឆ្លងពីកោះនរាមកកោះពេជ្រ នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់នាថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខ។តាមសេចក្តីជូនដំណឹងបានបញ្ជាក់ថា នៅថ្ងៃទី១៥ ខែវិច្ឆិកាឆ្នាំ២០២៣ រដ្ឋបាលរាជធានីភ្នំពេញ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានខ្សែកាបតភ្ជាប់ពីតំបន់កោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ។ស្ពាននេះស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលពិធីសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងបញ្ចៀសនូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញ នឹងផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នយានយន្តគ្រប់ប្រភេទ ដែលឆ្លងកាត់ស្ពានខ្សែកាបនេះ និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីម៉ោង២៤យប់ចូលថ្ងៃទី១៥ ខែវិច្ឆិការហូតដល់បញ្ចប់កម្មវិធី។
គួរបញ្ជាក់ថា ស្ពានខ្សែកាប តភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅគម្រោងអភិវឌ្ឍន៍កោះនរា មានប្រវែងសរុប៨២៤ម ទទឹង២៤,៥មជាស្ពានចរាចរណ៍ទ្វេរទិស។មានគន្លងសម្រាប់រថយន្តចំនួន២ទៅ និងគន្លងចំនួន២មក ដែល១គន្លងមានទទឹង៣,២៥ម និងមានគន្លង សម្រាប់ទោចក្រយានយន្ត១ទៅ និងគន្លង១មកមានទទឹង១,២៥ម សងខាង។ការសាងសង់ស្ពាននេះចំណាយថវិកាចំនួន៣៨.០០០.០០០ដុល្លារ រយៈពេលសាងសង់ ៣៥ខែ គិតពីថ្ងៃបើកការដ្ឋានកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២០។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC៕
