អន្តរជាតិ៖ប្រមុខអង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃអាទិត្យទី១២ខែវិច្ឆិកាថា មន្ទីរពេទ្យធំជាងគេបំផុតនៅក្នុងតំបន់ហ្កាហ្សា លែងដំណើរការទៀតហើយ។ អ្នកស្លាប់ក្នុងចំណោមអ្នកជំងឺកំពុងកើនឡើង ខណៈការវាយលុករបស់អ៊ីស្រាអែលកំពុងបន្តដាក់គោលដៅលើក្រុមហាម៉ាស់។ យោងតាមបុគ្គលិកពេទ្យមន្ទីរពេទ្យនៅភាគខាងជើង របស់ប៉ាឡេស្ទីនត្រូវបានឡោមព័ទ្ធរួមទាំងមន្ទីរពេទ្យអាល់ស៊ីហ្វា (al-Shifa )ត្រូវបានបិទដោយកងកម្លាំងអ៊ីស្រាអែល។ជាមួយនោះស្ទើរតែមិនអាចមើលថែទាំអ្នកដែលនៅខាងក្នុងបាន ដោយទារកទើបនឹងកើត៣នាក់បានស្លាប់នៅមន្ទីរពេទ្យស៊ីហ្វា និងជាច្រើនទៀតដែលប្រឈម ហានិភ័យពីការដាច់ចរន្តអគ្គិសនី ស្របពេលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្បែរនោះ។
អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងវាយប្រហារដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន ដែលបានបើកការវាយប្រហារយ៉ាងសាហាវនៅភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ។ពួកគេនិយាយថាក្រុមនេះមានមជ្ឈមណ្ឌលបញ្ជានៅក្រោមដី និងនៅជិតមន្ទីរពេទ្យនានា។
ប្រមុខអង្គការសុខភាពពិភពលោក លោកថេត្រូសអាត់ថាណមហ្គេប្រ៊ីយេស៊ូស ( Tedros Adhanom Ghebreyesus) បាននិយាយថា អង្គការសុខភាពពិភពលោកអាចនិយាយទៅកាន់អ្នកជំនាញសុខភាពនៅមន្ទីរពេទ្យស៊ីហ្វា ដែលបានពណ៌នាអំពីស្ថានភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ដោយមានការបាញ់ស្រោច និងការទម្លាក់គ្រាប់បែកបន្ថែមលើស្ថានភាពធ្ងន់ធ្ងររួចទៅហើយ។
លោក Tedros បានចូលរួមជាមួយមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិផ្សេងទៀត ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់។លោកបានបន្តថា ពិភពលោកមិនអាចនៅស្ងៀមទៀតទេ ខណៈមន្ទីរពេទ្យនានាដែលគួរតែជាជម្រកប្រកបដោយសុវត្ថិភាព ត្រូវបានក្លាយជាកន្លែងមរណៈ ការបំផ្លិចបំផ្លាញនិងភាពឣស់សង្ឃឹម៕ដោយ៖សហការី